សហរដ្ឋអាមេរិកបានលើកទឹកចិត្តប្រទេសឥណ្ឌា ឱ្យធ្វើការឆ្ពោះទៅរកការផ្តល់ការការពារផ្លូវច្បាប់ស្មើៗគ្នាដល់គូស្នេហ៍ភេទដូចគ្នា និងកំពុង “តាមដានយ៉ាងដិតដល់នូវជំហ៊ានបន្ទាប់” របស់រដ្ឋាភិបាលឥណ្ឌា គឺបន្ទាប់ពីតុលាការកំពូលរបស់ប្រទេសមួយនេះបានបដិសេធ ភាពស្របច្បាប់ចំពោះអ្នកស្រឡាញ់ភេទដូចគ្នា នេះបើតាមក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី ១៩ ខែតុលា ឆ្នាំ ២០២៣។
តុលាការកំពូលរបស់ប្រទេសឥណ្ឌាកាលពីថ្ងៃអង្គារ បានបដិសេធមិន ធ្វើច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នា ហើយថែមទាំងទុករឿងនេះឱ្យសភាជាអ្នកសម្រេចថែមទៀតផង យ៉ាងណាមិញវាត្រូវតែឆ្លងកាត់ការយល់ព្រមជាមួយរដ្ឋាភិបាលខ្លួន គឺលោកនាយករដ្ឋមន្ត្រី Narendra Modi ។
ដីកាជាឯកច្ឆ័ន្ទដោយកៅអីចៅក្រមចំនួនប្រាំនាក់បានកើតឡើង ហើយវាក៏ជាការខកចិត្តយ៉ាងខ្លាំងចំពោះសហគមន៍ LGBTQ ដ៏ធំនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោក។ នៅក្នុងករណីនេះវាបានកើតប្រាំឆ្នាំមកហើយ បន្ទាប់ពីតុលាការបានលុបចោលបម្រាមសម័យអាណានិគមលើការរួមភេទជាមួយមនុស្សស្រឡាញ់ភេទដូចគ្នា។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា៖ «សហរដ្ឋអាមេរិកគាំទ្រសមភាពអាពាហ៍ពិពាហ៍ជាសាកល»។ ម្យ៉ាងទៀត«យើងកំពុងតាមដានយ៉ាងដិតដល់នូវជំហ៊ានបន្ទាប់របស់រដ្ឋាភិបាលឥណ្ឌា ព្រមទាំងប្រតិកម្មពីសង្គមស៊ីវិលលើបញ្ហានេះ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការត្រូវបានប្រកាស»។
បើយោងតាមការឆ្លើយតបពីខាង រដ្ឋបាលគណបក្ស Bharatiya Janata Party (BJP) ជាតិនិយមរបស់លោក Modi វិញ បានបកស្រាយថា ការរៀបការភេទដូចគ្នាគឺមិនអាចប្រៀបធៀបបានជាមួយនឹងគោលគំនិតគ្រួសារឥណ្ឌា ដែលមានប្តី ប្រពន្ធ និងកូន នោះទេ។
ចំនែកឯអ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបាននិយាយថា “យើងនឹងបន្តគាំទ្រចំពោះសមភាពអាពាហ៍ពិពាហ៍ និងការការពារសម្រាប់មនុស្ស LGBTQI+( Lesbian, Gay, Bisexual, Transgender, Queer, and Intersex ) ប្រឆាំងនឹងការរើសអើង និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលឥណ្ឌាចាត់វិធានការចាំបាច់ដើម្បីផ្តល់ការការពារស្របច្បាប់ស្មើៗគ្នាដល់គូស្នេហ៍ភេទដូចគ្នា”។
យ៉ាងណាមិញចំពោះប្រធានចៅក្រមនៃប្រទេសឥណ្ឌា លោក DY Chandrachud បាននិយាយកាលពីថ្ងៃអង្គារថា តុលាការកំពូល “មិនអាចបង្កើតច្បាប់បានទេ ហើយវាគ្រាន់តែអាចបកស្រាយឲ្យសមស្របតែប៉ុណ្ណោះ។”
គួរបញ្ជាក់ថា អាស៊ី គឺជាទ្វីបដែលមានតម្លៃអភិរក្ស ដែលតែងតែគ្របដណ្ដប់លើសង្គមក្នុងប្រទេសជាច្រើន ហើយភាគច្រើនរូបភាពដែលកើតឡើងទាំងនោះ គឺវាកើតឡើងពីក្រោយពួកលោកខាងលិចក្នុងការទទួលយកអាពាហ៍ពិពាហ៍ភេទដូចគ្នា។
បើទោះជាយ៉ាងណាក្តី ខាងក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ខ្លួននឹងចូលរួមជាទៀងទាត់ជាមួយរដ្ឋាភិបាលឥណ្ឌាលើការព្រួយបារម្ភអំពីសិទ្ធិមនុស្ស រួមទាំងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នាផងដែរ។ ព្រោះថាបើយោងតាមរបាយការណ៍របស់ក្រសួងការបរទេសពីមុនបាន លើកឡើងពីការព្រួយបារម្ភ នៃការប្រព្រឹត្តចំពោះជនជាតិភាគតិចសាសនា អ្នកកាសែត និងអ្នកប្រឆាំងនៅក្នុងប្រទេសឥណ្ឌា។ ប៉ុន្តែការលើកឡើងនេះ ត្រូវបាន ទីក្រុងញូវដែលី បដិសេធ ថាប្រទេសខ្លួនគ្មានការរើសអើងបែបនេះទេ។