រូបភាពដ៏កម្រត្រូវបានបង្ហាញកាលពីថ្ងៃពុធ ខណៈដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានមកដល់ទីក្រុងប៉េកាំង គឺអមទៅដោយរដ្ឋមន្ត្រីជាន់ខ្ពស់ជាមួយនឹងកាបូបយួរដៃនុយក្លេអ៊ែរ បើយោងតាមអ្នកជំនាញបាននិយាយថា កាបូបនោះវាមានសមត្ថភាពក្នុងការបញ្ជាឱ្យមានការវាយប្រហារនុយក្លេអ៊ែរភ្លាមៗផងដែរ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។
រូបភាពរបស់លោក ពូទីន បន្ទាប់ពីកិច្ចប្រជុំជាមួយ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ត្រូវបានបញ្ចប់ គឺត្រូវបានគេថតបាន នូវពេលដែលលោកដើរទៅកាន់កិច្ចប្រជុំមួយផ្សេងទៀតដោយមានការហ៊ុំព័ទ្ធទៅដោយក្រុមអង្គរៈសន្តិសុខដើរហែរហមពីក្រោយ ក្នុងនោះគេបានសង្កេតឃើញថាមានមន្ត្រីកងទ័ពជើងទឹករុស្ស៊ីចំនួនពីរនាក់ ហើយម្នាក់ៗគឺមានកាន់កាបូបយួរដៃនុយក្លេអ៊ែ នេះបើយោងតាមកាមេរ៉ាពង្រីកនៅលើកាបូបយួរទាំងនោះ។
គួរបញ្ជាក់ថា កាបូបយួរដៃនុយក្លេអែររបស់រុស្សី តែងតែនៅជាមួយនឹងមន្ត្រីកងនាវាចរ ហើយវាក៏បានគេធ្វើកំណត់សម្គាល់ថាជា “Cheget” (ដាក់ឈ្មោះតាមភ្នំ Cheget នៅភ្នំ Caucasus) វាគឺជាកាបូបយួដៃមួយប្រភេទ ដែលតែងតែប្រើប្រាស់ក្នុងការអមដំណើរប្រធានាធិបតីរុស្ស៊ីគ្រប់ពេលវេលា ប៉ុន្តែរាល់រូបភាពទាំងនោះ វាពិតជាកម្រថតបានខ្លាំងណាស់។
បើយោងតាមអ្នកឆ្លើយឆ្លងព័ត៌មានរបស់វិមានក្រឹមឡាំងតាមរយៈទីភ្នាក់ងារព័ត៌មានរដ្ឋ RIA បាននិយាយនៅក្នុងការបង្ហោះនៅលើ Telegram ក្រោមវីដេអូថា “មានវ៉ាលីមួយចំនួនមិនបានធ្វើដំណើរជាមួយនឹងលោកពូទីននោះទេ” ។
តែនៅក្នុងឃ្លីបមួយទៀត លោកពូទីនដើរចេញពីការប្រជុំនៅទីក្រុងប៉េកាំងជាមួយមន្ត្រីកងទ័ពជើងទឹកម្តងទៀត គឺត្រូវបានគេថតបានប៉ុន្មានជំហ៊ានពីលោកពូទីនដែលញញឹមនៅពេលគាត់ដើរទៅជណ្តើរ។
បើយោងតាមអ្នកជំនាញរបស់រ៉យទ័រ បានឲ្យដឹងថា ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកក៏មានឧបករណ៍បែបនេះដែរ តែវាត្រូវបានគេដាក់ឈ្មោះថា “nuclear football”។ ប្រភពមួយបាននិយាយថា កាបូបនោះគឺមានលេខកូដដែលប្រធានាធិបតីនឹងប្រើដើម្បីផ្ទៀងផ្ទាត់ការបញ្ជាឱ្យបាញ់បង្ហោះកាំជ្រួចនុយក្លេអ៊ែរ ប្រសិនបើគាត់មិននៅក្នុងសេតវិមាន។
ជាការពិតណាស់ សង្រ្គាមអ៊ុយក្រែនបានបង្កើនភាពតានតឹងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោនដល់កម្រិតមួយដែលខ្ពស់បំផុត ចាប់តាំងពីវិបត្តិមីស៊ីលគុយបាក្នុងឆ្នាំ 1962 ខណៈដែលចិនព្យាយាមពង្រឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនឱ្យស្របតាមឋានៈជាមហាអំណាចដែលកំពុងរីកចម្រើនផងដែរ។
សភារុស្ស៊ី បានបោះជំហ៊ានដំបូង កាលពីថ្ងៃអង្គារ ឆ្ពោះទៅរកការលុបចោលការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរដ៏ទូលំទូលាយ ហើយសមាជិកសភាកំពូលរបស់ខ្លួនបានព្រមានសហរដ្ឋអាមេរិកថា ទីក្រុងមូស្គូអាចនឹងបោះបង់កិច្ចព្រមព្រៀងនេះទាំងស្រុង។
បើទោះជាយ៉ាងណាក៏ដោយកាបូបយួរដៃ វាគ្រាន់តែជាឧបករណ៍ទំនាក់ទំនងដែលមានសុវត្ថិភាពមួយប៉ុណ្ណោះ គេប្រើវាជាមួយនឹងប្រធានាធិបតី ដើម្បីតភ្ជាប់ទៅនឹងលង្ហិនកំពូលយោធារបស់គាត់(ក្នុងករណីចុចបញ្ជា) ហើយបន្ទាប់មកវានឹងផ្តល់សញ្ញាទៅកាន់កងកម្លាំងរ៉ុក្កែត តាមរយៈបណ្តាញបញ្ជា និងការគ្រប់គ្រងអេឡិចត្រូនិច “Kazbek” Kazbek គឺជាពាក្យសម្ងាត់របស់ប្រព័ន្ធមួយផ្សេងទៀតដែលគេស្គាល់ថា “Kavkaz” ។
បច្ចុប្បន្នៅក្នុងប្រទេសរុស្ស៊ី មានរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីម្នាក់គឺ លោក Sergei Shoigu គាត់ក៏មានកាបូបយួរដៃនុយក្លេអ៊ែរផងដែរ ហើយចំនែកឯប្រធានបុគ្គលិកទូទៅបច្ចុប្បន្នលោក Valery Gerasimov ក៏មានវាផងដែរ។
បើយើងរំលឹកមកវិញនូវវីដេអូមួយ ដែលធ្លាប់បង្ហាញដោយ ប៉ុស្តិ៍ទូរទស្សន៍ Zvezda របស់រុស្ស៊ី ក្នុងឆ្នាំ 2019 បានបង្ហាញនូវអ្វីដែលខ្លួនបាននិយាយថា វាជាកាបូបយួរដៃមួយដែលមានប៊ូតុងអារេ។
តែបើនៅក្នុងផ្នែកមួយផ្សេងទៀតត្រូវបានគេហៅថា “ពាក្យបញ្ជា” ដោយមានប៊ូតុងចំនួនពីរគឺ ប៊ូតុង “ចាប់ផ្តើម” ពណ៌ស និងប៊ូតុង “បោះបង់” ពណ៌ក្រហម។ តែបើយោងតាម Zvezda វិញបាននិយាយថា កាបូបយួរដៃត្រូវបានធ្វើឱ្យសកម្មដោយកាតពន្លឺពិសេសតែប៉ុណ្ណោះ ដែលយើងអាចនិយាយបានថា វាគឺជាខែលការពារ។
បើយើងតាមរបាយការមួយបានបង្ហាញថា ការបូបយួដៃនុយក្លេអ៊ែរមួយក្នុងចំណោមកាបូបយួរដៃនុយក្លេអ៊ែរដែលប្រើដោយអតីតប្រធានាធិបតីរុស្ស៊ីលោក Boris Yeltsin ត្រូវបានដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ Yeltsin ក្នុងទីក្រុង Yekaterinburg ។
យ៉ាងណាមិញ លោកពូទីន កំពុងធ្វើទស្សនកិច្ចនៅទីក្រុងប៉េកាំង ក្នុងដំណើរដែលគេស្គាល់ជាលើកទីពីរនៅខាងក្រៅអតីតសហភាពសូវៀតចាប់តាំងពីសង្គ្រាមអ៊ុយក្រែនបានចាប់ផ្តើមក្នុងខែកុម្ភៈឆ្នាំ 2022។