តាមរយៈទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ០២ ខែវិច្ឆិកា បានឲ្យដឹងថា សភាតំណាងរបស់សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានអនុម័តជំនួយយោធាដែលមានតម្លៃប្រមាណ14.5 ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ីស្រាអែលក្នុងការប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់ VOA ។
ប្រធានសភាថ្មីលោក Mike Johnson បានជ្រើសរើសវិធីសាស្រ្តមិនធម្មតាមួយយកប្រើប្រាស់ ចំពោះកញ្ចប់ជំនួយថ្មីមួយនេះ ដោយតម្រូវឱ្យរដ្ឋាភិបាលរបស់ខ្លួនត្រូវតែកាត់បន្ថយការចំណាយនៅកន្លែងផ្សេងទៀត ដែលជាយុទ្ធសាស្ត្រមួយ បង្ហាញឲ្យសមាជិកសភាជាច្រើនដឹងថា វាគឺជាការបែងចែកសភាភាគច្រើនតាមជួរគណបក្សទាំងពីររបស់អាមេរិកទៅវិញ។
វិក័យប័ត្រដែលបានអនុម័តពី 226 មកនៅត្រឹម 196 វាគឺជាសកម្មភាពនីតិប្បញ្ញត្តិដ៏សំខាន់ដំបូងបង្អស់របស់គណបក្សសាធារណរដ្ឋ បើគិតចាប់តាំងពីគាត់បានក្លាយជាប្រធានសភាកាលពីសប្តាហ៍មុន។ លោក Johnson ដែលមកពីរដ្ឋ Louisiana ភាគខាងត្បូងនៃសហរដ្ឋអាមេរិក បាននិយាយថា ច្បាប់នេះនឹងជួយដល់ប្រទេសអ៊ីស្រាអែល “ខណៈពេលដែលយើងក៏ធ្វើការដើម្បីធានាថា រាល់ការចំណាយគឺប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាពិសេសជាងនេះទៅទៀតនោះគឺដើម្បីកាត់បន្ថយទំហំនៃការចំណាយរបស់រដ្ឋាភិបាលសហព័ន្ធផងដែរ” ។
គួរបញ្ជាក់ថា វិក័យប័ត្រ GOP មិនរួមបញ្ចូលជំនួយមនុស្សធម៌ណាមួយសម្រាប់ Gaza នោះទេ។
ចំនែកឯ លោក Biden បាននិយាយថា លោកនឹងវេតូ(បដិសេធការសម្រេចចិត្ត)លើច្បាប់មួយនេះ ដោយក្នុងនោះ ក្រុមសមាជិកគណបក្សប្រជាធិបតេយ្យបានគាំទ្រលោក Bidenថា ច្បាប់នេះមិនមានឱកាសនៅក្នុងព្រឹទ្ធសភាជាដាច់ខាត។
ខាងសេតវិមានបាននិយាយថា វិធីសាស្រ្តរបស់លោក ចនសុន នឹងកំណត់នូវគំរូដ៏ប្រថុយប្រថានមួយ ហើយ វាក៏ជាការ”បរាជ័យចំពោះស្ថានភាពនៅពេលនេះ”។ ម្យ៉ាងវិញទៀតខាងសេតវិមានក៏បាននិយាយរិៈគន់ប្រធានសភាថ្មីថា ភាពខ្វះខាតជំនួយមនុស្សធម៌សម្រាប់តំបន់ហ្គាហ្សានៅក្នុងការអនុម័តថ្មីមួយនេះ វាក៏ជាហេតុដែលនាំមកនូវការបរាជ័យក្នុងការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន និងតៃវ៉ាន់ដូចគ្នាដែរ។
ខាងសេតវិមានបាននិយាយថា “ចំពោះច្បាប់ថ្មីមួយនេះនឹងបំបែកជាមួយនឹងវិធីសាស្រ្តធម្មតា និងទ្វេភាគីក្នុងការផ្តល់ជំនួយសន្តិសុខជាតិសង្គ្រោះបន្ទាន់” ។ សមាជិកក្រុមគណបក្សប្រជាធិបតេយ្យបាននិយាយទៀតថា វិធីសាស្រ្តរបស់គណបក្សសាធារណរដ្ឋ “នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសុវត្ថិភាព និងសម្ព័ន្ធភាពរបស់យើងនាពេលប៉ុន្មានឆ្នាំខាងមុខថែមទៀតផង”។
យ៉ាងណាមិញចំពោះផែនការចំណាយសម្រាប់ជំនួយមនុស្សធម៌ វានឹងពាក់ព័ន្ធទៅលើការកាត់ប្រាក់រាប់ពាន់លានដុល្លាពីសេវាកម្មចំណូលផ្ទៃក្នុង ដែលគណបក្សប្រជាធិបតេយ្យបានអនុម័តកាលពីឆ្នាំមុន ហើយលោក Biden បានចុះហត្ថលេខាលើច្បាប់នោះរួចរាល់ហើយផងដែរ។ ហើយចំនែកឯខាងការិយាល័យថវិកាសភាដែលប្រកាន់អាព្យាក្រឹត្យបាននិយាយថា វិធីសាស្រ្តចុងក្រោយនឹងធ្វើឱ្យរដ្ឋាភិបាលសហព័ន្ធខាតបង់ទឹកប្រាក់ចំនួន 12 ពាន់លានដុល្លារដោយសារតែការបាត់បង់ប្រាក់ចំណូលពីសារពើពន្ធ។
បើយោងតាមការរៀបរាប់របស់មេដឹកនាំភាគច្រើននៃព្រឹទ្ធសភារបស់គណបក្សប្រជាធិបតេយ្យ លោក Chuck Schumer បាននិយាយថា សេចក្តីព្រាងច្បាប់ដែលមានភាព “មិនប្រាកដប្រជា” នឹងមិនឆ្លងកាត់ព្រឹទ្ធសភានោះទេ។
រីឯលោក Joe Biden ក៏បានស្នើឱ្យសភាអនុម័តកញ្ចប់ចំណាយបន្ទាន់ចំនួន 106 ពាន់លានដុល្លារបន្ថែមទៀត ដែលនឹងរួមបញ្ចូលការផ្តល់មូលនិធិសម្រាប់អ៊ីស្រាអែល តៃវ៉ាន់ អ៊ុយក្រែន និងជំនួយមនុស្សធម៌ថែមទៀតផង។ ដោយក្នុងនោះលោក Schumer បានឆ្លើយតបវិញថា ព្រឹទ្ធសភានឹងពិចារណាលើវិក័យប័ត្រទ្វេភាគី ដែលមានគោលបំណងដោះស្រាយកង្វល់ទាំងនោះ។