អ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលទាំងអស់ចាកចេញពីទីក្រុងចំនួនបួន ដែលស្ថិតនៅភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍ ដោយសារតែពួកគេមានការភ័យខ្លាចថា សង្គ្រាមដែលខ្លួនកំពុងប្រឆាំងនឹងក្រុមហាម៉ាស់អាចរីករាលដាលទៅដល់តំបន់ទាំងនោះ នេះបើយោងតាមការចុះផ្សាយរបស់ (Reuters) កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅភាគខាងជើងនៃតំបន់ប៉ាឡេស្ទីនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហាម៉ាស អ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួននៅតែមានវត្តមាននៅមន្ទីរពេទ្យដ៏ធំបំផុតរបស់ហ្គាហ្សា Al Shifa ប៉ុន្តែអ៊ីស្រាអែលមិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រតិបត្តិការរបស់ពួកគេនោះទេ។
ចំណែកឯក្រុមអ្នកសង្កេតការណ៍របស់ Reuters ក៏មិនអាចផ្ទៀងផ្ទាត់ស្ថានភាពនៅ Shifa នៅព្រឹកថ្ងៃព្រហស្បតិ៍បានដែរ។ ប៉ុន្តែក្រុមអ្នកយកការណ៍បាននិយាយថា មានខិត្តប័ណ្ណជាច្រើនបានធ្លាក់ចុះពេញមួយយប់ គឺពីយន្តហោះរបស់យោធាអ៊ីស្រាអែល ដោយពួកគេមានចេតនាប្រាប់ដល់ជនស៊ីវិលថា សូមចាកចេញពីទីក្រុង Bani Shuhaila, Khuzaa, Abassan និង Qarara ព្រោះអាចនឹងមានគ្រោះថា្នក់។
ក្នុងខិត្តប័ណ្ណនោះបាននិយាយទៀតថា “សកម្មភាពរបស់ក្រុមភេរវករ Hamas បានទាមទារឱ្យកងកម្លាំងការពារយើងធ្វើសកម្មភាពប្រឆាំងនឹងពួកគេនៅក្នុងតំបន់នៃលំនៅដ្ឋានរបស់អ្នក” ។ ដូច្នេះហើយ”ដើម្បីជាសុវត្ថិភាពរបស់អ្នក អ្នកត្រូវទៅទីកន្លែងរស់នៅថ្មីជាបណ្តោះអាសន្ន”។
បើយោងតាមអ្នកស្រុកវិញ ពួកគេបាននិយាយថា តំបន់ទាំង ៤ ខាងនេះ បានរងការបំផ្ទុះយ៉ាងខ្លាំងពេញមួយយប់។
ក្បួនដង្ហែដ៏វែងរបស់មនុស្សដែលកាន់តែទ្រព្យសម្បត្តិមួយចំនួន បានធ្វើដំណើរទៅភាគខាងត្បូងជារៀងរាល់ថ្ងៃ គឺក្រោមក្រសែភ្នែករបស់ទាហ៊ានអ៊ីស្រាអែល គឺក្នុងអំឡុងពេលដែលអ៊ីស្រាអែលប្រកាស “ផ្អាកយុទ្ធសាស្ត្រ” រយៈពេលប្រាំមួយម៉ោងដើម្បីអនុញ្ញាតឱ្យអ្នកស្រុកចាកចេញ។
អង្គការសហប្រជាជាតិនិយាយថាប្រហែល 2 ភាគ 3 នៃប្រជាជន 2.3 លាននាក់នៅតំបន់ហ្គាហ្សាត្រូវបានធ្វើឱ្យគ្មានផ្ទះសម្បែង ដែលភាគច្រើនពួកគេស្នាក់នៅក្នុងទីក្រុងនានានៅភាគខាងត្បូង ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការសងសឹកប្រឆាំងនឹងក្រុមហាម៉ាស។
បើគិតចាប់តាំងពីមានការបាញ់ប្រហារដោយពួកក្រុមហាម៉ាស កាលពី ថ្ងៃទី ៧ តុលានោះមក អ៊ីស្រាអែលបានវាយលុកតំបន់ហ្គាហ្សាដោយការវាយប្រហារផ្លូវអាកាស និងបានកាត់ផ្តាច់អាហារ ព្រមទាំងប្រេងឥន្ធនៈថែមទៀតផង។ អាជ្ញាធរសុខាភិបាល Gaza បាននិយាយប្រាប់អង្គការសហប្រជាជាតិបាននិយាយថា មានមនុស្សច្រើនជាង 11,000 នាក់ត្រូវបានបញ្ជាក់ថាត្រូវគេបានសម្លាប់ គឺច្រើនជាង 40% ទៅទៀត ហើយវាបានធ្វើឲ្យកុមារជាច្រើនបានរស់នៅជាមួយនឹងការភ័យខ្លាច ខណៈដែលពួកគេបានជាប់នៅក្រោមគំនរបាក់បែក ក្រោយការទម្លាក់គ្រាប់បែកលើផ្ទះរបស់ពួកគេ។
ហើយចំនែកឯតំបន់ Shifa វិញ វាត្រូវបានអ៊ីស្រាអែលអះអាងថា វាជាទីស្នាក់ការកណ្តាលរបស់ក្រុមហាម៉ាសដ៏ធំនៅក្នុងផ្លូវរូងក្រោមដីនៅក្រោមកន្លែងនោះ ពួកគេបាននិយាយទៀតថា ទីនេះគឺវាជាគោលដៅចម្បងរបស់យោធា។
ចំនែកឯប្រធានាធិបតីអាមេរិកវិញ លោក Joe Biden បានព្រមានកាលពីថ្ងៃពុធថា ការកាន់កាប់តំបន់ហ្គាហ្សានឹងក្លាយជា “កំហុសដ៏ធំមួយ” សម្រាប់អ៊ីស្រាអែល។