កាលពីថ្ងៃទី ១៥ ខែតុលា អ៊ីរ៉ង់បានចេញ ឱសានវាទ ជាសាធារណៈដ៏គួរឱ្យស្អប់ខ្ពើមមួយ ចំពោះប្រទេសអ៊ីស្រាអែលដែលជាសត្រូវរបស់ខ្លួនថា៖ សូមបញ្ឈប់ការវាយលុករបស់អ្នកនៅលើតំបន់ហ្គាហ្សា បើមិនដូច្នេះទេយើងនឹងបង្ខំចាត់វិធានការដែលអ្នកនឹកស្មានមិនដល់។
ប៉ុន្តែអ្វីដែលយើងមិនធ្លាប់នឹកស្មានដល់នោះ ត្រឹមតែរយៈប៉ុន្មានម៉ោងក្រោយមកប៉ុណ្ណោះ បេសកកម្មអង្គការសហប្រជាជាតិរបស់ប្រទេសមួយនេះ បានបន្ទន់ឥរិយាបទរបស់ខ្លួនទៅវិញភ្លាមៗ ដោយនិយាយថា៖ កងកម្លាំងប្រដាប់អាវុធរបស់ខ្លួននឹងមិនធ្វើអន្តរាគមន៍ក្នុងជម្លោះនេះទេ លុះត្រាតែអ៊ីស្រាអែលវាយប្រហារមកលើអ៊ីរ៉ង់ ឬពលរដ្ឋខ្លួនជាមុនសិន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារ រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមមន្ត្រីអ៊ីរ៉ង់ចំនួនប្រាំបួននាក់ដែលមានចំណេះដឹងផ្ទាល់អំពីការគិតនៅក្នុងស្ថាប័នរដ្ឋាភិបាលបាននិយាយថា អ៊ីរ៉ង់គឺជាអ្នកគាំទ្រដ៏យូរលង់ណាស់មកហើយចំពោះក្រុមហាម៉ាស ដោយបានរកឃើញថា ខ្លួនកំពុងតែស្ថិតនៅក្នុងភាពចលាចល ទើបមេដឹកនាំអ៊ីរ៉ុងងាកមកគ្រប់គ្រងវិបត្តិដែលកំពុងកើនឡើងក្នុងប្រទេសរបស់ខ្លួនវិញ។
ប៉ុន្តែនៅក្នុងចំណោមមន្ត្រីទាំងនោះ គឺមានមន្រ្តីអ៊ីរ៉ុងបីនាក់បាននិយាយថា ការយល់ស្របមួយត្រូវបានឈានដល់ការធ្វើសេចក្តីសម្រេចចិត្តកំពូលរបស់អ៊ីរ៉ង់នាពេលនេះ៖ គឺការផ្តល់ពរជ័យដល់ពួកដែលវាយឆ្មក់ឆ្លងព្រំដែន ដោយក្រុមប្រូកស៊ីលីបង់របស់ខ្លួន គឺក្រុម Hezbollah លើគោលដៅយោធាអ៊ីស្រាអែល ដែលមានចម្ងាយជាង 200 គីឡូម៉ែត្រពីហ្គាហ្សា ។ ការវាយឆ្មក់ទាំងនោះ ត្រូវបានអ៊ីរ៉ុងនិយាយថា វាជាការវាយប្រហារក្នុងកម្រិតទាបតែប៉ុណ្ណោះ បើធៀបទៅនឹងគោលដៅរបស់សហរដ្ឋអាមេរិក ព្រមទាំងក្រុមសម្ព័ន្ធមិត្តផ្សេងទៀតនៅក្នុងតំបន់។
លោក Vahid Jalalzadeh ប្រធានគណៈកម្មាធិការសន្តិសុខជាតិរបស់សភាអ៊ីរ៉ុងបាននិយាយកាលពីថ្ងៃពុធសប្តាហ៍មុនថា “យើងកំពុងទាក់ទងជាមួយមិត្តរបស់យើង គឺក្រុមហាម៉ាស ក្រុមជីហាតអ៊ីស្លាម និងហេសបូឡា” ហើយ”ជំហររបស់ពួកគេនៅពេលនេះគឺថា ពួកគេមិនរំពឹងឬចង់ធ្វើប្រតិបត្តិការយោធានោះទេ”។
បើយោងតាមប្រភពពីរដែលស្គាល់ពីការគិតរបស់ Hezbollah បាននិយាយថា អំពើហឹង្សាកម្រិតទាបត្រូវបានរៀបចំឡើងដើម្បីធ្វើឲ្យកងកម្លាំងអ៊ីស្រាអែលជាប់រវល់ ប៉ុន្តែពួកគេក៏មិនបើកការវាយថ្មីនោះដែរ គឺដោយតែពួកគេចង់យុទ្ធសាស្ត្រថា ជាការធ្វើសង្គ្រាមតូចៗ។
តែបើយោងតាមប្រភពសន្តិសុខអ៊ីស្រាអែលជាន់ខ្ពស់បីនាក់ និងប្រភពសន្តិសុខលោកខាងលិចបាននិយាយប្រាប់រ៉យទ័រថា អ៊ីស្រាអែលមិនចង់បានការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយនិងទីក្រុងតេអេរ៉ង់នោះទេ ហើយថាខណៈពេលដែលជនជាតិអ៊ីរ៉ង់បានហ្វឹកហាត់ និងបំពាក់អាវុធដល់ពួកក្រុមហាម៉ាស់នោះ ក៏ប្រទេសមួយនេះមិនមានការចង្អុលបង្ហាញថាពួកគេបានត្រៀមលក្ខណៈដើម្បីចេញការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលានោះដែរ។
ម្យ៉ាងវិញទៀត លោក Khamenei ដែលជាមេដឹកនាំកំពូលបាន បដិសេធថា អ៊ីរ៉ង់មិនបានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារនេះទេ បើទោះបីជាប្រទេសរបស់លោកបានសរសើរដល់ការកំទេចលើអ៊ីស្រាអែលក៏ដោយនោះ។
ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយប្រភពសន្តិសុខអ៊ីស្រាអែល និងលោកខាងលិចបាននិយាយថា អ៊ីស្រាអែលក៏បានត្រៀមខ្លួនរួចរាល់ដើម្បីវាយប្រហារទៅលើអ៊ីរ៉ង់ដោយផ្ទាល់តែម្តង ប្រសិនបើប្រទេសខ្លួនត្រូវបានវាយប្រហារដោយផ្ទាល់ពីកងកម្លាំងអ៊ីរ៉ង់ពិតមែននោះ។
គួរបញ្ជាក់ថាវិបត្តិសេដ្ឋកិច្ចរបស់អ៊ីរ៉ុង គឺបានបង្កឡើងជាចម្បងដោយការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។ ហើយរបបគ្រប់គ្រងមិនត្រឹមរបស់អ៊ីរ៉ុង វាបាននាំឱ្យប្រជាជនអ៊ីរ៉ង់ជាច្រើនរិះគន់ចំពោះគោលនយោបាយរបស់រដ្ឋាភិបាលខ្លួន ដែលក្នុងរយៈពេលជាច្រើនទសវត្សរ៍នេះ តេអេរ៉ុងតែងតែបញ្ជូនមូលនិធិទៅកាន់អ្នកបក្សពួករបស់ខ្លួនដើម្បីពង្រីកឥទ្ធិពលរបស់សាធារណរដ្ឋអ៊ីស្លាមនៅឯមជ្ឈិមបូព៌ា។
ហើយការផ្គត់ផ្គង់ទាំងនោះបានបង្កើតជាពាក្យស្លោកមួយថា “មិនថា Gaza ឬ Lebanon ទេ ខ្ញុំនិងលះបង់ជីវិតដើម្បីអ៊ីរ៉ង់”។ បន្ទាប់មកពាក្យស្លោកនោះវាក៏បានក្លាយជាពាក្យស្លោកមួយនៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងប្រទេសអ៊ីរ៉ង់អស់រយៈពេលជាច្រើនឆ្នាំ ដោយប្រជាជនអ៊ីរ៉ុងចង់បញ្ជាក់ពីការខកចិត្តរបស់ខ្លួនចំពោះការបែងចែកធនធានមិនត្រឹមត្រូវនៅក្នុងស្ថាប័នរដ្ឋាភិបាល។
អតីតមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បាននិយាយថា “ជំហរមិនច្បាស់លាស់របស់អ៊ីរ៉ង់ វាបានធ្វើឲ្យបាត់បង់ផលប្រយោជន៍ជាតិ និងស្ថិរភាពផ្ទៃក្នុង” ។