កាលពីថ្ងៃអង្គារ៍មានរថយន្តក្រុងមួយគ្រឿងបានដឹកអ្នកទេសចរណ៍ទៅកាន់កន្លែងបោះជំរុំ ហើយវាក៏បានធ្លាក់ពីលើស្ពានអាកាសនៅជិតទីក្រុង Venice ភាគខាងជើងប្រទេសអ៊ីតាលី បន្ទាប់មករថយន្តនោះបានឆាបឆេះភ្លាមៗ។ ព័ត៌មានបឋមបានឲ្យដឹងថា ឩប្បតិវហេតុនោះបានបណ្តាលឲ្យមានមនុស្ស ២១ នាក់បាត់បង់ជីវិត និង ១៨ នាក់ផ្សេងទៀតបានរងរបួស ដោយក្នុងនោះគឺមានកុមារ២នាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៣ ខែតុលា ឆ្នាំ២០២៣។
ចំពោះមូលហេតុនៃគ្រោះថ្នាក់មួយនេះ ខាងអាជ្ញាធររបស់អ៊ីតាលីនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ ប៉ុន្តែខាងសមាជិកក្រុមប្រឹក្សាក្រុង Venice លោក Renato Boraso បាននិយាយថា ការស៊ើបអង្កេតមួយបានបង្ហាញថា អ្នកបើកបរដែលជាជនជាតិអ៊ីតាលី មានអាយុ 40 ឆ្នាំ ដែលស្ថិតក្នុងចំណោមអ្នកស្លាប់នោះ បានធ្លាក់ខ្លួនឈឺមុនថ្ងៃដែលបើកបរនោះទៅទៀត។
លោក Boraso បានប្រាប់ទូរទស្សន៍ Sky Italia ថា “វាជាសោកនាដកម្មដ៏គួរឱ្យភ័យខ្លាច សម្រាប់ទីក្រុងគឺកំពុងតែកាន់ទុក្ខ” ។
លោកបានបន្តថា រថយន្តដឹកអ្នកដំណើរចំនួន ៤០នាក់ ក្នុងនោះ ២១នាក់បានស្លាប់ និង ១៨នាក់រងរបួស។ លោកបានបន្ថែមថា ចំនួនអ្នកស្លាប់អាចនិងកើនឡើង ដោយសារតែអ្នករបួសជាច្រើននាក់ កំពុងស្ថិតក្នុងស្ថានភាពដ៏ធ្ងន់ធ្ងរ។
បើយោងតាមក្រុមមន្ត្រីវិញបាននិយាយថា រថយន្តនេះបានធ្លាក់នៅកំពស់ប្រហែល 15 ម៉ែត្រ (50 ហ្វីត) ហើយទៅប៉ះលើខ្សែភ្លើង ទើបបង្ករឲ្យមានការឆាបឆេះបានកើតឡើង។ គ្រោះថ្នាក់នេះវាបានកើតឡើងនៅវេលាម៉ោងប្រហែល 7:45 នាទីយប់ ម៉ោងក្នុងស្រុក (1745 GMT) ។
អភិបាលក្រុង Venice បានបង្ហោះនៅលើ X ដែលពីមុនគេស្គាល់ថា ក្នុងចំណោមអ្នកដំណើរគឺមានជនរងគ្រោះ ៥ នាក់ជាជនជាតិអ៊ុយក្រែន និងម្នាក់ជាជនជាតិអាល្លឺម៉ង់។
ចំនែកខាងទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA បានរាយការណ៍ថា រថយន្តក្រុងនេះគឺដឹកអ្នកដំណើរមកពីប្រទេសបារាំង និងក្រូអាត។
នៅយប់ថ្ងៃកើតហេតុ ទូរទស្សន៍ក្នុងស្រុកបានផ្សាយថា៖ រថយន្តក្រុងត្រូវបានខ្ទេចទាំងស្រុង ជាហេតុនាំឲ្យអ្នកពន្លត់អគ្គីភ័យមានការពិបាកក្នុងការយកសាកសពចេញពីទីនោះ។ ការដែលក្រុមអ្នកពន្លត់អគ្គីភ័យខំប្រឹងរើបំណែកនៃរថយន្ត គឺដើម្បីប្រាកដថា វាមិនមានអ្នកដំណើរជាប់នៅខាងក្នុងទៀតទេ។
នាយករដ្ឋមន្រ្តី Giorgia Meloni បានសម្តែងការរំលែកទុក្ខរបស់លោកស្រីដោយនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងខួរក្បាលរបស់របស់រដ្ឋាភិបាលនាពេលនេះគឺកំពុងតែនៅជាមួយ “ជនរងគ្រោះ គ្រួសារ និងមិត្តភក្តិរបស់ពួកគេ” ។
គួរបញ្ជាក់ថាប្រទេសអ៊ីតាលីបានរងគ្រោះដោយគ្រោះថ្នាក់រថយន្តក្រុង គឺធ្លាប់បានសម្លាប់មនុស្សជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ព្រោះកាលពីឆ្នាំ 2017 មនុស្ស 16 នាក់នៅលើឡានក្រុងដែលដឹកនិស្សិតហុងគ្រីបានស្លាប់នៅក្នុងឧបទ្ទវហេតុមួយនៅជិតទីក្រុង Verona ភាគខាងជើង ខណៈមនុស្ស 40 នាក់បានស្លាប់ក្នុងឆ្នាំ 2013 នៅពេលដែលរថយន្តក្រុងបានធ្លាក់ពីលើផ្លូវនៅភាគខាងត្បូងនៃប្រទេសអ៊ីតាលី។