តាមរយៈទីក្រុងតូក្យូ ដែលធ្វើការកែរសម្រួលដោយ VOA នៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៣។
ក្រុមអ្នកវិទ្យាសាស្ត្រជប៉ុនបាននិយាយថា អំប្រ៊ីយ៉ុងរបស់សត្វកណ្ដុរត្រូវបានគេបណ្តុះនៅលើស្ថានីយ៍អវកាសអន្តរជាតិមួយ ហើយវាក៏ត្រូវបានអភិវឌ្ឍជាធម្មតានៅក្នុងការសិក្សាដំបូងដែលបានបង្ហាញថា វាអាចនឹងទៅរួចសម្រាប់មនុស្សក្នុងការចង់បន្តពូជនៅក្នុងលំហ។
បើយោងតាមការរៀបរាប់ពីអ្នកស្រាវជ្រាវម្នាក់ លោក Teruhiko Wakayama សាស្ត្រាចារ្យនៃមជ្ឈមណ្ឌលជីវបច្ចេកវិទ្យាកម្រិតខ្ពស់នៃសាកលវិទ្យាល័យ Yamanashi និងក្រុមមកពីទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានធ្វើការបញ្ជូនអំប្រ៊ីយ៉ុងសត្វកណ្ដុរតាមរយៈរ៉ុក្កែត ដើម្បីឆ្ពោះទៅកាន់ ISS កាលពីខែសីហា ឆ្នាំ 2021។
អវកាសយានិកបានរំលាយអំប្រ៊ីយ៉ុងដំណាក់កាលដំបូង ដោយប្រើឧបករណ៍ពិសេស ដែលគេបានរចនាឡើងក្នុងគោលបំណងមួយនេះ ហើយក៏បង្កាត់ពួកវានៅលើស្ថានីយអស់រយៈពេលបួនថ្ងៃ។
អ្នកវិទ្យាសាស្ត្របាននិយាយថា “អំប្រ៊ីយ៉ុងដែលត្រូវបានដាំដុះក្រោមលក្ខខណ្ឌមីក្រូទំនាញបានអភិវឌ្ឍ” ជាធម្មតាដោយអាចចូលទៅក្នុង blastocysts ដែលជាកោសិកាដែលវិវត្តទៅជាទារក។
អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការសិក្សាមួយដែលត្រូវបានបោះពុម្ពផ្សាយតាមអ៊ិនធឺរណេតនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ iScience កាលពីថ្ងៃសៅរ៍ថា ការពិសោធន៍នេះ “បានបង្ហាញយ៉ាងច្បាស់ថាទំនាញផែនដីមិនមានឥទ្ធិពលខ្លាំងនោះទេ” ។ ដោយការពិសោធន៍បានបង្ហាញទៀតថា វាមិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់នៅក្នុងស្ថានភាពនៃ DNA និងហ្សែននោះទេ បន្ទាប់ពីពួកគេបានវិភាគលើ blastocysts ដែលត្រូវបានបញ្ជូនត្រឡប់ទៅមន្ទីរពិសោធន៍របស់ពួកគេវិញនៅលើផែនដី។
ចំនែកឯខាងសាកលវិទ្យាល័យ Yamanashi និងវិទ្យាស្ថានស្រាវជ្រាវជាតិ Riken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសៅរ៍ថា នេះគឺជា “ការសិក្សាលើកដំបូងដែលមិនធ្លាប់មានពីមុនមក វាគឺជាការសាកល្បងមួយដែលបង្ហាញថាថនិកសត្វក៏អាចលូតលាស់នៅក្នុងលំហបានដែរ” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនោះបាននិយាយទៀតថា វាគឺជា “ការពិសោធន៍ដំបូងគេរបស់ពិភពលោក ដែលបានធ្វើការបណ្តុះអំប្រ៊ីយ៉ុងថនិកសត្វក្នុងដំណាក់កាលដំបូង ក្រោមមីក្រូទំនាញពេញលេញនៃ ISS”។
បើទោះជាការពិសោធន៍នោះទទួលបានលទ្ធផលយ៉ាងនេះ តែ”នៅពេលអនាគត វានឹងចាំបាច់ក្នុងការប្តូរ blastocysts ដែលត្រូវបានដាំដុះនៅក្នុង microgravity របស់ ISS ចូលទៅក្នុងសត្វកណ្តុរ ដើម្បីមើលថាតើសត្វកណ្តុរអាចបង្កើតកូនបានដែរឬទេ” ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចបញ្ជាក់ថា blastocysts គឺជារឿងធម្មតា។
យ៉ាងណាមិញការស្រាវជ្រាវបែបនេះវាអាចមានសារៈសំខាន់សម្រាប់ការរុករកអវកាស និងបេសកកម្ម នាពេលពេលអនាគត ដែលស្ថិតក្រោមកម្មវិធី Artemis អង្គការ NASA គ្រោងនឹងបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះច័ន្ទវិញ ដើម្បីរៀនពីរបៀបរស់នៅទីនោះរយៈពេលវែង ដើម្បីជាជំនួយដល់ការរៀបចំដំណើរកម្សាន្តទៅកាន់ភពព្រះអង្គារ ដែលនឹងអនុវត្តន៍នៅចុងឆ្នាំ 2030។