នាយករដ្ឋមន្ត្រីទី ៣១ នៃប្រទេសអូស្ត្រាលី លោកAnthony Albanese បានជួបពិភាក្សាជាមួយនិងប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងទីក្រុង Washington កាលពីដើមសប្តាហ៍នេះ វាបានធ្វើឲ្យចិនអះអាងថា វាជារបៀបវារៈនៃការរារាំងប្រទេសរបស់ខ្លួន។ Darwin វាជារាជធានីនៃដែនដីភាគខាងជើងដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយវាក៏គឺជាគន្លឹះនៃការការពារជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិកផងដែរ។
បើយោងតាមប្រវត្តិសាស្ត្រនៃទីក្រុង ដាវីនបានសរសេររៀបរាប់ថា សង្គ្រាមបានកើតឡើងដំបូងគេគឺនៅឆ្នេរអូស្ត្រាលីកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្នុងឆ្នាំ 1942 គឺនៅពេលដែលយន្តហោះជប៉ុន ប្រមាណ188 គ្រឿងបានបង្ហាញខ្លួននៅកណ្តាលនៃទីក្រុងដាវីន។
ដោយកាលនោះជប៉ុនបានទម្លាក់គ្រាប់បែកមកលើឆ្នេរសមុទ្ររបស់ប្រទេសអូស្ត្រាលីជាច្រើនគ្រាប់ ហើយពេលនោះផងដែរទឹកសមុទ្រវាបានប្រែក្លាយទៅពណ៌ក្រហម ចំនែកឯកំពង់នៅទីនោះវិញ វាបានគ្របដណ្តប់ទៅដោយផ្សែង និងភ្លើងថែមទៀតផង។ ការវាយប្រហារតាមអាកាសទាំងពីរលើកនោះទៀតសោត វាបានសម្លាប់មនុស្សនៅក្នុងទីក្រុងយ៉ាងតិច២៣០នាក់។
គួររំលឹកថាកាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ ១៩៤២ គឺជាបុព្វហេតុនៃការវាយឆ្មក់ប្រហែល 200 លើក គឺនៅទូទាំងភាគខាងជើងនៃប្រទេសអូស្ត្រាលីតែម្តង ដែលយើងអាចនិយាយបានថា វាជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសនេះ។
ក្នុងរយៈពេលជាង ៨០ឆ្នាំ កន្លងមកនេះ ទីក្រុងដាវីន វាក៏បានក្លាយទៅជាកន្លែងសម្រាកលំហែកាយដែលមានស្លាកស្នាមនៃសង្គ្រាមដែលប្រជាជនអូស្ត្រាតែងតែចងចាំមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៃប្រទេសមួយនេះ ក៏តែងតែមានការព្រួយបារម្ភថា ទីក្រុងរបស់ខ្លួនមួយនេះអាចនឹងមានការប៉ះទង្គិចគ្នាសាជាថ្មីម្ដងទៀតជាក់ជាមិនខាង។
ដូច្នេះហើយទើបប្រទេសអូស្ត្រាលី បានរៀបចំធ្វើមូលដ្ឋានយោធាសំខាន់ៗជាច្រើនកន្លែង ដោយភ័យខ្លាចថាតំបន់មួយនះអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រទេសចិន ព្រោះថាទីក្រុងដាវីន វាគឺជាបេះដូងនៃការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន ជាពិសេសវាក៏ជាតំបន់ដ៏សំខាន់នៃការវិនិយោគ រវាងរដ្ឋាភិបាលទាំងពីរ។
ប៉ុន្តែខណៈពេលដែលទីក្រុងដាវីន ទទួលបានការចាប់អារម្មណ៍ពីខាងអាមេរិកក៏ពិតមែន តែរដ្ឋាភិបាលនៃប្រទេសទាំងពីរខាងលើនេះ ក៏កំពុងតែព្យាយាមទប់ទល់ចំពោះឥទ្ធិពលពីទីក្រុងប៉េកាំងផងដែរ ព្រោះបើយោងតាមអ្នកជំនាញខាងផ្នែកភូមិសាស្ត្របានជូនដំណឹងថា ចិននឹងយកតំបន់មួយនេះមកធ្វើជាតំបន់គោលដៅដើម្បីក្លាយទៅជាប្រទេសមហាលអំណាច។
លោក Billee McGinley ដែលជាផ្នែកនៃ Top End Peace Alliance ដែលជាក្រុមសកម្មជនក្នុងស្រុកបាននិយាយថា “ទីក្រុងមួយនេះនិងក្លាយទៅជាតំបន់ជម្លោះដ៏ធំមួយនៃពិភពលោក” ។
តើមូលហេតុអ្វីទើបធ្វើឲ្យទីក្រុង ដាវីន ក្លាយទៅជាបេះដូងនៃភពផែនដី នៃភាគខាងជើង?
ដាវីនគឺជាទីក្រុងយោធាជាយូរយាណាស់មកហើយ អ្នកអាចបើកបរឆ្លងកាត់ទីក្រុងដែលមានប្រជាជនតិចតួច ក្នុងរយៈពេលប្រហែល 15 នាទី តែប៉ុណ្ណោះ។
បើជាធម្មតាទេ កងកំលាំងយោធារបស់អូស្ត្រាលី តែងតែលឺសំឡេងគ្រហឹមនៃយន្តហោះនៅពីលើក្បាលរបស់ពួកជាញឹកញាប់ តែសម្រាប់ក្រុមយោធាទាំងនោះ បានចាត់សម្លេងនោះថា វាគ្រាន់តែជាបទភ្លេងមួយទៀតសម្រាប់ជីវិតនៅទីនេះ។
ម្យ៉ាងវិញទៀតក្រុមគ្រួសារនៃអ្នកការពារជាតិ ពួកគេគឺជាក្រុមដ៏ធំនៃចំនួនប្រជាជន តែក៏មិនរាប់បញ្ចូលនូវកងទ័ពអន្តរជាតិរាប់ពាន់នាក់ដែលមកដល់ជារៀងរាល់ឆ្នាំសម្រាប់ហ្គេមសង្រ្គាម និងការហ្វឹកហាត់នោះដែរ។ ឧស្សាហកម្មគឺជា សមាមាត្រដ៏ធំមួយនៃសេដ្ឋកិច្ច ។
អូស្ត្រាលីបានរក្សានូវពាក្យមួយឃ្លាថា ខ្លួនមិនត្រូវជ្រើសរើសរវាងអាមេរិក និងចិននោះទេ។ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការគិត និងគណនារួចមកពួកគេក៏បានផ្លាស់ប្តូរផ្នត់គំនិតនេះចេញ។ គឺបន្ទាប់ពីបានឃើញនូវ ទំនាក់ទំនងរវាងក្រុងវ៉ាស៊ីនតោន និងក្រុងប៉េកាំងកាន់តែជូរចត់ ហើយការទាមទារចុងក្រោយរបស់ចិននជុំវិញសមុទ្រចិនខាងត្បូង និងតៃវ៉ាន់កាន់តែរីកធំឡើង ដែលនាំឲ្យការគំរាមកំហែងដល់ទីក្រុងខ្លួន។
ដូច្នេះខាងទីក្រុង Canberra បាននិយាយថា ខ្លួនបានភ្ញាក់ឡើងវិញចំពោះតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ជាមួយនឹងការប្តេជ្ញាចិត្តថ្មីៗចំពោះសម្ព័ន្ធមិត្ត និងការ ផ្លាស់ប្តូរដ៏ធំនៃការចំណាយលើវិស័យការពារជាតិនៃប្រទេសអូស្ត្រាលី ។
អ្នកវិភាគការពារជាតិ លោក Michael Shoebridge មានប្រសាសន៍ថា “ការក្រឡេកមើលផែនទីដោយយកចិត្តទុកដាក់ វាបានបង្ហាញថា ទីក្រុងដាវីន វាជាតំបន់ដ៏មានសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ”។
បន្ទាប់មករដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរកងទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់ទីក្រុង Darwin និងទីក្រុងភាគខាងជើងផ្សេងទៀត ហើយខ្លួនក៏បានសន្យាផងដែរនូវកញ្ចប់ថវិកាការពារជាតិថ្មីរបស់ខ្លួនដែលនឹងឆ្ពោះទៅរកការពង្រឹងតំបន់មួយនេះ។
ទន្ទឹមគ្នានោះផងដែរខាងសហរដ្ឋអាមេរិក ក៏មាននិន្នាការដោយផ្តោតទៅលើភូមិសាស្ត្រដែលមានសក្តានុពលចំពោះគោលដៅនៃសហាការរបស់ខ្លួន ដោយក្នុងនោះរួមមាន កោះហ្គាំ ហាវ៉ៃ ឬអូគីណាវ៉ា ហើយឥឡូវនេះផងដែរ សហរដ្ឋអាមេរិកក៏កំពុងទាក់ទងទៅអូស្ត្រាលីថែមទៀតផង។
បច្ចុប្បន្នប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Albanese ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។
អ្នកជំនាញនិយាយថា ការកសាងយោធានៅកំពូលចុងនៃទីក្រុងដាវីន ដោយសារតែទាំងអូស្ត្រាលី និងអាមេរិក – មានគោលបំណងបំបែកធនធាន និងហានិភ័យនៅជុំវិញតំបន់ ដើម្បី “ធ្វើឱ្យវាមានភាពស្មុគស្មាញ” សម្រាប់យុទ្ធសាស្ត្រសង្គ្រាមណាមួយដែលទីក្រុងប៉េកាំងមានបំណង។
អត្ថបទនេះបានធ្វើការកែសម្រួល និងរៀបរៀងឡើងវិញដោយ អ្នកជំនាញរបស់ BBC នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។