នាយករដ្ឋមន្ត្រីថៃ  និយាយថា៖ ប្រជាជនថៃអាចចាកចេញពីប្រទេសអ៊ីស្រាអែល ប្រសិនបើពួកគេចង់វិលត្រឡប់

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន បានផ្តល់ដំបូន្មានដល់ប្រជាជនថៃទាំងអស់ដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែល ឱ្យសម្រេចចិត្តឥឡូវនេះ ប្រសិនបើពួកគេចង់ចាកចេញពីប្រទេសមួយនេះជាបណ្តោះអាសន្ន។ រដ្ឋាភិបាលថៃរូបនេះកំពុងតែមានការព្រួយបារម្ភថា ចំនួនអ្នកស្លាប់នៃប្រជាជនរបស់ខ្លួនអាចនឹងកើនឡើង ព្រោះថាបើយោងតាមតួរលេខនៅព្រឹកថ្ងៃពុធនេះ ជនជាតិបានបាត់ជីវិតរហូតដល់ ៣០ នាក់ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការលើកឡើងរបស់លោកស្រេតថា​ ថាវីស៊ីន ដែលបាននិយាយកាលពីថ្ងៃពុធ នៅក្នុងទីក្រុងប៉េកាំងថា«ខ្ញុំចង់ឲ្យអ្នកដែលមិនទាន់សម្រេចចិត្ត ឆាប់សម្រេចចិត្ត ព្រោះហានិភ័យស្ថិតនៅលើដៃរបស់អ្នក ហើយប្រសិនបើអ្នកចង់វិលវិញ វាជាកាតព្វកិច្ចរបស់រដ្ឋាភិបាល ដែលត្រូវប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីជម្លៀសប្រជាជនឱ្យបានលឿន និងសុវត្ថិភាពតាមដែលអាចធ្វើទៅបាន»។

លោកបានមានប្រសាសន៍ទៀតថា គាត់មានការសោកស្ដាយជាខ្លាំងចំពោះរបាយការណ៍ចុងក្រោយនៃការស្លាប់របស់ជនជាតិថៃម្នាក់ទៀតនៅក្នុងប្រទេសអ៊ីស្រាអែល ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ 30 នាក់ និង ចំនួនអ្នករបួសនៅតែមិនផ្លាស់ប្តូរនៅត្រឹម 16 នាក់ ហើយការចាប់ពង្រត់នៅមាន 17 នាក់។

លោក ស្រេត ថា បានមានប្រសាសន៍បន្តទៀតថា លោកបានជួបអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ដែលបាននិយាយថា លោកមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះការបាត់បង់ជីវិតរបស់ជនជាតិថៃក្នុងប្រទេសអ៊ីស្រាអែលផងដែរ។

នាយករដ្ឋមន្រ្តីថៃបានថ្លែងទៅកាន់ជនរួមជាតិថា “ប្រទេសថៃមិនមែនជាភាគីជម្លោះទេ ប៉ុន្តែការខាតបង់របស់យើង គឺស្ថិតក្នុងកម្រឹតខ្ពស់បំផុតទីពីរបន្ទាប់ពីសហរដ្ឋអាមេរិក” ហើយបច្ចុប្បន្នគាត់កំពុងតែនៅទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោក ស្រេត ថា បាននិយាយថា លោកបានជួបមេដឹកនាំជាតិផ្សេងទៀតនៅទីក្រុងប៉េកាំង ហើយអ្នកទាំងអស់មានការព្រួយបារម្ភអំពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល។

លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលថៃអាចជម្លៀសពលករថៃចំនួន ៦០០ នាក់ចេញពីប្រទេសអ៊ីស្រាអែលជារៀងរាល់ថ្ងៃ ប៉ុន្តែក្នុងកាលៈទេសៈបច្ចុប្បន្ន វាពិតជាលំបាកណាស់ក្នុងការប្រមូលផ្តុំគ្នាក្នុងចំនួនច្រើននាពេលតែមួយ។

បើយោងតាមប្រភពសារព័ត៌ក្នុងស្រុកបានឲ្យដឹងថា នៅព្រឹកថ្ងៃពុធ យន្តហោះ Airbus បានចាកចេញពីទីក្រុងបាងកក តាមជើងហោះហើរទីពីររបស់ខ្លួន ដើម្បីទៅទទួលយកជនជាតិថៃនៅប្រទេសអ៊ីស្រាអែល។ គួរបញ្ជាក់ថាយន្តហោះនោះគឺអាចផ្ទុកមនុស្សប្រមាណ 340-500នាក់ ដោយគ្រោងនឹងត្រលប់មកវិញនៅរសៀលថ្ងៃព្រហស្បតិ៍ ខណៈដែលព័តឥមានបឋមនិយាយថាជនជាតិថៃត្រូវបានគេជម្លៀសចេញចំនួន 145 នាក់។

ខាងក្រសួងការងារបាននិយាយថា ពលករថៃចំនួន ៨.១៦០នាក់ ដែលធ្វើការនៅក្នុងប្រទេសអ៊ីស្រាអែលបានចុះឈ្មោះ ក្នុងគោលបំណងដើម្បីវិលត្រឡប់ទៅផ្ទះរបស់ពួកគេវិញ ប៉ុន្តែពលករណប្រមាណ ១១១ នាក់ផ្សេងទៀតបាននិយាយថា ពួកគេចង់បន្តនៅទីនោះ។

បើយោងតាមប្រភពដដែលបានឲ្យដឹងថា សម្រាប់​ពលករ​ថៃ​ប្រមាណ​ជា​៣​ម៉ឺន​នាក់ ដែលរស់​នៅក្នុងប្រទេស​អ៊ីស្រាអែល​ គឺបន្ទាប់ពីមានសង្គ្រាមបានផ្ទុះឡើងកាលពី​ថ្ងៃ​ទី​៧​ ខែតុលា គឺមានជានជាតិថៃប្រមាណ​ជាង​មួយ​ពាន់​នាក់​ត្រូវ​បានរដ្ឋាភិបាលថៃធ្វើអន្តរាគមន៍ឲ្យពួក​គេបានវិល​ត្រឡប់​មក​ផ្ទះ​វិញ​រួចរាល់។

Reporter:
scroll to top