មេធាវីរបស់លោក Kwon Ji-yong ដែលមហាលជនស្គាល់ឈ្មោះហៅក្រៅថា ជា G-Dragon ហើយក៏ជាសមាជិកនៃ K-pop BIGBANG បាននិយាយកាលពីថ្ងៃអង្គារថា G-Dragon នឹងបង្ហាញខ្លួនដោយស្ម័គ្រចិត្តនៅចំពោះមុខប៉ូលីសដើម្បីបកស្រាយជុំវិញការសង្ស័យលើការប្រើប្រាស់គ្រឿងញៀននៅសប្តាហ៍ក្រោយ។
លោក Kim Su-hyeon ដែលជាមេធាវីផ្ទាល់របស់ G-Dragon បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយប្រកាសថា តារាចម្រៀងរ៉េបមួយដួងនេះនឹងបង្ហាញខ្លួនសម្រាប់ការសាកសួរនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ដោយលោកបាននិយាយទៀតថា សម្រាប់ករណីមួយនេះផងដែរ វាគឺជាការស៊ើបអង្កេតយ៉ាងឆាប់រហ័ស និងយុត្តិធម៌បំផុត នេះបើយោងតាមការចុះផ្សាយរបស់ យ៉ុនហាប់ កាលពីថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៣។
យ៉ាងណាមិញ G-Dragon ដែលត្រូវបានគេសង្ស័យថា បានប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ដែលល្មើសនឹងច្បាប់គ្រប់គ្រងគ្រឿងញៀននោះ នៅតែបដិសេធចំពោះការសង្ស័យ និងការចោទប្រកាន់ទាំងអស់។ បើទោះបីជាខាងប៉ូលីសកាលពីថ្ងៃអង្គារបាននិយាយថា ពួកគេបានរៀបចំកាលបរិច្ឆេទជាមួយតារាចម្រៀង ដោយបន្ថែមថា ពួកគេនឹងធ្វើតេស្ដសារធាតុញៀនភ្លាមៗលើគាត់ ដើម្បីពិនិត្យមើលថាតើគាត់បានប្រើប្រាស់ថ្នាំញៀនឬអត់។
ភ្នាក់ងារប៉ូលីសក្រុង Incheon បានណាត់គាត់កាលពីសប្តាហ៍មុន សម្រាប់ការស៊ើបអង្កេត និងហាមឃាត់គាត់មិនឱ្យចាកចេញពីប្រទេសក្នុងកំឡុងពេលនៃការសើបអង្កេត។
បើយោងតាមសេចក្តីថ្លែងការណ៍ខាងលើនេះ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីតារារ៉េបប្រុស មានវ័យ 35 ឆ្នាំដែលមានឈ្មោះពិតថា Kwon Ji-yong បានប្រកាសពីចេតនារបស់គាត់ក្នុងការបង្ហាញមុខ និងភាពស្អាតស្អំ របស់គាត់ ចំពោះការស៊ើបអង្កេតមួយនេះផងដែរ។
បើទោះជាយ៉ាងណាក៏ដោយ ខាងមេធាវីក៏បានស្នើឱ្យប្រព័ន្ធផ្សព្វផ្សាយចាត់វិធានការប្រកបដោយការទទួលខុសត្រូវ ដើម្បីការពារព័ត៌មានមិនពិតអំពីកូនក្តីរបស់គាត់នៅពេលចេញផ្សាយ និងដើម្បីការពារការខូចខាតណាមួយ ដែលមិនអាចកែប្រែបានចំពោះតារា K-pop រូបនេះ ។
ម្យ៉ាងវិញទៀត ខាងប៉ូលីស ក៏ចេញបានព្រមានអំពីវិធានការរបស់ខ្លួនយ៉ាងខ្លាំងក្លាបំផុត ក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗ ក្នុងករណីបើមានលេចចេញនូវរបាយការណ៍មិនពិតណាមួយ ឬក៏មានចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់ G-Dragon នោះ។
ទន្ទឹមនឹងនេះ ប៉ូលីសក៏បានកោះហៅតារាសម្តែង Lee Sun-kyun ឱ្យចូលខ្លួនមកសាកសួរជាលើកទីពីរកាលពីថ្ងៃសៅរ៍ផងដែរ គឺបន្ទាប់ពីលោក Lee ត្រូវបានគេធ្វើតេស្តសារធាតុប្រតិកម្មរយៈពេលខ្លីកាលពីសប្តាហ៍មុន ដែលលទ្ធផលគឺអវិជ្ជមាន។
លោក Lee ក៏ជាមនុស្សម្នាក់ដែលត្រូវបានគេសង្ស័យថាបានប្រើប្រាស់កញ្ឆា និងថ្នាំខុសច្បាប់ផ្សេងទៀតនៅផ្ទះរបស់នារីបម្រើការងារនៅបារកម្រិតខ្ពស់មួយកន្លែង ដែលស្ថិតក្នុងសង្កាត់ Gangnam នៃទីក្រុងសេអ៊ូល ជាច្រើនដងចាប់តាំងពីដើមឆ្នាំនេះ។
ប៉ូលីសបានស្នើសុំឱ្យខាងសេវាកោសល្យវិច្ច័យជាតិធ្វើការវិភាគឱ្យបានហ្មត់ចត់លើគំរូទឹកនោម និងសក់របស់គាត់ដែលអាចចំណាយពេលលើសពីពីរសប្តាហ៍ដើម្បីចេញជាលទ្ធផលដែលអាចជឿជាក់បាន។
ខាងប៉ូលីសបាននិយាយថា ពួកគេនឹងពិនិត្យមើលលទ្ធភាពនៃការដាក់ដីកាចាប់ខ្លួន តារាសម្តែង Lee ដោយអាស្រ័យលើថា តើតារាសម្តែងរូបនេះបានសារភាពចំពោះការចោទប្រកាន់របស់គាត់ និងចំនួនដងដែលគាត់បានប្រើប្រាស់គ្រឿងញៀនដែរឬក៏អត់នោះ។