ក្រុមហាម៉ាស់និយាយថា ខ្លួនបានបាញ់ប្រហារ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងតែវាយលុកតាមដីគោក

នាយករដ្ឋមន្ត្រីរបស់ប្រទេសអ៊ីស្រាអែល លោក  Benjamin Netanyahu បានច្រានចោលរាល់ការអំពាវនាវឱ្យបញ្ឈប់ការប្រយុទ្ធគ្នា នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ៣១​ ខែតុលា ឆ្នាំ ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

អ៊ីស្រាអែល​បាន​ពង្រីក​ប្រតិបត្តិការ​ជើងគោក​នៅ​តំបន់​ហ្កាហ្សា ខណៈ​ដែល​ខ្លួនកំពុងតែ​ស្វែងរក​ការ​ដាក់​ទណ្ឌកម្ម​លើ​ចលនា​ហាម៉ាស់ បន្ទាប់​ការ​ផ្ទុះអាវុធ​ដ៏​សាហាវមួយ​កាលពី​បី​សប្តាហ៍​មុន ​ដែល​អាជ្ញាធរ​អ៊ីស្រាអែល​បាន​និយាយ​ថា​ពួកគេបាន​សម្លាប់ប្រជាជនរបស់ខ្លួនប្រមាណ ១៤០០ នាក់។

សាក្សី​បាន​និយាយ​ថា កងកម្លាំង​អ៊ីស្រាអែល​បាន​កំណត់​គោលដៅ​លើ​ផ្លូវ​សំខាន់មួយ គឺ​ពី​ជើង​ទៅ​ត្បូង​នៃ​តំបន់​ហ្គាហ្សា​កាលពី​ថ្ងៃ​ច័ន្ទ រួចហើយពួកគេក៏​បាន​វាយប្រហារ​ទីក្រុង​ហ្គាហ្សាទាំងពីរចំនុចនេះ ។ ដោយក្នុងនោះអ៊ីស្រាអែលបាននិយាយថា កងទ័ពរបស់ខ្លួន បានរំដោះទាហានម្នាក់ពីការចាប់ឃុំខ្លួនរបស់ពួកហាម៉ាស ដែលជាចំណាប់ខ្មាំងម្នាក់ក្នុងចំណោមចំណាប់ខ្មាំងទាំង 239 នាក់ ដោយអ៊ីស្រាអែលបានអះអាងថា ពួកគេត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា។

ចំនែកឯកងពលតូច al-Qassam ដែលជាក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាស បាននិយាយថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួននៅហ្គាហ្សា បានបាញ់មីស៊ីលប្រឆាំងរថក្រោះ ដោយសំដៅទៅកាន់កងកម្លាំងឈ្លានពានរបស់អ៊ីស្រាអែល ដើម្បីជាការតបត។

យ៉ាងណាមិញ ខាង Reuters មិនអាច​បញ្ជាក់​ពី​របាយការណ៍​នៃ​ការ​ប្រយុទ្ធ​គ្នា​បាន​ទេ។ ហើយខាងយោធា​អ៊ីស្រាអែល​មិន​មាន​ការ​អធិប្បាយ​ភ្លាមៗ​នោះដែរ។

ចំពោះអាជ្ញាធរសុខាភិបាលហ្គាហ្សាបាននិយាយថា បច្ចុប្បន្នចំនួនអ្នកស្លាប់នៅហ្គាហ្សាបានកើនឡើងរហូតដល់ ៨.៣០៦ នាក់ ក្នុងនោះរួមមានអនីតិជនចំនួន ៣.៤៥៧ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី ៧ ខែតុលាមក។ ខាងមន្ត្រីអង្គការសហប្រជាជាតិបាននិយាយថា ប្រជាជនស៊ីវិលជាង ១,៤ លាននាក់នៅតំបន់ហ្គាហ្សាប្រហែល ២,៣ លាននាក់ត្រូវបានគ្មានផ្ទះសម្បែងទៀតនោះទេ។

ចំពោះចំនួននៃអ្នកស្លាប់ដែលចេះតែកើនឡើងជាបន្តបន្ទាប់វាក៏បានទាក់ទាញការអំពាវនាវពីសហរដ្ឋអាមេរិក សម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល និងបណ្តាប្រទេសផ្សេងទៀត ជាពិសេសគឺអង្គការសហប្រជាជាតិ បានស្នើរឱ្យផ្អាកក្នុងការប្រយុទ្ធ ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌អាចជួយដល់ជនរងគ្រោះនៅក្នុងតំបន់នោះ។

តែបើទោះជាយ៉ាងណាក៏ដោយ លោក Netanyahu បាននិយាយកាលពីល្ងាចថ្ងៃច័ន្ទថា អ៊ីស្រាអែលនឹងមិនយល់ព្រមចំពោះការបញ្ឈប់អរិភាពជាមួយក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សានោះទេ ហើយនឹងបន្តទៅមុខជាមួយនឹងផែនការរបស់ខ្លួនក្នុងការលុបបំបាត់ក្រុមហាម៉ាសមួយនេះ។

លោក Netanyahu បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ការអំពាវនាវឱ្យមានបទឈប់បាញ់គឺជាការអំពាវនាវ គឺមិនអ្វីពីឱ្យអ៊ីស្រាអែលចុះចាញ់ក្រុមហាម៉ាសនោះទេ ហើយការចុះចាញ់នឹងអំពើភេរវកម្មបែបនេះ វាមិនខុសអីពីការចុះចាញ់នឹងភាពព្រៃផ្សៃនោះទេ យើងសូមបញ្ជាក់ថារឿងមួយនេះនឹងមិនអាចកើតឡើងបានឡើយ” ។

បើយោងតាមអ្នកឯកទេសខាងយោធាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលកំពុងធ្វើចលនាយឺតៗ ក្នុងការវាយលុកដីគោក ដែលជាផ្នែកមួយដើម្បីរក្សាការបើកចំហលទ្ធភាព ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់នឹងចរចារដោះលែងចំណាប់ខ្មាំង។

គួរបញ្ជាក់ថាការប្រយ័ត្នប្រយែងរបស់កងទ័ពអ៊ីស្រាអែល បានធ្វើឲ្យពួកគេបានដណ្តើមយកទឹកដីមួយចំនួននៅក្នុងថ្ងៃដំបូងនៃប្រតិបត្តិការជើងគោកដែលប្រកបដោយនិរន្តរភាពនៅតំបន់ហ្គាហ្សា ដែលជាការវាយលុកផ្ទុយពីការវាយប្រហារតាមផ្លូវអាកាសមិនឈប់ឈររយៈពេល 3 សប្តាហ៍ចុងក្រោយនេះ ។

Reporter:
scroll to top