ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញ និងស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកដែលបាញ់បង្ហោះដោយប្រទេសអ៊ុយក្រែនចំនួន ១៧ គ្រឿង កាលពីព្រឹកថ្ងៃអង្គារ គឺនៅលើសមុទ្រខ្មៅ ដែលនៅក្បែរតំបន់ឧបទ្វីបគ្រីមៀ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅប៉ុន្មានម៉ោងមុននេះ អភិបាលនៃកំពង់ផែសមុទ្រខ្មៅនៃទីក្រុង Sevastopol ដែលត្រូវបានដំឡើងដោយរុស្ស៊ី លោក Mikhail Razvozhayev បាននិយាយថា មានកំទេចកំទីជាច្រើនបានធ្លាក់លើដំបូលផ្ទះរបស់ប្រជាពលរដ្ឋមួយកន្លែងដែលស្ថិតនៅក្នុងភូមិ Andriivka គឺនៅជាយក្រុង Sevastopol តែអភិបាលកំពុងផែរូបនេះមិនបានបញ្ជាក់អំពីគ្រោះថ្នាក់ណាមួយដែលអាចកើតឡើងនោះទេ។
ចំនែកឯខាងសារព័ត៌មានក្នុងស្រុកមួយ (Shot) គឺជាអ្នកតែងតែរាយការណ៍ព័ត៌មានសន្តិសុខដ៏គួរឱ្យទុកចិត្ត បាននិយាយថា នៅម៉ោងប្រហែល 4:10 ព្រឹក (0110 GMT) មានសម្លេងផ្ទុះយ៉ាងខ្លាំងក្លាមួយបានកើតឡើង ហើយក្នុងនោះមានមនុស្សជាច្រើនបានឮសម្លេងផ្ទុះនោះចេញពីទីប្រជុំជន Novofedorivka និង Saky ។ ប្រភពមួយនេះបានឲ្យដឹងទៀតថា Saky គឺជាមូលដ្ឋានទ័ពអាកាសរបស់ប្រទេសរុស្ស៊ី។ បើទោះជាយ៉ាងណាក៏ដោយ ខាងអ្នកយកព័ត៌មានរ៉យទ័រមិនអាចផ្ទៀងផ្ទាត់របាយការណ៍ដោយឯករាជ្យបានទេ។
ម្យ៉ាងទៀតជុំវិញហេតុការណ៍នេះ ខាងរ៉យទ័រក៏មិនទាន់ទទួលបានការអត្ថាធិប្បាយភ្លាមៗណាមួយ ពីភាគីប្រទេសអ៊ុយក្រែននោះដែរ។ ប៉ុន្តែបើយោងតាមការចុះផ្សាយរបស់ទីក្រុង Kyiv បានឲ្យដឹងថា ទាហ៊ានរបស់អ៊ុយក្រែនបានបង្កើនការវាយប្រហាររបស់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ីដែលស្ថិតនៅក្នុងតំបន់ Crimea តែម្តង ព្រោះវាគឺជាឧបទ្វីបដែលទីក្រុងម៉ូស្គូបានបញ្ចូលពីអ៊ុយក្រែនក្នុងឆ្នាំ ២០១៤។