លោក Zelenskyy បានប្តេជ្ញាថា និងធ្វើឲ្យ អ៊ុយក្រែន ក្លាយទៅជាផ្នែកមួយនៃសហភាពអឺរ៉ុប

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញាកាលពីថ្ងៃអង្គារនេះថា ប្រទេសរបស់លោកនឹងក្លាយជាសមាជិកនៃសហភាពអឺរ៉ុបឲ្យទាល់តែបាន។ ហើយការអះអាងមួយនេះ គឺកើតឡើងមុនមួយថ្ងៃ នៃការចេញផ្សាយមួយដែលគេគ្រោងប្រកាសជាផ្លូវការនាថ្ងៃពុធ ដោយស្តីពីវឌ្ឍនភាពនៃបេក្ខភាពរបស់ប្រទេសទៅកាន់សហភាពអឺរ៉ុប នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

គួររំលឹកថា សហភាពអឺរ៉ុបក៏ធ្លាប់បានផ្តល់ឋានៈបេក្ខជនអ៊ុយក្រែននៅក្នុងខែមិថុនា កាលពីក្នុងឆ្នាំ 2022 ដោយពួកគេបានគូសបញ្ជាក់លក្ខខណ្ឌមួយចំនួន សម្រាប់ការទទួលយកប្រទេសអ៊ុយក្រែនឲ្យក្លាយជាសមាជិកភាព  របស់ពួកគេ លុះត្រាប្រទេសមួយនេះអាចការដោះស្រាយអំពើពុករលួយដែលកំពុងរីករាលដាល និងកំណែទម្រង់ប្រព័ន្ធតុលាការក្នុងប្រទេសឲ្យបានល្អជាមុនសិន។

លោក Volodymyr Zelenskyy គឺជាប្រធានាធិបតីទីប្រាំមួយនៃអ៊ុយក្រែន ចាប់តាំងពីឆ្នាំ 2019។ លោកអាចក្លាយជាប្រធានាធិបតីបាន ដោយមុននោះបន្តិច លោក Zelenskyy គឺជាបេក្ខជនប្រធានាធិបតីម្នាក់ដែលមានគោលជំហរ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។ នៅពេលដែលលោក Zelenskyy បានចូលទៅកាន់មុខតំណែងកំពូលមួយនេះក្នុងអំឡុងពេលពីរឆ្នាំដំបូង លោក Zelenskyy ពិតជាយកចិត្តទុកដាក់ក្នុងការមើលខុសត្រូវលើការលើកអភ័យឯកសិទ្ធិផ្លូវច្បាប់សម្រាប់សមាជិកសភា។តែជាអកុសលល អ្វីដែលជាវិបត្តិដ៏ធំសម្រាប់គាត់ បន្ទាប់ពីលោកចូលកាន់តំណែងមិនទាន់បានប៉ុន្មានផង ក៏មានការរាតត្បាតនៃជំងឺកូវីដ១៩ បូករួមទាំងវិបត្តិសេដ្ឋកិច្ចដែលចេះតែកើតឡើងជាបន្តបន្ទាប់។ បើទោះជាយ៉ាងនេះក្តីលោកក៏បន្តដោះស្រាយ អំពើពុករលួយនៅក្នុងប្រទេសតាមការសន្យា បើទោះបីជាវឌ្ឍនភាពលើរឿងមួយនេះនៅមានកម្រឹតក៏ដោយ។ នៅចុងឆ្នាំ២០២១ ថ្វីបើជំងឺរាត្បាតវាមានភាពធូស្បើយក៏ពិតមែន ប៉ុន្តែចំពោះខាងផ្នែកសេដ្ឋកិច្ចវាមិនទាន់មានភាពនឹងនរនោះទេ យ៉ាងណាមិញនៅក្នុងអណត្តិរបស់លោក   Volodymyr Zelenskyy វាមិនមែនជារឿងធម្មតានោះទេរាល់បញ្ហាដែលលោកបានជួបប្រទះ ជាពិសេសនៅពេលដែលរដ្ឋបាលរបស់គាត់បានប្រឈមមុខនឹង ការកើនឡើងនៃភាពតានតឹងជាមួយប្រទេសរុស្ស៊ី នៅឆ្នាំ 2021 ហើយវាក៏ឈានដល់ការចាប់ផ្តើមនៃ ការលុកលុយរបស់រុស្ស៊ីពេញលក្ខណៈជាបន្តនៅក្នុងខែកុម្ភៈ ឆ្នាំ 2022 ។ 

បើទោះជាយ៉ាងណាក៏ដោយ សម្រាប់លោក Zelenskyy បានកំណត់គោលដៅលើជំហ៊ានបន្ទាប់ដែលអ៊ុយក្រែន ធ្វើយ៉ាងណាដើម្បីឲ្យប្រទេសរបស់ “សម្របតាមស្តង់ដាររបស់សហភាពអឺរ៉ុប” ជាមុនសិន ។

ប្រសិនបើយើងនិយាយពីទំនាក់ទំនងការទូត រវាអ៊ុយក្រែន និង សហភាពអ៊ឺរ៉ុបនាពេលនេះ គឺមានភាពល្អប្រសើរច្រើន តួរយ៉ាងដូចជានៅដើមសប្តាហ៍នេះ ប្រទេសហូឡង់ដែលជាសមាជិក EU បានបញ្ជូនយន្តហោះចម្បាំង F-16 ចំនួនប្រាំគ្រឿង ទៅកាន់មូលដ្ឋានទ័ពអាកាសក្នុងប្រទេសរ៉ូម៉ានី ដែលជាកន្លែងសម្រាប់ការហ្វឹកហាត់ អ្នកបើកយន្តហោះអ៊ុយក្រែន និងរ៉ូម៉ានី។ ក្នុងនោះផងដែរខាងក្រុមហ៊ុនផលិតយន្តហោះចម្បាំងដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកគឺក្រុមហ៊ុន Lockheed Martin នឹងទទួលខុសត្រូវក្នុងការថែរក្សាយន្តហោះ ហើយនឹងផ្តល់ការបណ្តុះបណ្តាលដូចគ្នាដែរ។

ថ្លែងទៅកាន់ប្រទេសហូឡង់ លោក Zelenskyy បាននិយាយកាលពីថ្ងៃអង្គារនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំដឹងគុណដល់ប្រទេសហូឡង់ និងនាយករដ្ឋមន្ត្រី Mark Rutte ដែលបានគាំទ្រដល់អ៊ុយក្រែន” ។

គួរបញ្ជាក់ថា បើទោះជាសហភាពអ៊ឺរ៉ុប និងសហរដ្ឋអាមេរិកបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែនក៏ពិតមែន តែក្នុងនោះក៏មានការអំពាវនាវមួយចំនួនពីEU  រួមទាំងពីសមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក ដែលមកពីគណបក្សសាធារណរដ្ឋ គឺ លោក Lindsey Graham បានតម្រូវឲ្យអ៊ុយក្រែនបង្ហាញនូវភស្តុតាងដែលជាកំណែទម្រង់ថ្មីនៅក្នុងលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសថែមទៀតផង។

បើយោងតាមបទសម្ភាសន៍មួយដែលឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Olha Stefanishyna បានប្រាប់រ៉យទ័រកាលពីថ្ងៃចន្ទថា អ៊ុយក្រែនកំពុងសង្ឃឹមថានឹងទទួលបានការវាយតម្លៃជាវិជ្ជមានពីសហភាពអឺរ៉ុបអំពីវឌ្ឍនភាពរបស់ខ្លួនក្នុងការឆ្ពោះទៅរកសមាជិកភាពក្នុងសហភាពអឺរ៉ុប។

លោក Stefanishyna បាននិយាយថា ទីក្រុង Kyiv បានអនុវត្តកំណែទម្រង់ទាំងអស់ដែលជាតម្រូវការរបស់ពួកគេ។ ចំពោះលោកផ្ទាល់ លោកបានរំពឹងទុកយ៉ាងមុតមាំថា របាយការណ៍ដែលចេញនៅថ្ងៃពុធនេះ នឹងបង្ហាញពីការចាប់ផ្តើមនៃកិច្ចចរចាដោយស្តីពីការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន ដែលចាប់ផ្តើមនៅក្នុងខែធ្នូ។

លោក Stefanishyna បាននិយាយថា “ខ្ញុំចង់និយាយថាការវាយតម្លៃនេះពិតជាមានភាពវិជ្ជមាន ពីព្រោះយើងបានទំនាក់ទំនងជាអចិន្ត្រៃយ៍ជាមួយគណៈកម្មការអឺរ៉ុប ដោយពិភាក្សាអំពីជំហាន និងការចរចាអំពីជំហានដែលយើងបានគ្រប់គ្រងដើម្បីអនុវត្ត” ។

គួររំលឹកថា ការពិភាក្សាអំពីសមាជិកភាពសហភាពអឺរ៉ុបត្រូវចំណាយពេលជាច្រើនឆ្នាំ ដោយសារបេក្ខជនត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យផ្នែកច្បាប់ និងសេដ្ឋកិច្ចយ៉ាងទូលំទូលាយ មុនពេលចូលរួម។ យើងខ្ញុំសូមបញ្ជាក់ថា បច្ចុប្បន្នសហភាព​អឺរ៉ុបគឺ​មាន​សមាជិក​ចំនួន ២៧ ប្រទេស តែពួកគេ​ក៏​មិន​ចង់ទទួលយករាល់​ប្រទេស​ណាដែល​កំពុង​មាន​សង្រ្គាម​ដែរ។

ជាឩទាហរណ៍ នៅប្រទេសប៉ូឡូញ ដែលជាប្រទេសសហភាពអឺរ៉ុប អ្នកដឹកទំនិញប៉ូឡូញបានបិទផ្លូវកាលពីថ្ងៃច័ន្ទទៅកាន់ច្រកព្រំដែនចំនួនបីជាមួយអ៊ុយក្រែន ដោយតវ៉ាចំពោះអ្វីដែលពួកគេមើលឃើញថា វាជាភាពអសកម្មរបស់រដ្ឋាភិបាលជុំវិញការបាត់បង់អាជីវកម្មដល់ដៃគូប្រកួតប្រជែងបរទេសចាប់តាំងពីសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។

Reporter:
scroll to top