ប្រទេសចិន និងប៉ាគីស្ថាន ចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងផ្លូវដែក តែក៏មានការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរដែរ

ប្រទេសចិន និងប៉ាគីស្ថានបានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ជំរុញកិច្ចសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ទីក្រុងប៉េកាំង ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏សំខាន់មួយ ដែលបានពន្យារពេលជាច្រើនលើក ដើម្បីសាងសង់គម្រោងផ្លូវដែកដែលមានតម្លៃរាប់ពាន់លានដុល្លារនៅក្នុងប្រទេសអាស៊ីខាងត្បូង នេះបើយោងតាមការចុះផ្សាយរបស់VOA កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២៣។
          រដ្ឋមន្ត្រីចិនលោក Li Qiang និងសមភាគីប៉ាគីស្ថានលោក Anwar-ul-Haq Kakar បានជួបពិភាក្សាទ្វេភាគីកាលពីថ្ងៃពុធនៅខាងក្រៅវេទិកាខ្សែក្រវ៉ាត់ និងផ្លូវដែលរៀបចំដោយទីក្រុងប៉េកាំង មុនពេលចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងមួយចំនួនក្រោមច្រករបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន (CPEC) ។
          នៅក្នុងសេចក្តីថ្លែងការណ៍របស់ប៉ាគីស្ថានក្រោយកិច្ចប្រជុំបាននិយាយថា “មេដឹកនាំទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅក្នុងបរិបទនៃ CPEC និងការរំពឹងទុកនៃទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅបន្ថែមទៀត” ។
          គួរបញ្ជាក់ថា CPEC គឺជាគម្រោងដ៏លេចធ្លោមួយនៅក្រោម BRI  វាត្រូវបានគេរំពឹងថានឹងនាំមកនូវការវិនិយោគរបស់ចិនជាង 65 ពាន់លានដុល្លារសហរដ្ឋអាមេរិក ទៅក្នុងវិស័យផ្លូវថ្នល់ ផ្លូវដែក ថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងជាច្រើនទៀតក្នុងប្រទេសប៉ាគីស្ថាន ហើយគម្រោងទាំងនោះគឺធ្វើឡើងដើម្បីកែលម្អផ្លូវពាណិជ្ជកម្មតាមផ្លូវគោក និងសមុទ្រក្នុងតំបន់។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមរបាយការណ៍បានបង្ហាញថា គម្រោងផ្លូវដែក Mainline-1 ឬ ML-1  វាត្រូវបានគេរចនាឡើងដើម្បីភ្ជាប់ទីក្រុង Peshawar ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថានទៅកាន់ទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង តាមរយៈផ្លូវដែលមានចម្ងាយប្រហែលជាង 2,600 គីឡូម៉ែត្រ ជាមួយនឹងតម្លៃប្រមាណ $7 ពាន់លានដុល្លារ។
          បើយោងតាមមន្រ្តីរបស់ប៉ាគីស្ថានបាននិយាយថា “យើងបានបញ្ចប់គម្រោងជាង 50 កន្លែងដែលមានតម្លៃ ប្រមាណ 25 ពាន់លានដុល្លារសហរដ្ឋអាមេរិក ហើយវាក៏ជាគម្រោងដែលស្ថិតក្រោម CPEC” ផងដែរ។ លោក Kakar បានបន្ថែមថា “ប្រទេសប៉ាគីស្ថានបានដំណើរការដោយជោគជ័យនូវកំពង់ផែ Gwadar ដ៏ជ្រៅរបស់ខ្លួនជាមួយនឹងមធ្យោបាយទំនើបៗ ដើម្បីគ្រប់គ្រងនាវាដឹកទំនិញ ដែលសម្របសម្រួលការដឹកជញ្ជូនទៅកាន់ប្រទេសក្នុងតំបន់ ជាពិសេសរដ្ឋដែលគ្មានផ្លូវគោក”។

          បច្ចុប្បន្ន CPEC កំពុងសាងសង់តំបន់ឧស្សាហកម្ម ដើម្បីទាក់ទាញអ្នកវិនិយោគក្នុងស្រុក និងចិន ដោយអនុញ្ញាតឱ្យប្រទេសប៉ាគីស្ថានអាចបង្កើនការនាំចេញ និងជំរុញទុនបំរុងប្តូរប្រាក់បរទេសរបស់ខ្លួន។
          ប្រទេសប៉ាគីស្ថានគឺជាមានខេត្តមួយ ឈ្មោះថា Baluchistan ភាគនិរតី ដែលសំបូរទៅដោយរ៉ែរ។ ការសម្លឹងឃើញពីភាពទាក់ទាញនៃម្ចាស់ផ្ទះនេះ វាបានធ្វើឲ្យមានការទាក់ទាញពីក្រុមអ្នកវិនិយោគសំខាន់ៗទាក់ទងនឹង CPEC ទោះបីជាមានការបះបោរផ្តាច់ខ្លួនរបស់ជនជាតិភាគតិច Baluch អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ។
          ជនជាតិចិនដែលធ្វើការលើគម្រោង CPEC រួមទាំង Gwadar បានទទួលរងការវាយប្រហារយ៉ាងសាហាវនៅក្នុងប្រទេសប៉ាគីស្ថាន។ ហេតុដូច្នេះហើយ ទើបទីក្រុង​ប៉េកាំង​បាន​ដាក់​សម្ពាធ​លើ​ទីក្រុង​អ៊ីស្លាម៉ាបាដ​ ដើម្បី​ធានា​សន្តិសុខ​របស់​ពលរដ្ឋ​ខ្លួន។

          ទោះបីជាការវិនិយោគ BRI របស់ចិនបាននាំឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលត្រូវការជាចាំបាច់នៅក្នុងប្រទេសប៉ាគីស្ថាន និងកន្លែងផ្សេងទៀតក៏ដោយ ក៏មានការជជែកគ្នាយ៉ាងក្តៅគគុកជុំវិញបំណុលដែលគម្រោងទាំងនេះបង្កើត និងឥទ្ធិពលនយោបាយដែលត្រូវផ្តល់ឱ្យទីក្រុងប៉េកាំងផងដែរ។

          បើយោងតាមរបាយការណ៍នៅក្នុងកិច្ចប្រជុំអន្តរជាតិនៅសប្តាហ៍នេះ នៅទីក្រុងប៉េកាំងបានឲ្យដឹងថា រដ្ឋាភិបាលចិនបានបោះពុម្ពរបាយការណ៍មួយដែលកត់ត្រាអំពីវឌ្ឍនភាពក្រោមការផ្តល់ហិរញ្ញប្បទាន BRI របស់ខ្លួន។
          ដោយនៅក្នុងកាសែត​ស​នោះ​បាន​និយាយ​ថា​៖ «​គម្រោង​ធំៗ​នៅ​តាម​ច្រករបៀង​សេដ្ឋកិច្ច​ចិន​-​ប៉ាគីស្ថាន​កំពុង​តែដំណើរការ​ហើយ​»។ កាសែតនោះបាននិយាយទៀតថា “កំពង់ផែ Gwadar នៅក្នុងប្រទេសប៉ាគីស្ថានបានមើលឃើញពីវឌ្ឍនភាពដ៏សំខាន់ ហើយកំពុងដើរឆ្ពោះទៅរកគោលដៅនៃការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូន និងមូលដ្ឋានឧស្សាហកម្ម”ថែមទៀតផង ។
          យ៉ាងណាមិញនៅក្នុងរបាយការណ៍ដែលបានរាយបញ្ជី ក្នុងចំណោមគម្រោងដែលបានបញ្ចប់ជាច្រើន ត្រូវបានគេសង្កេតឃើញថា មានរោងចក្រថាមពលនុយក្លេអ៊ែរចំនួនពីរ ដែលប្រទេសទាំងពីរបានសាងសង់រួមគ្នានៅទីក្រុងការ៉ាជី ដោយនិយាយថា ពួកគេ “កំពុងដំណើរការ ដោយប្រើប្រាស់បច្ចេកវិទ្យានុយក្លេអ៊ែរ Hualong One របស់ប្រទេសចិន”។

Reporter:
scroll to top