អ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុម Houthis របស់យេម៉ែន បានរឹបអូសកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលគ្រប់ដោយចក្រភពអង់គ្លេស និងជប៉ុន នៅឯសមុទ្រក្រហមភាគខាងត្បូង។ អ៊ីស្រាអែលបាននិយាយទៀតថា វាគឺជា”អំពើភេរវកម្មរបស់ប្រទេសអ៊ីរ៉ង់” នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៣។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ក្រុម Houthis បាននិយាយថា ខ្លួនបានរឹបអូសកប៉ាល់មួយនៅក្នុងសមុទ្រក្រហមក៏ពិតមែន ប៉ុន្តែក្រុមមួយនេះបានពិពណ៌នាថា កប៉ាល់នោះវាគឺជារបស់អ៊ីស្រាអែល។
គួរបញ្ជាក់ថា ក្រុម Houthis វាគឺជាសម្ព័ន្ធមិត្តរបស់ទីក្រុង តេអេរ៉ុង ដែលជាអ្នកធ្លាប់បានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយ និងយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿងទៅកាន់ប្រទេសអ៊ីស្រាអែល។ ហើយរាល់សកម្មភាពរបស់ពួកគេទាំងនោះគឺបានសបញ្ជាក់ថា វាគឺជាការសាមគ្គីភាពមួយរវាងខ្លួនជាមួយនឹងក្រុមសកម្មប្រយុទ្ធ Hamas ប៉ាឡេស្ទីន ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ Gaza Strip ។
យ៉ាងណាមិញសម្រាប់ការរឹបអូសកប៉ាល់នៅឯសមុទ្រក្រហមនោះផងដែរ ខាងអ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ប្រទេសជប៉ុនបានគូសបញ្ជាក់កាលពីថ្ងៃច័ន្ទថា កប៉ាល់ Nippon Yusenដែលដំណើរការដោយ Galaxy Leader វាជារបស់ប្រទេសជប៉ុន។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ប្រទេសជប៉ុនកំពុងអំពាវនាវដល់ពួកឧទ្ទាម ខណៈពេលដែលខ្លួនកំពុងតែស្វែងរកជំនួយពីអាជ្ញាធររបស់ប្រទេសអារ៉ាប៊ីសាអូឌីត អូម៉ានី និងអ៊ីរ៉ង់ ដូចគ្នា ដើម្បីធ្វើការឆ្ពោះទៅរកការដោះលែងកប៉ាល់នេះយ៉ាងឆាប់រហ័សបំផុត ជាពិសេសនោះគឺនាវិករបស់យើង។
ចំនែកឯប្រធានខុទ្ទកាល័យលោក Hirokazu Matsuno បានប្រាប់សន្និសីទសារព័ត៌មានថា “យើងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងក្លាបំផុតចំពោះទង្វើបែបនេះ” ។ លោកបានបន្តទៀតថា យើងនឹងមិនអនុញ្ញាឲ្យជនជាតិជប៉ុនណាម្នាក់មានគ្រោះថ្នាក់ដោយសារតែក្រុម Houthis ជាដាច់ខាត។
យើងខ្ញុំសូមបញ្ជាក់ថា Galaxy Leader គឺត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនមួយដែលបានចុះបញ្ជីនៅក្រោម Isle of Man-headered Ray Carriers ដែលជាអង្គភាពនៃក្រុមហ៊ុន Tel Aviv-incorporated Ray Shipping នេះបើយោងតាមទិន្នន័យរបស់ LSEG ។
បើទោះជាយ៉ាងណាក៏ដោយ សម្រាប់ទីភ្នាក់ងាររបស់រ៉យទ័រ មិនទាន់អាចទទួលបានការអត្ថធិប្បាយណាមួយពីក្រុមហ៊ុនដឹកជញ្ជូន Ray Carriers និង Ray Shipping នៅឡើយទេ។
ហើយចំណែកឯ Nippon Yusen (9101.T) របស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់ថា NYK បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួនបានបង្កើតក្រុមការងារមួយ ដើម្បីប្រមូលព័ត៌មានបន្ថែម រួមទាំងសុវត្ថិភាពនៃនាវិក 25 នាក់ ដែលមកពីហ្វីលីពីន ប៊ុលហ្គារី អ៊ុយក្រែន រូម៉ានី និងម៉ិកស៊ិកូជាដើម។ ដោយក្នុងនោះអ្នកនាំពាក្យម្នាក់បាននិយាយថា កប៉ាល់ដែលត្រូវបានក្រុម Houthis រឹបអូសនោះ វាគឺជាក្រុមហ៊ុនដឹកជញ្ជូនរថយន្តដែលបានធ្វើដំណើរពីអឺរ៉ុប ឆ្ពោះទៅកាន់ប្រទេសឥណ្ឌាដោយគ្មានទំនិញ។
តែកាលពីសប្តាហ៍មុន មេដឹកនាំក្រុម Houthi បាននិយាយថា កងកម្លាំងរបស់ពួកគេនឹងធ្វើការវាយប្រហារបន្ថែមទៀតលើអ៊ីស្រាអែល ហើយពួកគេអាចនឹងធ្វើការ កំណត់គោលដៅលើនាវារបស់អ៊ីស្រាអែលដែលមានទីតាំងស្ថិតនៅក្នុងសមុទ្រក្រហម និងច្រកសមុទ្រ Bab al-Mandeb ។
បច្ចុប្បនក្រុមមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិកបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍ខាងលើនេះ។
ហើយចំនែកឯខាងការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា កប៉ាល់មួយគ្រឿង ដែលខ្លួនសុំមិនបញ្ចេញឈ្មោះ ក៏ត្រូវបានក្រុម Houthi រឹបអូសដូចគ្នា។ ខាងការិយាល័យរបស់គាត់បាននិយាយទៀតថា “នេះគឺជាអំពើភេរវកម្មមួយផ្សេងទៀតហើយដែលជាអំពើរបស់អ៊ីរ៉ង់ ជាពិសេសជាងនេះទៅទៀតវាក៏ជាសកម្មភាពមួយដែលតំណាងឱ្យការកើនឡើងនៃការបះបោររបស់អ៊ីរ៉ង់ ដើម្បីប្រឆាំងនឹងពលរដ្ឋនៃពិភពលោកសេរី ដោយពួកគេបានផ្តើមចេញជាមួយនឹងផលប៉ះពាល់ជាអន្តរជាតិដែលជាប់ទាក់ទងនឹងសុវត្ថិភាពនៃផ្លូវដឹកជញ្ជូនរបស់ពិភពលោក”។
បើទោះជាយ៉ាងណាក៏ដោយ កាលពីព្រឹកថ្ងៃអាទិត្យ ក្រុម Houthis បានអះអាងថា កប៉ាល់ទាំងអស់ដែលគ្រប់គ្រង ឬប្រតិបត្តិការដោយក្រុមហ៊ុនរបស់អ៊ីស្រាអែល ឬកាន់ទង់ជាតិអ៊ីស្រាអែល វាសុទ្ធសឹងតែជាគោលដៅរបស់យើង។