ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី Imperator Alexander III បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលផ្លោង Bulava ដែលត្រូវបានរចនាឡើងដើម្បីផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ ២០២៣។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា ” កាំជ្រួចបាញ់ផ្លោងលើកនេះ វាគឺជាធាតុចុងក្រោយនៃការធ្វើតេស្តរបស់ប្រទេស ហើយបន្ទាប់មកទៀតរដ្ឋាភិបាលរបស់ខ្លួននឹងសម្រេចចិត្តថា តើត្រូវបញ្ជូននាវាចម្បាំងមួយនេះឲ្យទៅបម្រើការក្នុងកងទ័ពជើងទឹកពេលណានោះ” ។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងតែជំរុញឱ្យគ្រប់អង្គភាពទាំងអស់ដែលពាក់ព័ន្ធឲ្យរក្សាភាពស្ងប់ស្ងាត់នៃអាវុធនុយក្លេអ៊ែរដែលខ្លួនមានមិនឲ្យបញ្ចេញសកម្មភាពណាមួយឡើយ ព្រោះលោកមិនចង់ឲ្យពិភពលោកគិតថា រុស្ស៊ីចង់គំរាមកំហែងផ្នែកសន្តិសុខនោះទេ ម្យ៉ាងទៀតទំនាក់ទំនងរវាងទីក្រុងមូស្គូ និងលោកខាងលិចគឺនូវមិនទាន់ឈានដល់កម្រិតថ្មីដែលតម្រូវយើងនឹងប្រើប្រាស់វានោះដែរ។
យ៉ាងណាមិញ ចំពោះកាំជ្រួចអន្តរទ្វីប ដែលត្រូវបានបាញ់ចេញពីទីតាំងក្រោមទឹកក្នុងសមុទ្រ ភាគខាងជើងនៃប្រទេសរុស្ស៊ី វាអាចមានសម្ថភាពវាយប្រហារគោលដៅបានរាប់ពាន់គីឡូម៉ែត្រពីឧបទ្វីប Kamchatka នៅចុងបូព៌ារុស្ស៊ីបានដោយងាយស្រួល។ ប៉ុន្តែក្រសួងការពារជាតិរុស្ស៊ីក៏មិនបានបញ្ជាក់ថា ការធ្វើតេស្តនេះកើតឡើងនៅពេលណានោះដែរ។ ដោយក្នុងនោះខាងក្រសួងគ្រាន់តែបាននិយាយថា នាវាចម្បាំងកាំជ្រួចយុទ្ធសាស្ត្ររបស់ខ្លួន ត្រូវបានបំពាក់ដោយកាំជ្រួច Bulava ចំនួន 16គ្រាប់ និងរួមបញ្ចូលអាវុធ torpedo ដែលជាបច្ចេកវិទ្យាចុងក្រោយដ៏ទំនើបថែមទៀតផង។
ក្រសួងការពារជាតិរបស់ប្រទេសមួយនេះបាននិយាយទៀតថា បច្ចុប្បន្នកងទ័ពជើងទឹករុស្ស៊ីគឺមាននាវាមុជទឹកដើរដោយថាមពលនុយក្លេអែរចំនួន 3 គ្រឿងគឺកំពុងតែប្រតិបត្តិការណ៍ប្រចាំនៅដែនទឹក ហើយមួយផ្សេងទៀតកំពុងតែជាប់ការសាកល្បង និងចំណែកឯ 3គ្រឿងទៀតកំពុងតែសាងសង់។
បើយោងតាមការរាយការណ៍របស់ក្រសួងការពាជាតិដដែលបានឲ្យទៀតថា កាំជ្រួច Bulava គឺមានប្រវែង 12 ម៉ែត្រ (40 ហ្វីត) ដែលមានសមត្ថភាពវាយប្រហារគោលដៅនៅចំងាយប្រហែល 8,000 គីឡូម៉ែត្រ (5,000 ម៉ាយ) ហើយចំនែកឯក្បាលគ្រាប់របស់វាវិញអាចផ្ទុកគ្រាប់នុយក្លេអ៊ែរបានដល់ទៅ 6 គ្រាប់ ហេតុដូច្នេះហើយទើបវាអាចក្លាយជាមូលដ្ឋានគ្រឹះនៅក្នុងផ្នែកកងទ័ពជើងទឹកនៃផ្នែកនុយក្លេអ៊ែររបស់រុស្ស៊ីបាន។