ប៉ូលីសបានចាប់ខ្លួនក្មេងប្រុសអាយុ 14 ឆ្នាំម្នាក់ បន្ទាប់មានការប្រហារមួយបានកើតឡើងនៅក្នុងផ្សារទំនើប Siam Paragon ដោយបានសម្លាប់មនុស្ស 3 នាក់ និងបួននាក់ទៀតរងរបួសកាលពីរសៀលថ្ងៃអង្គារ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។
ឧបទ្ទវហេតុដែលបានកើតឡើងនៅម៉ោងប្រហែល ៤ និង ២០ នាទីល្ងាច វាក៏បានធ្វើឲ្យមនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្សារទំនើបក្នុងសង្កាត់ Pathum Wan លើផ្លូវ Rama I កណ្តាលក្រុងបាងកក។ ការកើតហេតុនោះត្រូវបានសាក្សីម្នាក់និយាយប្រាប់ក្រុមអ្នកកាសែតថា គាត់បានឮស្នូរកាំភ្លើងជាង១០គ្រាប់។
លោក Yuthana Srettanan នាយកមជ្ឈមណ្ឌលសង្គ្រោះបន្ទាន់ Erawan បាននិយាយថា ក្នុងចំណោមអ្នករងរបួស មានជនបរទេស៣នាក់ រួមទាំងជនបរទេសម្នាក់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ King Chulalongkorn Memorial និងម្នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Police General ។
ខាងក្រុមប្រតិបត្តិការពិសេសរបស់ប៉ូលិសថៃ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់នោះ។ នៅវេលាម៉ោងប្រហែល៥ និង ១០ នាទីល្ងាច ឃាតកររូបនោះត្រូវបានប៉ូលីសចាប់ខ្លួននៅសណ្ឋាគារ Siam Kempinski ដែលនៅជិតទីក្រុងបាងកក។
បើយោងតាមរយៈវីដេអូ និងរូបភាពដែលបង្ហោះលើបណ្តាញសង្គមបានបង្ហាញពីបុរសម្នាក់ ដែលពាក់អាវខ្មៅ និងខោក្បាំងកាន់កាំភ្លើងវែង។
យោងតាមរបាយការណ៍ក្នុងស្រុកបានឱ្យដឹងថា ច្រកចូល និងច្រកចេញនៃផ្សារទំនើបគឺត្រូវបានបិទ។ ហើយចំណែកឯផ្លូវ BTS Skyway ក៏ត្រូវបានបិទជាបណ្តោះអាសន្នផងដែរ ចំពោះរថភ្លើងដែលដំណើរគឺមិនអនុញ្ញាតឲ្យឈប់នៅស្ថានីយ៍ Siam BTS នោះទេ។
បន្ទាប់ពីនាយករដ្ឋមន្ត្រី លោក ស្រេតថា ថាវីស៊ីនទទួលបាន នូវព័ត៌មានមួយនេះ លោកក៏បញ្ជាឲ្យ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ តុប សាក់ ស៊ុកវិមុល ធ្វើដំណើរទៅកាន់កន្លែងកើតហេតុដោយផ្ទាល់ថែមទៀតផង។
គួររំលឹកថា ការបាញ់ប្រហារនេះកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃថ្ងៃបង្ហូរឈាមមួយដ៏បំផុតក្នុងប្រវត្តិសាស្ត្រថៃតែប៉ុណ្ណោះ។ ដោយកាលនោះគឺមានកាលវាយប្រហារមួយបានសម្លាប់កុមារអស់២៤នាក់ និងមនុស្សចាស់ ១២ នាក់។
បើយោងតាមព្រឹត្តិការណ៍ដែលកើតឡើង ប្រទេសថៃគឺជាប្រទេសមួយដែលមានអត្រាអ្នកប្រើប្រាស់កាំភ្លើងខ្ពស់បំផុត ទាំងការប្រើអំពើហិង្សាទាំងតូច និងធំ។
នៅក្នុងឆ្នាំ ២០២០ អតីតមន្ត្រីយោធាម្នាក់បានចូលប្រឡូកក្នុងផ្សារទំនើបមួយក្នុងខេត្ត Nakhon Ratchasima ដោយពេលនោះគាត់បានសម្លាប់មនុស្សប្រមាណ ២៩ នាក់ និងរបួសជាច្រើននាក់។
ក្នុងខ្សែវីដេអូ CCTV បានបង្ហាញថា ប៉ូលិសចាប់ខ្លួនជនសង្ស័យជាខ្មាន់កាំភ្លើងអាយុ ១៤ ឆ្នាំម្នាក់នៅជាន់ទី ៣ នៃសណ្ឋាគារ Siam Kempinski Hotel Bangkok ជាប់នឹង Siam Paragon កាលពីរសៀលថ្ងៃអង្គារ។ តើក្មេងប្រុសជំទង់រូបនោះគឺជាជនដៃដុលមែនឬ?