លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីបានធ្វើការសាកល្បងជោគជ័យចុងក្រោយមួយ នៃកាំជ្រួចធ្វើដំណើរ ដើរដោយថាមពលនុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ BBC កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។
ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់លោកបានច្រានចោលនូវរបាយការណ៍របស់កាសែត New York Times ដែលធ្លាប់និយាយថា ការសាកល្បងអាវុធដែលត្រូវបានគេស្គាល់ថា Burevestnik គឺខិតជិតមកដល់ហើយ។
តាមពិតទៅសម្រាប់អាវុធពិសោធន៍ ដែលត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ 2018 គឺត្រូវបានរុស្ស៊ីសាទរថាមានសក្តានុពលគ្មានដែនកំណត់។ ប៉ុន្តែវាតិចតួចណាស់ ដែលគេស្គាល់ថាវាជាអាវុធផ្លូវការ ព្រោះគេយល់ថាសមត្ថភាពរបស់វានៅមានកម្រឹត ហើយរបាយការណ៍នៅក្នុងឆ្នាំនោះបានសរសេររៀបរាប់ថា ការធ្វើតេស្តទទួលបាននូវការបរាជ័យ។
បើទោះជាយ៉ាងណាក៏ដោយ ការសរសេរបង្ហោះនៅក្នុងគណនីរបស់លោកប្រធានាធិបតី ពូទីន មិនត្រូវបានបញ្ជាក់ដោយឯករាជ្យទេ ហើយរហូតមកដល់ពេលនេះ ក៏នូវតែមិនទាន់មានពាក្យបញ្ជាក់ណាមួយចេញពីខាងក្រសួងការពារជាតិរុស្ស៊ីនោះដែរ។
បើយោងតាមរូបភាពផ្កាយរណបមួយ ដែលបានផ្សព្វផ្សាយកាលពីខែមុនបានបង្ហាញថា ថ្មីៗនេះ រុស្ស៊ីបានសាងសង់កន្លែងថ្មីនៅទីតាំងកោះអាកទិកដាច់ស្រយាលមួយ ដើម្បីធ្វការសាកល្បងអាវុធនុយក្លេអ៊ែររបស់សូវៀត។
រូបភាពដែលទីភ្នាក់ងារ BBC ទទួលបានោះ គឺបង្ហាញពីការងារសាងសង់នៅលើកោះ Novaya Zemlya ដែលជាប្រជុំកោះនៅសមុទ្រ Barents ភាគខាងជើង។
លោកពូទីនបានប្រាប់កិច្ចប្រជុំនៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះយើងស្ទើរតែបានបញ្ចប់ការងារលើប្រភេទអាវុធយុទ្ធសាស្ត្រទំនើប ដែលខ្ញុំធ្លាប់បាននិយាយ និងប្រកាសកាលពីប៉ុន្មានឆ្នាំមុន” ។
លោកបានបន្ថែមថា៖ ឥឡូវនេះ «ការសាកល្បងជោគជ័យចុងក្រោយត្រូវបានធ្វើឡើងលើ Burevestnik ដែលជាមីស៊ីលឆ្លងទ្វីបដើរដោយថាមពលនុយក្លេអ៊ែររយៈចម្ងាយសកល។
កាំជ្រួចដែលមានឈ្មោះកូដ Skyfall ត្រូវបានគេនិយាយថា ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានគេសន្មត់ថា នឹងធ្វើឱ្យសកម្ម បន្ទាប់ពីគ្រាប់រ៉ុក្កែតឥន្ធនៈរឹងបានបាញ់បង្ហោះវាឡើងទៅលើអាកាស។
ប៉ុន្តែកាសែត New York Times ដែលជាអ្នកដកស្រង់ក្រុមយុទ្ធនាការគ្រប់គ្រងអាវុធ ដែលជាគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែរ ដោយនិយាយថា ការសាកល្បងប្រព័ន្ធចំនួន 13 ដែលគេស្គាល់ពីមុននៅចន្លោះឆ្នាំ 2017 និង 2019 គឺមិនជោគជ័យទាំងអស់ដូចដែររុស្ស៊ីអះអាងនោះទេ។
គួររំលឹកថា លោក ពូទីន ក៏បានប្រាប់ទស្សនិកជនរបស់គាត់ថា ការងារស្ទើរតែទាំងស្រុងលើកាំជ្រួចផ្លោងអន្តរទ្វីប ដែលមានឈ្មោះថា Sarmat គឺទទួលបានជោគជ័យ ។
បើទោះបីជាមានការលាតត្រដាងជាក់ស្តែងរបស់លោកពូទីនក៏ដោយ ក៏លោកបាននិយាយថា រុស្ស៊ីមិនមានផែនការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួននោះទេ ដែលជាគោលនយោបាយកំណត់ពីកាលៈទេសៈដែលកងកម្លាំងរបស់ខ្លួនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។
គួរបញ្ជាក់ថា រុស្ស៊ីអាចដកការផ្តល់សច្ចាប័នតាមទ្រឹស្តីលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរគ្រប់ជ្រុងជ្រោយកាលពីឆ្នាំ ១៩៩៦។ លោកបានអះអាងថា ដូចដែលអាមេរិកបានចុះហត្ថលេខា ប៉ុន្តែក៏មិនដែលផ្តល់ជាសច្ចាប័ននោះទេ ។