ក្រុមមន្ត្រីរបស់ប្រទេសឥណ្ឌាបាននិយាយថា យ៉ាងហោចណាស់ បុគ្គលិកកងទ័ពឥណ្ឌា 23 នាក់បានបាត់ខ្លួននៅក្នុងរដ្ឋ Sikkim ភាគឦសាន បន្ទាប់ពីមានការផ្ទុះឡើងនៃទឹកជំនន់ភ្លាមៗ នេះបើយោងតាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣។
ទឹកជំនន់ភ្លាមៗនេះបានកើតឡើងនៅផ្នែកភាគខាងលើនៃបឹងមួយនៅរដ្ឋ Sikkim ដែលបណ្តាលឱ្យអាជ្ញាធរមានការព្រួយបារម្ភកាន់តែខ្លាំង ព្រោះទីនោះគឺនៅជិតទន្លេ Teesta ក្នុងជ្រលង Lachen ។
បើយោងតាមការរាយការរបស់ទីភ្នាក់ងារ BBC បាននិយាយថា ស្ថានភាពនៅទីនោះនាពេលនេះ គឺកាន់តែអាក្រក់ទៅៗ បន្ទាប់ពីទឹកកាន់តែកើនឡើង ដោយវាបានបញ្ចេញទឹកចេញពីទំនប់ក្បែរនោះចូលទៅក្នុងទន្លេ។
ចំនែកឯខាងក្រុមមន្ត្រីបាននិយាយថា រថយន្តរបស់កងទ័ពមួយចំនួនត្រូវបានលិចក្រោមជម្រាលភ្នំ។
ដោយក្នុងនោះក្រសួងការពារជាតិឥណ្ឌាបានប្រាប់ BBC ថា ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះត្រូវបានចាប់ផ្តើម ហើយយើងក៏កំពុងរង់ចាំព័ត៌មានបន្ថែម។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះក៏កំពុងដំណើរការផងដែរនៅក្នុងផ្នែកផ្សេងទៀតនៃរដ្ឋ ខណៈដែលសង្កាត់ទាំងមូលត្រូវបានជន់លិចបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ ដើម្បីជាសុវត្តិភាពអាជ្ញាធរបានជម្លៀសប្រជាជនចេញពីទីនោះជាបណ្តោះអាសន្ន។
បច្ចុប្បន្នខាងអាជ្ញាធរបានចាប់ផ្តើមជម្លៀសប្រជាជនចេញពីតំបន់ទំនាបមុនគេ។ ព្រោះនៅក្នុងតំបន់ទំនាបត្រូវបានគេរាយការណ៍ថា ស្ពានចំនួនពីរដែលតភ្ជាប់តំបន់ភាគខាងជើងជាមួយរដ្ឋផ្សេងទៀតត្រូវបានទឹកហូរនាំទៅ ដែលជាហេតុធ្វើឲ្យមានផលប៉ះពាល់ដល់សេវាកម្មដឹកជញ្ជូនយ៉ាងធ្ងន់ធ្ងរ។
នៅក្នុងរដ្ឋហិម៉ាឡៃយ៉ាន ត្រូវបានអ្នកជំនាញព្យាករណ៍ថា វាជាកន្លែងដែលងាយនឹងគ្រោះដោយទឹកជំនន់ និងគ្រោះធម្មជាតិជាងគេ។ ព្រោះកាលពីឆ្នាំមុន ទឹកជំនន់ដ៏ធ្ងន់ធ្ងរក្នុងរដ្ឋមួយនេះបានធ្វើឲ្យមនុស្សរាប់ម៉ឺននាក់ផ្លាស់ទីលំនៅ ហើយវាក៏បានសម្លាប់មនុស្សយ៉ាងតិច ២៤នាក់។