រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Anutin Charnvirakul របស់ប្រទេសថៃបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលកំពុងផ្អាកការចេញលិខិតអនុញ្ញាតឱ្យនាំចូល និងជួញដូរអាវុធពិត និងក្លែងក្លាយ។ វិធានការណ៍រយៈពេលខ្លីមួយនេះ គឺស្ថិតក្នុងចំណោមវិធានការណ៍រយៈពេលខ្លីចំនួនប្រាំពីរ ដែលថ្នាក់ដឹកនាំនៃប្រទេសមួយនេះលើកឡើងដើម្បីកែលម្អការគ្រប់គ្រងកាំភ្លើង នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថាវិធានការខាងលើនេះ គឺជាយុទ្ធនាការមួយដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឡើងដើម្បីឆ្លើយតបចំពោះការព្រួយបារម្ភរបស់សាធារណជនបន្ទាប់ពី ការបាញ់ប្រហារមួយបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯផ្សារទំនើបក្នុងទីក្រុងបាងកក។ ហើយឩប្បតិវហេតុដែលបានកើតឡើងនោះ គឺបង្ករដោយក្មេងជំទង់ម្នាក់ ដែលប្រដាប់ដោយកាំភ្លើងទទេដែលត្រូវបានយកទៅកែច្នៃ អាចនិយាយបានថាព្រឹត្តិការណ៍នោះបានបណ្តាលឲ្យមានការគំរាមកំហែងដល់វិស័យទេសចរណ៍ ខណៈដែលរដ្ឋាភិបាលថៃកំពុងតែផ្តោតលើវិស័យឩស្សាហកម្មគ្មានផ្សែង។
វិធានការរយៈពេលខ្លីនេះត្រូវបានឯកភាពក្នុងកិច្ចប្រជុំមួយ ដោយគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់រួមមាន ប៉ូលីសភូមិន្ទថៃ នាយកដ្ឋានគយ ក្រសួងសេដ្ឋកិច្ច សង្គមឌីជីថល (DES) និងក្រសួងសុខភាពសាធារណៈ ដែលធ្វើឡើងនៅក្នុងវិមានរដ្ឋាភិបាលកាលពីថ្ងៃព្រហស្បតិ៍។
លោក Anutin ដែលជាឧបនាយករដ្ឋមន្ត្រី បាននិយាយមុននេះថា ច្បាប់គ្រប់គ្រងកាំភ្លើងដែលមានស្រាប់ទាំងអស់ នឹងត្រូវបានពិនិត្យ ឬនិងធ្វើវិសោធនកម្មជាចាំបាច់ ដើម្បីធានាបាននូវសុវត្ថិភាពរបស់ប្រជាជន។ លោកបានបន្ថែមថា មានតែបុគ្គលដែលមានការអនុញ្ញាតប៉ុណ្ណោះ ដែលគួរត្រូវបានអនុញ្ញាតឱ្យកាន់កាំភ្លើងនៅទីសាធារណៈ។
លោក Karom Polpornklang អ្នកនាំពាក្យរងរដ្ឋាភិបាលបាននិយាយថា ចំពោះវិធានការរយៈពេលវែងវិញគឺយើងនឹងរួមបញ្ចូលការធ្វើវិសោធនកម្មច្បាប់ក្នុងឆ្នាំ 1947 ដែលស្តីពីអាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ កាំជ្រួច និងកាំភ្លើងក្លែងបន្លំ ដើម្បីដាក់ការទិញ ការកាន់កាប់អាវុធ និងគ្រាប់រំសេវឱ្យស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹងរបស់អាជ្ញាធរ។
ក្នុងកិច្ចប្រជុំនោះផងដែរ ក៏មានការចូលរួមពីមន្ទីររដ្ឋបាលខេត្ត (DPA) ដែលទទួលខុសត្រូវលើការផ្តល់អាជ្ញាប័ណ្ណកាំភ្លើងទូទាំងប្រទេស។ ចំពោះគោលបំណងជារួមនៃការប្រជុំ គឺដើម្បីប្រមូលព័ត៌មានអំពីច្បាប់បច្ចុប្បន្នដែលទាក់ទងនឹងការកាន់កាប់អាវុធដោយបុគ្គល និងអាវុធប្រភេទផ្សេងៗ រួមទាំងកាំភ្លើងទទេ កាំភ្លើង BB និងប្រដាប់ក្មេងលេងដែលអាចបង្កគ្រោះថ្នាក់បន្ទាប់ពីការកែប្រែ។
លោករដ្ឋមន្ត្រីបាននិយាយថា ទស្សនៈផ្ទាល់ខ្លួនរបស់លោកគឺថា សមាជិកសាធារណៈជនមិនគួរមានអាជ្ញាប័ណ្ណកាន់កាប់ ឬកាន់កាំភ្លើងនៅទីសាធារណៈឡើយ។ លោកបានបន្ថែមទៀតថា មានតែអាជ្ញាធររដ្ឋាភិបាលប៉ុណ្ណោះដែលត្រូវបានអនុញ្ញាតឲ្យធ្វើដូច្នេះ។
លោកបានមានប្រសាសន៍ថា “ចាប់ពីពេលនេះទៅ មនុស្សមិនគួរត្រូវបានអនុញ្ញាតឲ្យកាន់កាំភ្លើងតាមឆន្ទៈរបស់ខ្លួនឡើយ”។ “ហើយអ្វីដែលកាន់តែចាំបាច់ជាងនេះទៅទៀតនោះ ក្នុងប្រទេសយើងមិនគួរមានករណីណាដែលមនុស្សត្រូវប្រើអាវុធដើម្បីដោះស្រាយជម្លោះជាដាច់ខាត។”
លោកបានបន្ថែមថា ការរៀនបាញ់ទាំងអស់ត្រូវតែស្ថិតក្រោមការគ្រប់គ្រងយ៉ាងតឹងរ៉ឹង ហើយអនីតិជនមិនគួរត្រូវបានអនុញ្ញាតឱ្យហាត់បាញ់នោះទេ។