បន្ទាប់ពីមានការបាញ់ប្រហារមួយបានកើតឡើងនៅក្នុងផ្សាទំនើប Siam Paragon កាលពីថ្ងៃទី 3 ខែតុលា កន្លងមកនេះ វាបានធ្វើឲ្យមានផលប៉ះពាល់ដល់ទំនុកចិត្តនៃអ្នកទេសចរណ៍ជនជាតិចិនជាខ្លាំង ដោយក្នុងនោះមានម្ចាស់សណ្ឋាគារជាច្រើន ព្រមទាំងសហគ្រិនទេសចរណ៍នៅទីក្រុងឈៀងម៉ៃ បានអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួនបង្កើនការគ្រប់គ្រប់លើការប្រើប្រាស់កាំភ្លើងកាន់តែតឹងរឹងជាងនេះទៅទៀត ដើម្បីធានាដល់សុវត្ថិភាពសម្រាប់វិស័យទេសចរណ៍ក្នុងប្រទេសថៃទាំងមូល នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមប្រភពខាងលើ ដែលជាអ្នកសរសេរសារព័ត៌នៅក្នុងស្រុក បាននិយាយរៀបរាប់ថា ក្រុមអ្នកទេសចរណ៍ចិនប្រហែល 60,000 នាក់ ត្រូវបានគេដឹងថា ពួកគេទាំងនោះបានលុបចោលការធ្វើដំណើររបស់ពួកគេទៅកាន់ប្រទេសថៃ ពោលគឺបន្ទាប់ពីការបាញ់ប្រហារបានកើតឡើងនៅក្នុងផ្សាទំនើប Siam Paragon ដោយក្នុងនោះវាបានសម្លាប់មនុស្សរហូតដល់ទៅបីនាក់ ជាពិសេសជាងនេះទៅទៀតនោះ ក្នុងចំណោមអ្នកស្លាប់ គឺមានម្នាក់ជាជនចិន និងបួននាក់ទៀតរងរបួស។ បើយោងតាមទិន្នន័យរបស់អាកាសយានដ្ឋាននៃប្រទេសថៃបានបង្ហាញថាចំនួនអ្នកមកដល់របស់ចិនគឺបានធ្លាក់ចុះ 9.2% ពី 650,000 មកនៅត្រឹម 590,000 នាក់វិញ បន្ទាប់ពីឧប្បត្តិហេតុនេះ។
គួរបញ្ជាក់ថាជនជាតិចិនគឺជាទីផ្សារទេសចរណ៍ក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសថៃចាប់តាំងពីមុនពេលជំងឺរាតត្បាត Co-vid19 មកម្ល៉េះ ដោយកាលនោះប្រទេសថៃ មានភ្ញៀវជាជនជាតិចិនប្រហែល 11 លាននាក់បានមកដល់ក្នុងឆ្នាំ 2019 ។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរទេសចរណ៍រំពឹងថាចំនួននេះតិចជាងពាក់កណ្តាល ឬប្រហែល 5 លាននាក់នឹងមកទស្សនាប្រទេសនៅឆ្នាំនេះ។
ចំនែកឯខេត្តឈៀងម៉ៃដែលធ្លាប់តែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ចិនច្រើនជាងគេនោះ គឺពិតជាមានការព្រួយបារម្មណ៍ច្រើនទៅលើការធ្លាក់ចុះនៃភ្ញៀវទេសចរណ៍ជនជាតិចិន។
កាសែត បាងកកប៉ុស្តិ៍ បាននិយាយជាមួយអ្នកសណ្ឋាគារ សហគ្រិនទេសចរណ៍ និងមន្ត្រីទេសចរណ៍ក្នុងខេត្តឈៀងម៉ៃ ដើម្បីវាយតម្លៃស្ថានភាពនៅក្នុងខេត្តភាគខាងជើងបន្ទាប់ពីការបាញ់ប្រហារ និងវាស់ស្ទង់មតិអំពីរបៀបដែលរដ្ឋាភិបាលអាចធានាសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទីនៃប្រទេសថៃ។
លោក Chutidech Promkaewngarm ជំនួយការអ្នកគ្រប់គ្រងនៅក្រុមហ៊ុន Standard Tour Co Ltd ដែលជាប្រតិបត្តិករទេសចរណ៍ដ៏សំខាន់នៅក្នុងតំបន់ភាគខាងជើងបានប្រាប់កាសែត បាងកកប៉ុស្តិ៍ ថាការស្លាប់របស់ស្ត្រីជនជាតិចិនក្នុងអំឡុងពេលបាញ់ប្រហារកាលពីដើមខែនេះ វាបានធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកទេសចរណ៍វាគឺជាការពិត។
លោកបានបន្តថា ទោះបីជាមិនមែនរាល់ការកក់ទុកដោយក្រុមទេសចរណ៍ចិនត្រូវបានលុបចោលក៏ដោយ ក៏មនុស្សជាច្រើនបានពន្យារពេលធ្វើដំណើរទៅកាន់ប្រទេសថៃដដែល។