ភាគហ៊ុនរបស់ក្រុមហ៊ុន China Evergrande Group បានមានការកើនឡើងនៅពេលដែលពួកគេបន្តការជួញដូរក្នុងទីក្រុងហុងកុង ពោលគឺបន្ទាប់ពីការផ្អាករយៈពេលពីរថ្ងៃ ដើម្បីប្រកាសថាស្ថាបនិកនិងជាប្រធានក្រុមហ៊ុន លោក Hui Ka-yan ត្រូវបានដាក់នៅក្រោមអ្វីដែលគេហៅថា “វិធានការចាំបាច់” ដោយក្រុមប៉ូលីសនៅក្នុងប្រទេសចិនដីគោក នេះបើយោងតាមការចុះផ្សាយរបស់កាសែតចិននៅពេលព្រឹក កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។
ភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យធំជាងគេទីពីរនៅប្រទេសចិនដែលមានឈ្មោះថា Evergrande បានកើនឡើង 9.4 ភាគរយ ឬស្មើរនឹង 35 សេនដុល្លាហុងកុងភ្លាមៗ នៅពេលដែលការជួញដូររបស់វា ត្រូវបានគេចាប់ផ្តើមឡើងវិញ តែអ្វីដែលធ្វើឲ្យមានការភ្ញាក់ផ្អើរនោះ គឺភាគហ៊ុនរបស់ក្រុមហ៊ុនអចលនទ្រព្យដែលធ្លាប់តែមានការធ្លាក់ចុះនោះ បែជាទទួលបាននូវការកើនឡើងរហូតដល់ 28 ភាគរយក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។ បើគិតត្រឹមថ្ងៃបិទបញ្ជីចុងក្រោយនៃភាគហ៊ុនរបស់អង្គភាពសេវាកម្មអចលនទ្រព្យ Evergrande គឺបានកើនឡើង 6.8 ភាគរយ បើគិតជាតម្លៃទឹកប្រាក់វិញគឺកើនដល់ 63 សេនហុងកុង។
បើទោះជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen បាននិយាយថា យើងធ្លាប់ទទួលបាននូវការជូនដំណឹងដោយអាជ្ញាធរពាក់ព័ន្ធនៅក្នុងប្រទេសចិនថា លោក Hui ត្រូវបានទទួលរងនូវវិធានការចាំបាច់ នេះបើយោងតាម ឯកសារផ្លាស់ប្តូរ តែវាក៏មិនបានបញ្ជាក់លម្អិតនោះទេ។ អ្នកវិភាគបាននិយាយថា ពាក្យនេះអាចរួមបញ្ចូលការឃុំខ្លួនក្នុងផ្ទះ ក្នុងចំណោមពាក្យផ្សេងទៀត នៅក្នុងបទប្បញ្ញត្តិនៃច្បាប់ក្នុងតំបន់។