តាមរយៈទីក្រុងឌូបៃ បានឲ្យដឹងថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់បានថ្លែងសារយ៉ាងច្បាស់លាស់មួយទៅកាន់ប្រមុខដឹកនាំរបស់ក្រុមហាម៉ាស់ថា៖ អ៊ីរ៉ុងនឹងមិនចូលរួមក្នុងសង្គ្រាមជំនួសអ្នកនោះទេ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នាថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Ayatollah Ali Khamenei បានប្រាប់ Ismail Haniyeh ថា អ៊ីរ៉ង់ ដែលជាអ្នកគាំទ្រក្រុមហាម៉ាសដ៏យូរលុងណាស់មកហើយនោះ នឹងបន្តផ្តល់ជំនួយខាងផ្នែកនយោបាយ និងសីលធម៌ដល់ក្រុមមួយនេះដដែល ប៉ុន្តែមិនមានន័យថា អ៊ីរ៉ុងនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់នោះដែរ។
បើយោងតាមរយៈមន្ត្រីរបស់ហាម៉ាស់ម្នាក់ បាននិយាយប្រាប់រ៉យទ័រ ដោយសំង៉ាត់ថា ក្រុមអ៊ីស្លាមហាម៉ាសតែងតែអំពាវនាវជាសាធារណៈឱ្យអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តលីបង់ដ៏មានឥទ្ធិពលរបស់ខ្លួន គឺHezbollah សូមចូលរួមក្នុងការប្រយុទ្ធជាមួយអ៊ីស្រាអែល។ ក៏ប៉ុន្តែរឿងមួយនេះ ត្រូវបានក្រុម Hamas បដិសេធន៍ ដោយមិនបានឆ្លើយតបនឹងសំណួរដែលបានផ្ញើដោយ Reuters នោះទេ។ ហើយសូម្បីតែខាងក្រសួងការបរទេសអ៊ីរ៉ង់វិញ ក៏មិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយណាមួយពីខាង Reuters នោះដែរ។
បើទោះជាយ៉ាងណាក៏ដោយ សម្រាប់មន្ត្រីអ៊ីរ៉ង់ រួមទាំង រដ្ឋមន្ត្រីការបរទេស Hossein Amirabdollahian បានប្រកាសជាសាធារណៈច្រើនលើមកហើយថា ពួកគេមិនចង់ឱ្យសង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់រីករាលដាលពាសពេញតំបន់មជ្ឈិមបូព៌ានោះទេ។
គួរបញ្ជាក់ថា ក្រុម Axis of Resistance ដែលជាសម្ព័ន្ធមិត្តយោធាដ៏ធំមួយដែលត្រូវបានបង្កើតឡើងដោយប្រទេសអ៊ីរ៉ង់ក្នុងរយៈពេលជាង 4 ទសវត្សរ៍កន្លងមកនេះ គឺពួកគេមានចេតនាដើម្បីតែប្រឆាំងនឹងអំណាចរបស់អ៊ីស្រាអែល និងអាមេរិកតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត កងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់បានកំណត់គោលដៅលើកងកម្លាំងអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ខណៈដែលក្រុម Houthis របស់យេម៉ែន បានបាញ់មីស៊ីល និងយន្តហោះគ្មានមនុស្សបើក ទៅកាន់អ៊ីស្រាអែល។ តើវាអាចទៅរួចទេ ដែលថា ប្រទេសអ៊ីរ៉ុងមិនជាប់ពាក់ព័ន្ធនឹងសង្គ្រាមខាងលើនេះ?
បើទោះជាយ៉ាងនេះក្តី ក៏មេដឹកនាំសម្ព័ន្ធភាពអ៊ីរ៉ង់ បាននិយាយថា ពួកគេនឹងមិនធ្វើអន្តរាគមន៍ដោយផ្ទាល់ នៅក្នុងជម្លោះនោះទេ លុះត្រាតែខ្លួនត្រូវបានវាយប្រហារដោយអ៊ីស្រាអែល ឬសហរដ្ឋអាមេរិកជាមុន ។
តែបើយោងតាមរយៈក្រុមមន្ត្រីម្នាក់របស់អ៊ីរ៉ុងដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា អ្វីៗផ្ទុយពីការបកស្រាយ ព្រោះថាអ្នកគ្រប់គ្រងរបស់អ៊ីរ៉ង់ គ្រោងនឹងបន្តប្រើប្រាស់បណ្តាញអ័ក្សរបស់ពួកគេនៃសម្ព័ន្ធមិត្តប្រដាប់អាវុធ ដោយរួមទាំងក្រុមហេសបូឡា ហើយពួកគេកំពុងតែមានគម្រោងបាញ់រ៉ុក្កែត និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើគោលដៅរបស់អ៊ីស្រាអែល និងមូលដ្ឋានទ័ពរបស់អាមេរិកដែលស្ថិតនៅទូទាំងមជ្ឈឹមបូព៌ាថែមទៀតផង។
មន្ត្រីរូបនោះបាននិយាយទៀតថា យុទ្ធសាស្ត្រនេះគឺជាការខិតខំប្រឹងប្រែងដើម្បីបង្ហាញពីសាមគ្គីភាពសម្រាប់ក្រុមហាម៉ាសនៅក្នុងតំបន់ហ្គាហ្សា តែវាគ្រាន់តែមិនមែនជាការចូលរួមក្នុងការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយអ៊ីស្រាអែល ព្រោះវាអាចនឹងមានការលូកដៃដោយសហរដ្ឋអាមេរិក។