នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក ស្រេតថា ថាវីស៊ីន បានស្នើឱ្យកងកម្លាំងប្រដាប់អាវុធពន្យារពេលលើផែនការលទ្ធកម្មអាវុធនៅក្នុងឆ្នាំ2024 ការដែលធ្វើបែបនេះ គឺរដ្ឋាភិបាលអាចចំណាយថវិកាជាតិនាបច្ចុប្បន្ន ទៅជួយអ្នកដែលត្រូវការជំនួយបំផុតវិញ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមប្រភពមួយបាននិយាយប្រាប់កាសែត បាងកកប៉ុស្តិ៍ កាលពីថ្ងៃច័ន្ទថា លោក ស្រេត ថា បានបញ្ជាឱ្យពន្យាពេល។ ដោយប្រភពដដែលនេះបញ្ជាក់ថា “នាយករដ្ឋមន្ត្រីចង់ឱ្យថវិកាត្រូវបានចំណាយលើកិច្ចខិតខំប្រឹងប្រែងជាបន្ទាន់ដើម្បីជួយប្រជាជនជាចម្បង ហើយចំពោះថវិកាដែលបានអនុម័តរួចទៅហើយនោះ ក៏មិនត្រូវបានផ្លាស់ប្តូរនោះទេ” វាគ្រាន់តែមិនទាន់ដល់ពេលដែលធ្វើវាប៉ុណ្ណោះ ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Sutin Klunsang និងអគ្គលេខាធិកានាយករដ្ឋមន្រ្តី Prommin Lertsuridej ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ ដើម្បីសុំឱ្យពន្យារពេលលទ្ធកម្មអាវុធសម្រាប់ឆ្នាំសារពើពន្ធ 2024
មេបញ្ជាការកងទ័ពអាកាសថៃ (RTAF) ដែលទើបតែងតាំងថ្មី ACM Phanphakdee Phatthanakul បានបញ្ជាក់ថា រដ្ឋាភិបាលបានស្នើឱ្យកងកម្លាំងប្រដាប់អាវុធផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយគ្រោះមហន្តរាយធម្មជាតិ ដូចជាទឹកជំនន់ ភ្លើងឆេះព្រៃ និងបញ្ហាអ័ព្ទជាដើម។
ឆ្លៀតក្នុងឳកាសនេះ លោក ACM Phanphakdee ក៏បានច្រានចោលរបាយការណ៍ដែលបាននិយាយថា RTAF គ្រោងនឹងទិញយន្តហោះចម្បាំង Gripen បីគ្រឿងពីស៊ុយអែត ដើម្បីបន្ថែមទៅកងយន្តហោះរបស់ខ្លួននៅ Wing 7 ក្នុងខេត្ត Surat Thani បន្ទាប់ពីសហរដ្ឋអាមេរិកបដិសេធមិនលក់យន្តហោះចម្បាំង F-35A របស់ខ្លួន។
បើយោងតាម ប្រភព RTAF បាននិយាយថា កងទ័ពអាកាសបានទិញយន្តហោះចម្បាំង Gripen ចំនួន ១២ គ្រឿងរួចមកហើយ ប៉ុន្តែវាក៏បានបាត់បង់មួយគ្រឿងក្នុងឧប្បត្តិហេតុមួយ ប្រភពមួយនេះក៏បានបន្ថែមថា យន្តហោះចម្បាំង Gripen នីមួយៗមានតម្លៃប្រហែល ២ ពាន់លានបាត។
ប្រភពដដែលបានឲ្យដឹងទៀតថា RTAF នឹងមិនស្វែងរកការទិញយន្តហោះចម្បាំងក្នុងឆ្នាំសារពើពន្ធ 2024 នោះដែរ ដោយមូលហេតុ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសមិនទាន់អំណោយផល។
ទោះបីជាយ៉ាងណាក៏ដោយខាង RTAF នឹងពិចារណាលើការទិញយន្តហោះចម្បាំងថ្មីក្នុងឆ្នាំសារពើពន្ធ 2025 ដដែល។ ដោយមេបញ្ជាការកងទ័ពអាកាសថៃ (RTAF)បាននិយាយថា “តើយន្តហោះចម្បាំង [ដែលនឹងត្រូវបានទិញនៅឆ្នាំសារពើពន្ធ 2025] អាចនឹងក្លាយជាយន្តចម្បាំង Gripen ឬ F-16 នោះគឺយើងនៅមិនទាន់ដឹងនៅឡើយ។
លោក ACM Phanphakdee បាននិយាយបន្ថែមទៀតថា ទោះជាការបញ្ជាទិញត្រូវបានបញ្ជាទិញយ៉ាងណាក្តី តែនៅទីបំផុត RTAF ចាំបាច់ត្រូវតែទិញយន្តហោះចម្បាំងថ្មី ដើម្បីជំនួសកងនាវាចាស់របស់ខ្លួន ដែលជាយន្តហោះចម្បាំង F-16 គឺមានមូលដ្ឋាននៅ Wing 1 ក្នុងខេត្ត Nakhon Ratchasima ដែលយើងនឹងត្រូវបញ្ឈប់វាជាបណ្តើរៗនៅចន្លោះឆ្នាំ 2028 និង 2031។
មេបញ្ជាការ RTAF បាននិយាយថា “RTAF នឹងបង្ហាញផែនការលទ្ធកម្មក្នុងឆ្នាំសារពើពន្ធ 2025 ហើយនឹងធានាថាប្រាក់របស់អ្នកជាប់ពន្ធនឹងត្រូវបានចំណាយក្នុងផលប្រយោជន៍ល្អបំផុតរបស់ប្រទេស និងសម្រាប់ជាប្រយោជន៍ដល់ការការពារជាតិ”។
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃក៏បានកោតសរសើរនៅទឹកចិត្ត របស់ RTAF ថាពិតជាការសម្រេចចិត្តដែល គួរតែធ្វើជាគំរូសម្រាប់កងទ័ព និងកងទ័ពជើងទឹក ដោយលោកបានបន្ថែមថា វានឹងល្អបំផុតប្រសិនបើកងទ័ព និងកងទ័ពជើងទឹកធ្វើតាម។
លោកបានបន្ថែមថា ជារៀងរាល់ឆ្នាំ កងកម្លាំងប្រដាប់អាវុធត្រូវបានផ្តល់ថវិកាយ៉ាងសំខាន់ដោយរដ្ឋាភិបាល។ លោកបាននិយាយថា “ការសម្រេចចិត្តរបស់ RTAF ក្នុងការកាត់បន្ថយការចំណាយ ឬពន្យារពេលគម្រោងលទ្ធកម្មរបស់ខ្លួនគឺពិតជាគួរឱ្យសរសើរ”។