រដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហរដ្ឋអាមេរិក គ្រោងនឹងធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុងសប្តាហ៍នេះ គឺស្របពេលដែលប្រទេសទាំងពីរនេះ កំពុងតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការរៀបចំរបស់កូរ៉េខាងជើង ក្នុងការបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍ ដោយមានការគាំទ្រពីប្រទេសថរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ Korean Times កាលពីថ្ងៃទី ០៦ ខែវិច្ឆិកា ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken គ្រោងនឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងរយៈពេលពីរថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃពុធសប្តាហ៍នេះ គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ត្រៀមធ្វើឡើងបន្ទាប់ពីលោកបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 នៅទីក្រុងតូក្យូ ដែលគ្រោងធ្វើឡើងនៅថ្ងៃអង្គារ។
ជាមួយគ្នានេះផងដែរ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងនៅចុងសប្តាហ៍នេះដូចគ្នាដែរ គឺមុនពេលកិច្ចប្រជុំប្រឹក្សាសន្តិសុខកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកលើកទី៥៥ (SCM) ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
យ៉ាងណាមិញសម្រាប់ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកធ្វើឡើងក្នុងពេលវេលាដ៏សំខាន់មួយ ដោយទីក្រុងវ៉ាស៊ីនតោនមានគោលបំណងពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះការអភិវឌ្ឍន៍យូរអង្វែងនៃសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាមេរិក ដោយគ្រោងប្រារព្ធខួបលើកទី 70 របស់ពួកគេនៅឆ្នាំនេះថែមទៀតផង។ លើសពីនេះទៅទៀត សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា ពួកគេនឹងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹង “ការរារាំងបន្ថែមទៀត”ដើម្បីប្រឆាំង និងរារាំង រាល់ការគំរាមកំហែងនានា នៃការវាយប្រហារអាវុធនុយក្លេអ៊ែរ ពីភាគីប្រទេសកូរ៉េខាងជើង។
ជាការពិតណាស់ទាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក តែងតែចាត់វិធានការសំខាន់ៗជាច្រើន ក្នុងទិសដៅមួយ ដែលជាការឆ្លុះបញ្ចាំងថា ទីក្រុងវ៉ាស៊ីនតោនតែងតែជំរុញកិច្ចខិតខំប្រឹងប្រែង ក្នុងការទប់ស្កាត់កូរ៉េខាងជើង ចាប់តាំងមានការចុះហត្ថលេខារវាងប្រធានាធិបតី Yoon Suk Yeol និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់ពួកគេកាលពីខែមេសាមកម្ល៉េះ។
ម្យ៉ាងទៀត រាល់សេចក្តីប្រកាសដោយពួកគេទាំងពី ក៏មានការលើកឡើងពីប្រតិបត្តិការនៃក្រុមប្រឹក្សានុយក្លេអ៊ែរកូរ៉េខាងត្បូង-អាមេរិក (NCG) ដែលនិងមានការដាក់ពង្រាយជាប្រចាំនូវទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដូចជានាវាដែលកំណត់មីស៊ីលផ្លោងពីនាវាមុជទឹក (SSBN) នៅលើឧបទ្វីបកូរ៉េជាដើម។ បន្ថែមពីលើនេះ ប្រទេសទាំងក៏មានការចូលរួមពីប្រទេសជប៉ុនផងដែរ ដើម្បីបង្កើតប្រព័ន្ធចែករំលែកព័ត៌មានព្រមានអំពីមីស៊ីលផ្លោងក្នុងពេលជាក់ស្តែង។
ស្របពេលជាមួយគ្នានេះដែរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់ Blinken និង Austin ក៏មានការរំពឹងទុកថា ពួកគេក៏ការពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ និងការកំណត់ទិសដៅនាពេលអនាគត ដើម្បីពង្រឹងទំនាក់ទំនងរបស់ប្រទេសទាំងបី ខណៈដែលកូរ៉េខាងជើងកំពុងតែរៀបចំបាញ់បង្ហោះផ្កាយរណបឈ្លបយកការណ៍នាពេលខាងមុខនេះ។
ព្រោះថាបើយោងតាមការសង្កេតអន្តរជាតិបានបង្ហាញថា ពាណិជ្ជកម្មអាវុធរវាងកូរ៉េខាងជើង និងរុស្ស៊ីកំពុងកើនឡើងជាលំដាប់ ចំពេលមានការរំពឹងទុកជាបន្តបន្ទាប់ថា ប្រទេសទាំងពីរអាចនឹងឈានដល់កិច្ចព្រមព្រៀងអាវុធក្នុងអំឡុងពេលកិច្ចប្រជុំកំពូលដ៏កម្ររវាងមេដឹកទាំងពីរនេះកាលពីក្នុងខែកញ្ញា។