ការប្រយុទ្ធគ្នារវាងប្រទេសលីបង់ និង តំបន់ភាគជើងអ៊ីស្រាអែលកំពុងតែក្លាយជាប្រធានបទថ្មីទៀតនៅក្នុងតំបន់មជ្ឈឹមបូព៌ា

ក្រុមមន្ត្រីអ៊ីស្រាអែលបាននិយាយថា ក្រុមសកម្មប្រយុទ្ធ Hezbollah របស់ប្រទេសលីបង់បានបាញ់កាំជ្រួចប្រឆាំងរថក្រោះ សំដៅទៅកាន់សហគមន៍ជនបទនៃទីក្រុង Dovev ដែលស្ថិតក្បែរតំបន់ព្រុំដែននៃប្រទេសទាំងពីរកាលពីថ្ងៃអាទិត្យ​ ក្នុងការវាយប្រហារនោះផងដែរ វាបានបណ្តាលឲ្យមានមនុស្ស​៦​នាក់​បាន​រង​របួស និង​មាន​ម្នាក់បានរង​របួសធ្ងន់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរាយការណ៍របស់ ក្រុម Hezbollah បាននិយាយថា ខ្លួនបានបាញ់បង្ហោះកាំជ្រួចដើម្បីដឹកនាំការប្រឆាំងនឹង “កងកម្លាំងដឹកជញ្ជូនដែលជាកម្មសិទ្ធិរបស់កងទ័ពអ៊ីស្រាអែល ដោយពួកគេទាំងនោះកំពុងតែរៀបចំដំឡើងបង្គោល និងឧបករណ៍លួចស្តាប់ដែលនៅជិតបន្ទាយ Dovev”។ ក្រុម Hezbollah ក៏បាននិយាយទៀតថា បច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែឈូសឆាយរាល់កន្លែងដែលជារបស់យោធាអ៊ីស្រាអែល តែវាគ្រាន់តែជាសកម្មភាពប្រឆាំងដាច់ដោយឡែកមួយទៀតតែប៉ុណ្ណោះ។

បន្ទាប់ពីក្រុម Hezbollah បានបើកការវាយប្រហារតាមផ្លូវអាកាសភាគខាងខាងនៃប្រទេសអ៊ីស្រាអែល មានវិទ្យុកងទ័ពមួយបានរាយការណ៍ថា កាំជ្រួចប្រឆាំងរថក្រោះមួយទៀតត្រូវបានបាញ់ចេញពីប្រទេសលីបង់។ ហើយការវាយប្រហារនេះត្រូវបានគេរាយការណ៍បន្តទៀតថា វាគឺជាឧបទ្ទវហេតុដ៏ធ្ងន់ធ្ងរបំផុត ព្រោះតែវាមានជាប់ពាក់ព័ន្ធនឹងជនស៊ីវិល ដោយក្នុងនោះពួកគេបានសម្លាប់ស្ត្រីម្នាក់និងកុមារចំនួនបីនាក់។

គួររំលឹកថា កងទ័ពអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ Hezbollah បានប៉ះទង្គិចគ្នានៅតាមព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាសបានចាប់ផ្តើមកាលពីប្រាំសប្តាហ៍មុនមកម៉្លេះ ម្យ៉ាងទៀតការ​ប៉ះ​ទង្គិច​គ្នានេះ​ក៏កាន់តែ​មានភាពតានតឹង​ឡើង​ នៅ​ពេល​ដែល​អ៊ីស្រាអែលបាន​ធ្វើ​ការ​វាយ​លុក​នៅ​តំបន់​ហ្គាហ្សា​ដើមបីប្រឆាំង​នឹង​ក្រុមសកម្មយុទ្ធ​ហាម៉ាស។

បើទោះបីជាអ៊ីស្រាអែលមានឆន្ទៈកំទេចក្រុមហាម៉ាសយ៉ាងណាក៏ដោយ តែកាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យម្សិលមិញនេះ ក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែប្តេជ្ញារថា ខ្លួននឹង​បើក​ការ​បាញ់​ប្រហារ​ទៅ​កាន់​ទឹកដី​អ៊ីស្រាអែលដើម្បីជាការសងសឹកឲ្យជនជាតិប៉ាឡេស្ទីន។

Reporter:
scroll to top