ការ​វាយ​ប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​សម្លាប់​មនុស្ស​៥១​នាក់​ក្នុង​ពិធី​បុណ្យ​សព​ក្នុង​ប្រទេស​អ៊ុយក្រែន

រុស្ស៊ីបានបើកការវាយប្រហារកលើភូមិ Hroza ភាគអាគ្នេយ៍នៃទីក្រុង Kharkov ហើយវាបានសម្លាប់មនុស្សយ៉ាងហោចណាស់ 51 នាក់ រួមទាំងក្មេងប្រុសអាយុ 8 ឆ្នាំម្នាក់ផងដែរ ។ បើយោងតាមការរៀបរាប់របស់អ្នក​ភូមិ​បាន​ឲ្យដឹងថា ​កាំជ្រួច​មួយ​បាន​វាយប្រហារ​នៅ​ម៉ោង ១៥ និង ១៥ នាទី (ម៉ោង​ក្នុង​តំបន់) នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា ការវាយប្រហារលើកនេះគឺមិនមានគោលដៅយោធានៅក្នុងតំបន់នោះទេ គឺមានតែជនស៊ីវិលតែប៉ុណ្ណោះ។ លោក​បានមានប្រសាសន៍ទៀត​ថា អ្នក​រាល់​គ្នា​ដែល​បាន​ស្លាប់​នៅក្នុងការវាយប្រហារនោះគឺសុទ្ធតែ​ជា​អ្នក​ភូមិ ហើយ​ការស្លាប់នោះផងដែរ វាស្មើរនឹង ២០% នៃប្រជាជនក្នុងភូមិសរុប។

បើយោងតាម Interfax Ukraine បានរាយការណ៍ថាកាលពីល្ងាចថ្ងៃព្រហ្បតិ៍ថា អ្នកភូមិខាងលើនេះ បានទៅចូលរួមពិធីបុណ្យសព របស់ទាហ៊ានអ៊ុយក្រែនម្នាក់។ សារព័ត៌មានបាននិយាយទៀតថា ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ី មកលើភូមិនេះគឺសុទ្ធសឹងតែជាក្រុមគ្រួសារ សាច់ញារបស់សពដែលស្ថិតក្នុងចំណោមអ្នកដែលត្រូវបានសម្លាប់។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាននិយាយថា ទង្វើនេះ “គឺមិនស្មើរនឹងសត្វតិរិច្ឆានផង” ព្រោះអ្នកស្លាប់គឺសុទ្ធតែជាជនស៊ីវិលធម្មតាគ្មានអាវុធនៅក្នុងដៃនោះទេ។

លោក​បាន​ចោទ​រុស្ស៊ី​ថា​បាន​កំណត់​គោលដៅ​ភូមិ​ដោយ​ចេតនា ខណៈ​មនុស្ស​ប្រមូល​ផ្តុំ​គ្នា​សម្រាប់​ពិធីបុណ្យ ។

លោក​បាន​មាន​ប្រសាសន៍​ថា “តើ​អ្នក​ណា​អាច​បាញ់​កាំជ្រួច​ទៅ​លើ​ពួក​គេ? នរណា? មាន​តែ​អំពើពួកដែលប្រព្រឹតអំពើ​អាក្រក់តែប៉ុណ្ណោះ”។

បើយោងតាមរយៈអ្នកជំនាញភូមិសាស្ត្រ បាននិយាយថា ស្រុក Kupyansk ដែលមានរងគ្រោះមួយភូមិនេះវាជាផ្នែកមួយនៃតំបន់ជួរមុខក្នុងការប៉ះទង្គិចគ្នារវាងកងទ័ពរុស្ស៊ី និងអ៊ុយក្រែន ចាប់តាំងពីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើមការលុកលុយទ្រង់ទ្រាយធំរបស់គាត់កាលពីខែកុម្ភៈឆ្នាំមុន។

ខាងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបាននិយាយថា រុស្ស៊ីបានប្រើប្រាស់កាំជ្រួច Iskander យកមកប្រើប្រាស់ក្នុងការវាយប្រហារ ប៉ុន្តែ BBC មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះដោយឯករាជ្យបានទេ។

បើយោងតាមអ្នកជំនាញរបស់ BBC បានិយាយថា រុស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​លើ​ភូមិ​នេះ ខណៈ​លោក Zelensky ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​របស់​មេដឹកនាំ​អឺរ៉ុប​ក្នុង​ទីក្រុង Granada ក្នុងប្រទេស​អេស្ប៉ាញ។

ដោយនៅទីនោះ ប្រធានកិច្ចការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បានព្រមានថា ជម្លោះនយោបាយកំពុងគំរាមកំហែងដល់សមត្ថភាពរបស់សហរដ្ឋអាមេរិក ក្នុងការផ្តល់មូលនិធិដល់យោធាអ៊ុយក្រែន។

ហើយកាលពីថ្ងៃព្រហស្បតិ៍នោះ លោក Zelensky បានស្នើសុំមេដឹកនាំអឺរ៉ុបសម្រាប់កាំជ្រួចការពារដែនអាកាសបន្ថែមទៀត ហើយបាននិយាយថា ប្រទេសផ្សេងទៀតអាចអរគុណអ៊ុយក្រែនសម្រាប់ការការពារពួកគេពីការឈ្លានពានរបស់រុស្ស៊ី។

scroll to top