សហរដ្ឋអាមេរិក កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការកើនឡើងនៃការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ី ទៅកាន់កំពង់ផែចិនតាមរយៈផ្លូវសមុទ្រខាងជើង (តំបន់ប៉ូលអាកទិក) វាគឺជាសញ្ញានៃការបង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុងប៉េកាំង និងទីក្រុងមូស្គូ ខណៈដែលរុស្ស៊ីកំពុងតែប្រឈមមុខនឹងទណ្ឌកម្មរបស់លោកខាងលិច ជុំវិញការលុកលុយទៅលើប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៤ ខែតុលា ឆ្នាំ២០២៣។
លោក John Kirby អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសម្រាប់ការទំនាក់ទំនងជាយុទ្ធសាស្ត្រ កាលពីថ្ងៃអង្គារ៍ លោកបានធ្វើសន្និសិតមួយ ដើម្បីជាការឆ្លើយតបទៅនឹងសំណួររបស់ VOA ក្នុងអំឡុងពេលមានប្រជុំនៅសេតវិមាន។
លោកបានមានប្រសាសន៍ថា នៅឆ្នាំនេះ មានការដឹកជញ្ជូនប្រេងពីរុស្សី ប្រហែលរាប់សិបគ្រឿង ដោយប្រើកប៉ាល់រុស្ស៊ី ទៅកាន់ប្រទេសចិន តាមរយៈ នាវាមួយដែលមានឈ្មោះថា NSR វាបានធ្វើដំណើរតាមឆ្នេរសមុទ្ររុស្ស៊ី ពីសមុទ្រ Barents ទៅច្រកសមុទ្រ Bering។ ការដឹកជញ្ជូននេះបានចាប់ផ្តើមកាលពីឆ្នាំមុនមកម្ល៉េះ ដោយពួកគេបានធ្វើការដឹកជញ្ជូនប្រេងតាមរយៈតំបន់អាកទិក ដែលយើងដឹងថាវាជាតំបន់ប៉ូលខាងជើងនៃផែនដី ដើម្បីទៅប្រទេសចិន។
បើទោះជាដឹងថា រាល់ប្រទេសដែលមានទំនាក់ទំនងខាងផ្នែកពាណិជ្ជកម្មជាមួយនឹងរុស្ស៊ី ពួកគេនឹងទទួលនូវទណ្ឌកម្មសេដ្ឋកិច្ចពីពួកលោកខាងលិចក៏ដោយ។ ប៉ុន្តែចិននៅតែមានឆន្ទៈក្នុងការទិញប្រេងឆៅពីរុស្ស៊ី ដោយទីក្រុងម៉ូស្គូកំពុងបើកទ្វារតំបន់អាក់ទិករបស់ខ្លួនសម្រាប់ទីក្រុងប៉េកាំងតែមួយគត់។
លោក John Kirby បានប្រាប់ VOA ថា៖ «ធនធានដែលពីមុនបានហូរទៅអឺរ៉ុប ឥឡូវត្រូវបានបង្វែរទៅអាស៊ីវិញម្តង ជាពិសេសនោះគឺប្រទេសចិន»។
ការដែលរុស្ស៊ីធ្វើបែបនេះ វាគឺជាជម្រើសតែមួយគត់សម្រាប់ទីក្រុងម៉ូស្គូ ក្នុងការដឹកជញ្ជូនប្រេង តាមរយៈនាវា NSR ព្រោះជាជានាវាដែលធ្វើដំណើរបានលឿន ជា 30% បើធៀបនឹងនាវាធម្មតា។ ម្យ៉ាងវិញទៀត វាមានសមត្ថភាពឆ្លងកាត់ព្រែកជីកស៊ុយអេ កាន់តែងាយស្រួល បើទោះជាមានការប្រែប្រួលអាកាសធាតុ ពោលបើទោះជាវាត្រូវធ្វើដំណើរឆ្លងកាត់តំបន់ដែលមានដុំទឹកកតិចតួច។
ជាក់ស្តែងការកើនឡើងនៃចរាចរណ៍មួយនេះគឺវាធ្វើឲ្យមានហានិភ័យដល់បរិស្ថានខ្ពស់ ជាពិសេសនៅពេលដែលទីក្រុងម៉ូស្គូបានប្រកាសថា ខ្លួននឹងចាប់ផ្តើមប្រើប្រាស់នាវាដឹកប្រេងដែលមិនមែនជាប្រភេទសម្រាប់ទប់ទល់ដុំទឹកកក។ ចំពោះកប៉ាល់ដែលមានសំបកខាងក្រៅ ដែលមិនត្រូវបានពង្រឹងដើម្បីប្រឆាំងនឹងទឹកកក តែបែរជាយកទៅដឹកជញ្ជូនប្រេងឆ្លងកាត់តំបន់អាក់ទិកវាប្រាកដណាស់នឹងបង្ករឲ្យមានបញ្ហា។
លោកស្រី Rebecca Pincus នាយកវិទ្យាស្ថាន Polar នៅមជ្ឈមណ្ឌល Wilson បានប្រាប់ VOA ថា “ប្រសិនបើមានការកំពប់ណាមួយបានកើតឡើងនៅតំបន់អាកទិកខាងកើតរបស់រុស្ស៊ី នោះវាហូរឆ្ពោះទៅសហរដ្ឋអាមេរិកភ្លាមៗ”។ ហើយ”ប្រេងនឹងអណ្តែតឆ្លងកាត់ព្រំដែនអន្តរជាតិ ដែលជាហេតុនាំឲ្យមានការគម្រាមកំហែងដល់ស្ថាន ដូច្នេះហើយរឿងនេះវាពិតជាគួរឱ្យព្រួយបារម្ភបំផុត”។
បើយោងតាមទិន្នន័យកន្លងមក ជាមធ្យមភាគឆ្នាំ 2022 ការនាំចូលប្រេងរបស់ចិនពីរុស្ស៊ីបានកើនឡើងដល់ 23% ឬស្មើនឹង 400,000 បារ៉ែលក្នុងមួយថ្ងៃ។
លោក John Kirby ក៏ធ្វើការជំរុញឱ្យទីក្រុងប៉េកាំងគោរពតាមការកំណត់នៃតម្លៃប្រេង $60/barrel លើប្រេងរុស្ស៊ីដែលដាក់ដោយសម្ព័ន្ធមិត្តលោកខាងលិច បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យជួញដូរបានបង្ហាញថា ប្រេងឆៅរុស្ស៊ីបច្ចុប្បន្នកំពុងលក់ក្នុងតម្លៃប្រហែល 80 ដុល្លារក្នុងមួយបារ៉ែល ដែលជំរុញឱ្យរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen ទទួលស្គាល់កាលពីសប្តាហ៍មុនថាប្រសិទ្ធភាពនៃតម្លៃប្រេងអាចនឹងត្រូវធ្លាក់ចុះ។