តាមរយៈទីក្រុងម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃព្រហស្បតិ៍នេះ បានចុះហត្ថលេខាលើឯកសារមួយច្បាប់ដែលបញ្ជាក់ពីការលុបចោលនូវការផ្តល់សច្ចាប័នរបស់រុស្ស៊ី ចំពោះសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ ដោយលោកបាននិយាយថា យើងនឹងបានរៀបចំឡើងវិញ នូវកំណែទម្រង់ថ្មី ដើម្បីឲ្យទីក្រុងម៉ូស្គូ ស្របទៅតាមគោលនយោបាយរបស់សហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៣។
រុស្ស៊ីបាននិយាយថា ខ្លួននឹងមិនបន្តការសាកល្បងឡើយ លុះត្រាតែទីក្រុងវ៉ាស៊ីនតោនបង្ខំឲ្យមានការដកសច្ចាប័នរបស់ខ្លួន ម្យ៉ាងវិញទៀតរុស្ស៊ីក៏មិនផ្លាស់ប្តូរឥរិយាបថនុយក្លេអ៊ែរបស់ខ្លួននោះដែរ សូម្បីតែការចែករំលែកព័ត៌មានអំពីសកម្មភាពនុយក្លេអ៊ែររបស់យើងនោះ។
តាមពិតទៅខាងទីក្រុងវ៉ាស៊ីនតោនបានចុះហត្ថលេខាលើសន្ធិសញ្ញាក៏ពិតមែន ប៉ុន្តែក៏មិនដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាក្នុងឆ្នាំ 1996 ដែរ។ តែសម្រាប់លោក ពូទីន ផ្ទាល់គ្រាន់តែចង់និយាយថា គាត់ចង់ឱ្យប្រទេសរុស្ស៊ីអាចទទួលយកជំហរដូចទៅនឹងសហរដ្ឋអាមេរិកតែប៉ុណ្ណោះ។
អ្នកជំនាញគ្រប់គ្រងអាវុធលោកខាងលិចមួយចំនួនមានការព្រួយបារម្ភថា រុស្ស៊ីអាចនឹងឈានទៅរកការសាកល្បងដើម្បីបំភិតបំភ័យ និងបង្កការភ័យខ្លាចចំពេលមានសង្រ្គាមអ៊ុយក្រែន ប៉ុន្តែការទស្សទាយនេះ ត្រូវបានមន្ត្រីរបស់រុស្ស៊ីបានបដិសេធ។
គួរបញ្ជាក់ថា លោកពូទីនបាននិយាយកាលពីថ្ងៃទី 5 ខែតុលាថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ សម្រាប់ការទស្សទាយជាច្រើនដែលបាននិយាយថា តើរុស្ស៊ីគួរតែបន្តការសាកល្បងនុយក្លេអ៊ែរឬអត់ បន្ទាប់ពីការអំពាវនាវពីអ្នកជំនាញសន្តិសុខរុស្ស៊ីមួយចំនួន និងសមាជិកសភាឱ្យសាកល្បងគ្រាប់បែកនុយក្លេអ៊ែរជាការព្រមានដល់លោកខាងលិចនោះ។
យ៉ាងណាមិញចំពោះចំណាត់ការបែបនេះ វាអាចកើតឡើង លុះត្រាតែអ្វីៗបានឈានទៅរកយុគសម័យថ្មីនៃការសាកល្បងនុយក្លេអ៊ែរថាមពលដ៏ធំបានកើតឡើងជាមុនសិន ហើយវាក៏ជាអ្វីដែលពួកលោកខាងលិចភ័យខ្លាចផងដែរ។
ការយល់ព្រមរបស់លោកពូទីនលើច្បាប់ដកសច្ចាប័ន ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់រដ្ឋាភិបាលដែលបាននិយាយថាការសម្រេចចិត្តបានចូលជាធរមានភ្លាមៗ ហើយសភាទាំងពីរ នៃសភារុស្ស៊ីបានអនុម័តជំហាននេះរួចហើយផងដែរ។
គួរបញ្ជាក់ថា ក្រោយសម័យសូវៀត រុស្ស៊ីមិនដែលធ្លាប់ធ្វើតេស្តនុយក្លេអ៊ែរនោះទេ បើយើងគិតចាប់តាំងពីក្នុងសម័យសហភាពសូវៀតដែលបានសាកល្បងចុងក្រោយនៅឆ្នាំ 1990 និងសហរដ្ឋអាមេរិកនៅឆ្នាំ 1992 ។