តាមរយៈទីក្រុងប៉េកាំង៖ មេដឹកនាំយោធាចិន និងរុស្ស៊ីបានសហការគ្នាក្នុងការកំណត់គោលដៅលើសហរដ្ឋអាមេរិកចំពោះការរិះគន់នៅឯវេទិកាសន្តិសុខ ដែលបានប្រារពឡើងនៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ បើទោះបីជាមេបញ្ជាការយោធាជាន់ខ្ពស់បំផុតទីពីររបស់ប្រទេសចិន បានប្តេជ្ញាថានឹងជំរុញទំនាក់ទំនងលើវិស័យការពារជាតិជាមួយទីក្រុងវ៉ាស៊ីនតោនក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២៣។
ភាពខ្វះខាតក្នុងការប្រាស្រ័យទាក់ទងរវាងយោធាអាមេរិក និងចិន វាគឺជារឿងមួយដ៏គួរឲ្យព្រួយបារម្ភទៅថ្ងៃខាងមុខសម្រាប់ក្រុងវ៉ាស៊ីនតោន ខណៈដែលបច្ចុប្បនប្រទេសទាំងពីរនេះ កាន់តែមានភាពតានតឹងនឹងគ្នាកាន់តែខ្លាំងឡើង ព្រោះថាហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យនៅសមុទ្រចិនខាងត្បូង ឬនៅជិតកោះតៃវ៉ាន់ វាបានឈានដល់ដំណាក់កាលមួយកាន់តែធ្ងន់ធ្ងឡើង។
យ៉ាងណាមិញ ចំពោះវេទិកា Xiangshan នៅទីក្រុងប៉េកាំង ដែលជាការបង្ហាញ ជុំវិញទំនាក់ទំនងការទូតយោធាប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសចិនបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ប៉ុន្តែវាបែរជាគ្មានវត្តមានរបស់រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសមួយនេះទៅវិញ បើទោះបីជាខ្លួនជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះក៏ដោយ។
ចំនែកឯរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergei Shoigu បានឆ្លៀតក្នុងឳកាសនេះទៅព្រមានពួកលោកខាងលិចថា ការចូលរួមរបស់អ្នកនៅក្នុងសង្គ្រាមអ៊ុយក្រែន វាប្រាកដជាបង្កើតគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរចំពោះអ្នក។
ម្យ៉ាងវិញទៀត បើយោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ី ក៏បានធ្វើការដកស្រង់សម្តីលោក Sergei Shoigu ដែលបាននិយាយនៅឯវេទិកាថា “ខ្សែបន្ទាត់នៃលោកខាងលិចជុំវិញការកើនឡើងជាលំដាប់នៃជម្លោះជាមួយរុស្ស៊ី វាគឺជាហេតុដែលនាំមកនូវការគំរាមកំហែងនៃការប៉ះទង្គិចគ្នាខាងយោធាដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ ដែលពោរពេញដោយមហន្តរាយ” ។
ដោយឡែកលោក Sergei Shoigu ក៏បាននិយាយផងដែរថា លោកខាងលិចគឺជាអ្នកមានបំណងធ្វើ “ការឲ្យមានការបរាជ័យជាយុទ្ធសាស្ត្រ” សម្រាប់ប្រទេសរុស្ស៊ីនៅក្នុង “សង្រ្គាមកូនកាត់” តែលោកក៏បាន និយាយពាក្យមួយឃ្លាទៀតថា រាល់សកម្មភាពរបស់សហរដ្ឋអាមេរិក និងពួកលោកខាង វាក៏ជួយជំរុញឲ្យទំនាក់ទំនងរុស្ស៊ី-ចិន ទ្វេរភាគីកាន់តែមានភាពល្អប្រសើរទៅវិញទេ។
រីឯលោក Zhang Youxia អនុប្រធានក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping នៃគណៈកម្មាការយោធាមជ្ឈិមនៃប្រទេសចិន បានបញ្ចេញការរិះគន់ចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដោយចោទប្រកាន់ “ប្រទេសមួយចំនួន” ពីការព្យាយាមធ្វើឱ្យខូចខាតដល់រដ្ឋាភិបាលរបស់ខ្លួនផងដែរ។
ប៉ុន្តែនៅក្នុងផ្នែកផ្សេងទៀតនៃសុន្ទរកថារបស់គាត់ លោក Zhang បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិកទៅវិញ។
លោក Zhang បាននិយាយនៅក្នុងសុន្ទរកថាមួយថា “យើងនឹងធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ និងការសម្របសម្រួលជាមួយរុស្ស៊ី ហើយយើងពិតជាមានឆន្ទៈក្នុងការឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក ការរួមរស់ដោយសន្តិភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ តែក៏អភិវឌ្ឍទំនាក់ទំនងយោធាជាមួយសហរដ្ឋអាមេរិក” ដូចគ្នាដែរ។ តែបើទោះជាយ៉ាងនេះក៏ដោយ សម្រាប់បញ្ហាការទូតចំពេលមានភាពតានតឹងលើកោះតៃវ៉ាន់ និងសមុទ្រចិនខាងត្បូង វានូវតែជាបញ្ហាដដែល។