ការព្រួយបារម្ភអំពីហានិភ័យនៃជម្លោះនៅខាងមជ្ឈិមបូព៌ាគឺកាន់តែខ្លាំងក្លាឡើង ដែលបង្កឡើងដោយសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស។ បើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យចុងសប្តាហ៍នេះសហរដ្ឋអាមេរិកបានបញ្ជូនសព្វាវុធបន្ថែមទៀតទៅកាន់តំបន់នោះ ខណៈដែលអ៊ីស្រាអែលបានធ្វើការវាយលុកគោលដៅទៅលើតំបន់ហ្គាហ្សា ជាពិសេសជាងនោះទៅទៀតគឺពួកអ្នកគាំទ្រក្រុមហាម៉ាសនៅក្នុងប្រទេសលីបង់ និងស៊ីរីថែមទៀតផង។
បើយោងតាមប្រភពនៅហ្គាហ្សាបាននិយាយថា ជនជាតិប៉ាឡេស្ទីនជាង 50 នាក់ត្រូវបានគេសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលពេញមួយយប់លើតំបន់ដែលអ៊ីស្រាអែលបានដាក់ “ការឡោមព័ទ្ធទាំងស្រុង” គឺបន្ទាប់ពីការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា។
យ៉ាងណាមិញចំនែកឯនៅក្នុងប្រទេសស៊ីរីវិញ ដែលជាប្រទេសជិតខាង វាក៏ជាកន្លែងគាំទ្រតំបន់ដ៏សំខាន់មួយរបស់ហាម៉ាស និងអ៊ីរ៉ង់ផងដែរ។ ការគាំទ្ររបស់ពួកគេទាំងនោះ វាបានធ្វើឲ្យអ៊ីស្រាអែលបានវាយប្រហាដោយមីស៊ីលទៅលើអាកាសយានដ្ឋានអន្តរជាតិ Damascus និង Aleppo កាលពីព្រឹកថ្ងៃអាទិត្យ។ បើយោងតាមព័ត៌បឋមរបស់រដ្ឋស៊ីរីបាននិយាយថា ការបាញ់ប្រហារនោះបានសម្លាប់កម្មករយ៉ាងហោចណាស់ចំនួនពីរនាក់។
ទន្ទឹមនឹងនោះបើយើងក្រឡេកទៅមើលប្រទេសជិតខាងភាគខាងត្បូងវិញម្តងគឺ ប្រទេសលីបង់ ដែលយើងដឹងថាវាជាកន្លែងរបស់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ដូចគ្នានោះ ក៏កំពុងតែធ្វើការបាញ់ប្រហារឆ្លងព្រំដែនរបស់ខ្លួនជាមួយអ៊ីស្រាអែលផងដែរ។ ហើយការបាញ់ប្រហារទាំងនោះ វាជាការសម្ញែងថា ខ្លួនគឺជាប្រទេសមួយដែលគាំទ្រក្រុមហាម៉ាស។ យ៉ាងណាមិញ បើទោះជាប្រទេសជិតខាងរបស់ខ្លួន សុទ្ធសឹងតែឆ្លៀតឳកាស ខណៈដែលអ៊ីស្រាអែល កំពុងតែប្រយុទ្ធជាមួយនិងក្រុមហាម៉ាសក៏ដោយ តែអ៊ីស្រាអែលនៅតែនិយាយថា យន្តហោះរបស់ខ្លួនបានទម្លាក់គ្រាប់បែកជាច្រើនគ្រាប់លើ គោលដៅរបស់ពួក Hezbollah កាលពីថ្ងៃសៅរ៍ថែមទៀតផង។ បើយោងតាមការរាយការបានឲ្យដឹងថា ពួកហេសបូឡា បាននិយាយថា យុទ្ធជនរបស់ខ្លួនបានបាត់បង់ជីវិតចំនួន ៦នាក់។
អ៊ីស្រាអែលជាប្រទេសមួយដែលនៅតែមានលទ្ធភាពក្នុងការវាយបកគូរសត្រូវយ៉ាងណាក៏ដោយ តែសម្រាប់ក្រសួងការបរទេសសហរដ្ឋអាមេរិកវិញក៏មិននៅស្ងៀតនោះដែរ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានធ្វើការព្រមាននាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសលីបង់ថា ប្រជាជនលីបង់នឹងរងផលប៉ះពាល់ ប្រសិនបើប្រទេសរបស់អ្នកត្រូវបានគេអូសទាញចូលទៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស់។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះមានអំពើហឹង្សាជាច្រើនបានកើតឡើងជុំវិញតំបន់ព្រំដែនរបស់អ៊ីស្រាអែល ហើយកាលពីថ្ងៃអាទិត្យនេះ មានសហគមន៍ចំនួន 14 កន្លែងដែលនៅជិតប្រទេសលីបង់ និងស៊ីរី ត្រូវបានអាជ្ញាធររបស់ខ្លួនជម្លៀសចេញផងដែរ។
បច្ចុប្បន្នអ៊ីស្រាអែលបានចាប់ផ្តើមការវាយប្រហារតាមអាកាសដោយមិនឈប់ឈរ លើតំបន់ហ្គាហ្សារួចបន្តទៅភាគនិរតីរបស់ខ្លួន គឺបន្ទាប់ពីខ្មាន់កាំភ្លើងក្រុមហាម៉ាស់បានរំលោភបំពានព្រំដែន និងបានធ្វើការវាយប្រហារដ៏រន្ធត់មួយលើសហគមន៍ដែនៅក្បែរនោះ ហើយវាបានសម្លាប់មនុស្សប្រមាណ 1,400 នាក់ ហើយប្រជាជនទាំងនោះភាគច្រើនជាជនស៊ីវិល។
បើយោងតាមការរៀបរាប់របស់ក្រសួងសុខាភិបាលនៃតំបន់ហ្គាហ្សាបាននិយាយកាលពីថ្ងៃសៅរ៍ថា ការវាយប្រហារតាមអាកាស និងកាំជ្រួចរបស់អ៊ីស្រាអែលក្នុងការសងសឹកបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ 4,385 នាក់ រួមទាំងកុមាររាប់រយនាក់ ក្នុងចំណោមប្រជាជនប្រមាណ 2.3 លាននាក់ នៃទឹកដីដ៏តូចនេះ។
តែទោះជាយ៉ាងនេះក្តីខាងរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងបញ្ជូនសព្វាវុធសម្រាប់ក្រុមយោធាបន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា ដើម្បីគាំទ្រដល់ប្រទេសអ៊ីស្រាអែល និងដើម្បីពង្រឹងជំហរការពាររបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ បន្ទាប់ពីមាន “ការកើនឡើងនាពេលថ្មីៗនេះ ដោយក្រុមអ្នកគាំទ្រគឺប្រទេសអ៊ីរ៉ង់ និងកងកម្លាំងប្រូកស៊ី” ដែលគេស្គាល់ថាជាក្រុមហេសបូឡា ព្រមទាំងពួកសកម្មប្រយុទ្ធអ៊ីស្លាមប៉ាឡេស្ទីនផងដែរ។
លោក Austin បាននិយាយថា ប្រព័ន្ធការពារតំបន់រយៈកម្ពស់ខ្ពស់ Terminal High Altitude Area Defense (THAAD) និងកងវរសេនាតូចប្រព័ន្ធការពារដែនអាកាស Patriot នឹងត្រូវបញ្ជូនទៅកាន់អ៊ីស្រាអែលបន្ថែមទៀត។
ទីក្រុងវ៉ាស៊ីនតោន បានដាក់ពង្រាយកម្លាំងទ័ពជើងទឹកយ៉ាងច្រើនទៅកាន់មជ្ឈិមបូព៌ាក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រួមទាំងនាវាផ្ទុកយន្តហោះចំនួនពីរគ្រឿង ជាមួយនឹងនាវាជំនួយមួយគ្រឿង ហើយក៏មានកងម៉ារីនប្រហែល 2,000 នាក់។
ទន្ទឹមនឹងនោះប្រធានាធិបតីអាមេរិកលោក Joe Biden ដែលជា អ្នកគាំទ្រ ដ៏រឹងមាំរបស់អ៊ីស្រាអែលជាយូរមកហើយ បានអបអរសាទរចំពោះការមកដល់នៃជំនួយនេះផងដែរ បន្ទាប់ពីមានការចរចារដ៏ខ្លាំងក្លាជាច្រើនថ្ងៃ។
ការផ្តល់ជំនួយនោះក៏មានបូកបញ្ចូលនូវ យន្តហោះគ្មានមនុស្សបើក និងគ្រាប់រ៉ុក្កែតសម្រាប់កំណត់គោលដៅលើមូលដ្ឋានយោធាចំនួនពីរ ដែលដាក់ដោយកងកម្លាំងអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់កាលពីសប្តាហ៍មុន។
ឥឡូវនេះផងដែរអ៊ីស្រាអែលបានប្រមូលរថក្រោះ និងកងទ័ពនៅជិតព្រំដែនដែលហ៊ុមព័ទ្ធជុំវិញតំបន់ហ្កាហ្សាគឺធ្វើឡើងសម្រាប់ការលុកលុយតាមដីគោកដើម្បីបញ្ចប់នៃការកាន់កាប់អស់រយៈជាង 38 ឆ្នាំកន្លងមកនេះ។
ដោយក្នុងនោះ លោកឧត្តមសេនីយទោ Herzi Halevi បានប្រាប់កងទ័ពកាលពីថ្ងៃសៅរ៍ថា “យើងនឹងចូលទៅក្នុង Gaza Strip ដើម្បីបំផ្លាញប្រតិបត្តិការរបស់ Hamas និងហេដ្ឋារចនាសម្ព័ន្ធរបស់ Hamas”ទាំងអស់ ។