ការប្រយុទ្ធគ្នាបានដណ្តើមគ្នាដើម្បីកាន់កាប់តំបន់ជុំវិញទីក្រុង ភាគខាងកើតនៃប្រទេសអ៊ុយក្រែននាពេលនេះ វាបានធ្វើឲ្យកងកម្លាំងរបស់ទីក្រុងមូស្គូ កាន់តែខំប្រឹងបង្កើនការទម្លាក់គ្រាប់បែកតាមផ្លូវអាកាសទៅលើទីក្រុង Avdiivka ដើម្បីឆ្ពោះទៅមុខបន្តទៀត នេះបើយោងតាមការចុះផ្សាយរបស់ រ៉យទ័រ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមក្រុមមន្ត្រីរបស់អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានទទួលរងការខាតបង់យ៉ាងធ្ងន់ធ្ងរនៅជុំវិញទីក្រុង Avdiivka ។ ដោយភាគីខាងទីក្រុងគីវបានអះអាងថា កងកម្លាំងអ៊ុយក្រែនបានវាយប្រហារលើកងទ័ពជួរមុខរបស់រុស្ស៊ីបានរហូត 1,000 គីឡូម៉ែត្រ (600 ម៉ាយ) ។ ជាមួយគ្នានោះផងដែរ យោធាអ៊ុយក្រែនក៏បានចូលរួមក្នុងការវាយលុកផ្សេងមួយទៀត ដែលធ្វើឱ្យខ្លួនកាន់តែមានការកើនឡើងនៅផ្នែកភាគខាងកើតនិងខាងត្បូងថែមទៀតផង។
បើយោងតាមប្រភពមួយដែលអាចទុកចិត្តបាននិយាយប្រាប់រ៉យទ័រថា ប្រទេសរុស្ស៊ីបានបង្វែរការលុកលុយរបស់ខ្លួនទៅលើភាគខាងកើតរបស់អ៊ុយក្រែនវិញម្តង គឺបន្ទាប់ពីទាហ៊ានរុស្ស៊ីបានទទួលការបរាជ័យក្នុងការឈានទៅមុខលើទីក្រុង Kyiv នៅដើមដំបូងនៃសង្រ្គាមដែលមានរយៈពេល 20 ខែកន្លងមក។ ហើយនៅពាក់កណ្តាលខែ តុលា រុស្ស៊ីក៏ចាប់ផ្តើមជំរុញលើទិសដីផ្សេងមួយទៀត ដើម្បីដណ្តើមយក Avdiivka ព្រោះវាមានចំងាយត្រឹមតែ 20 គីឡូម៉ែត្រ (12 ម៉ាយ) ពីទីក្រុងដែលគ្រប់គ្រងដោយរុស្ស៊ីតែប៉ុណ្ណោះ (ដូណេតស្ក៍)។
បើយោងតាមការរៀបរាប់ពីមន្ត្រីនាំពាក្យម្នាក់របស់យោធាអ៊ុយក្រែនលោក Oleksandr Shtupun បានប្រាប់ទូរទស្សន៍ជាតិថា “ការប្រយុទ្ធនៅតែបន្ត។ តែក្នុងរយៈពេលពីរថ្ងៃចុងក្រោយនេះ រុស្ស៊ីបានបង្កើនចំនួននៃការវាយប្រហារតាមអាកាសដោយប្រើគ្រាប់បែកពីយន្តហោះ Su-35″ ។ តែបើទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យដដែលបានឲ្យដឹងថា កាលពីម្សិលមិញនេះ ខាងទីក្រុងមូស្គូបានរងនូវការខាតសព្វាវុធជាច្រើនដូចជា រថពាសដែកពាសជាច្រើនគ្រឿង ព្រមទាំងរថក្រោះចំនួនពីរគ្រឿង និងយានជំនិះ 14 គ្រឿង ព្រោះវាត្រូវបានឆេះទាំងអស់។”
លោកបាននិយាយបន្តទៀតថា ការខាតបង់របស់រុស្ស៊ី គឺកើតឡើងបន្ទាប់ពីកងកម្លាំងរបស់អ៊ុយក្រែនបានវាយប្រហារលើទាហ៊ានជួរមុខរបស់រុស្ស៊ីចំនួន 8 ដងក្នុងរយៈពេល 24 ម៉ោងចុងក្រោយនេះ ជាពិសេសគឺលើទីតាំងមួយនៃទីក្រុងដែលត្រូវបានគេស្គាល់ថាសម្រាប់រោងចក្រ coking ដ៏ធំរបស់រុស្ស៊ីតែម្តង។
បើយោងតាមរយៈ លោក Vitaliy Barabash ប្រធានរដ្ឋបាលយោធារបស់ Avdiivka បាននិយាយថា កងកម្លាំងរុស្ស៊ីបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Ukrinform ថា ការខាតបង់របស់រុស្ស៊ីនៅក្នុងការវាយប្រហារនាពេលបច្ចុប្បន្ននៅលើទីក្រុង វាបានធ្វើឲ្យមានមនុស្សយ៉ាងហោចណាស់ 3,000-4,000 នាក់បានស្លាប់ និង 7,000-8,000 នាក់ទៀតរងរបួស។
តែផ្ទុយទៅវិញភាគីខាងរុស្ស៊ីក៏បានឆ្លើយតបវិញថា ទីក្រុងមូស្គូសូមច្រានចោលការប៉ុនប៉ងរបស់អ៊ុយក្រែនចំនួន 5 ដង ដែលនិយាយថាខ្លួនបានឆ្ពោះទៅកាន់ភូមិនានានៅក្រៅទីក្រុង Bakhmut ។