ប្រធានក្រុមហាម៉ាស់និយាយថា កិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែល បានខិតជិតមកដល់ហើយ

ប្រមុខក្រុមហាម៉ាស់បាននិយាយប្រាប់រ៉យទ័រ កាលពីថ្ងៃអង្គារនេះថា ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនអាចនឹងត្រូវធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលឆាប់ៗនេះ បើទោះបីជាឥឡូវនេះកំពុងតែមានការវាយប្រហារយ៉ាងសាហាវនៅលើតំបន់ហ្គាហ្សាក៏ដោយ។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Ismail Haniyeh បានថ្លែងទៅកាន់ Reuters តាមរយៈការកែសម្រួលរបស់ទីក្រុងកាតាថា មន្ត្រីក្រុមហាម៉ាស់ «កំពុងតែឈានទៅរកកិច្ចព្រមព្រៀងបទឈប់បាញ់» ជាមួយអ៊ីស្រាអែល។

បើទោះជាយ៉ាងនេះក្តី តែនៅក្នុងសេចក្តីថ្លែងការណ៍មួយនោះ មិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ប៉ុន្តែបើយោងតាមមន្ត្រីរបស់ក្រុមហាម៉ាស់ម្នាក់បាននិយាយប្រាប់ទូរទស្សន៍ Al Jazeera ថា ការចរចារបស់យើងគឺផ្តោតលើរយៈពេលដែលមានបទឈប់បាញ់ នឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការរៀបជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា ដើម្បីជាថ្នូរនិងការដោះដូរចំណាប់ខ្មាំង។

យ៉ាងណាមិញចំពោះការដោះលែងស្ត្រី និងកុមារ ពួកយើងនឹងផ្តល់ព័ត៌មានលម្អិត ឬក៏ត្រូវបានប្រកាសដោយទីក្រុងកាតាតែប៉ុណ្ណោះ។

គួររំលឹកថា ក្រុមហាម៉ាស់បានចាប់ ចំណាប់ខ្មាំង ប្រហែល 240 នាក់ ក្នុងអំឡុងពេលនៃការវាយលុករបស់ខ្លួនកាលពីថ្ងៃទី 7 ខែតុលា ដោយចូលទៅក្នុងប្រទេសអ៊ីស្រាអែល ព្រមទាំងបានសម្លាប់មនុស្សប្រមាណ 1,200នាក់ ។

បើយោងតាមរយៈប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានជួប Haniyeh ក្នុងប្រទេសកាតាកាលពីថ្ងៃច័ន្ទ ដើម្បី “ពិភាក្សាពីបញ្ហាមនុស្សធម៌”។ ប៉ុន្តែខាង ICRC បាននិយាយថា ការពិភាក្សាខាងលើនេះ វាមិនមែនជាផ្នែកនៃការចរចាដែលមានគោលបំណងដោះលែងចំណាប់ខ្មាំងនោះទេ ប៉ុន្តែក្នុងនាមជាអន្តរការីអព្យាក្រឹត យើងបានត្រៀមខ្លួនរួចជាស្រេច “ដើម្បីជួយសម្រួលដល់ការដោះលែងនាពេលអនាគត ប្រសិនបើភាគីទាំងពីរយល់ព្រម” ។

ចំនែកឯប្រធានាធិបតីអាមេរិកវិញ លោក Joe Biden និងមន្ត្រីអាមេរិកផ្សេងទៀតបាននិយាយកាលពីថ្ងៃច័ន្ទថា កិច្ចព្រមព្រៀងដែលយើងបានទន្ទឹងរង់ចាំជាយូមកហើយនោះ គឺបានខិតជិតមកដល់ហើយ ប៉ុន្តែគ្រាន់តែមិនទាន់បានលេចចេញជារូបរាងតែប៉ុណ្ណោះ។

ដោយក្នុងនោះខាងទីប្រឹក្សាសន្តិសុខជាតិរងសេតវិមាន លោក Jon Finer បានប្រាប់កម្មវិធីមួយ “ជួបជាមួយសារព័ត៌មាន” របស់ NBC កាលពីថ្ងៃអាទិត្យថា “ការចរចាររសើបដូចនេះអាចដួលរលំនៅនាទីចុងក្រោយ” ។ ព្រោះថាវា”គ្មានអ្វីត្រូវបានយល់អនុម័ត រហូតដល់ម្នាក់ៗយល់ព្រមជាមុនសិន។”

បើទោះជាមានការចុះផ្សាយពីបទឈប់បាញ់នៅហ្គាហ្សាយ៉ាងណាក្តី តែភាគីខាងអ៊ីស្រាអែលមិនទាន់បានធ្វើបច្ចុប្បន្នភាពណាមួយនៅឡើយទេ បើទោះជាមានការចុះផ្សាយពីទូរទស្សន៍ Al Jazeera ចុងក្រោយនេះក៏ដោយ។ ប៉ុន្តែបើនិយាយពីសកម្មភាពដែលក្រុមអ្នកយកព័ត៌មានរ៉យទ័រទទួលបានពីហ្សេរុយសាឡឹមនាពេលមុននេះវិញ បានឲ្យដឹងថា បន្ទាប់ពីកងកម្លាំងអ៊ីស្រាអែលបានដណ្តើមកាន់កាប់ទីក្រុង Shifa កាលពីសប្តាហ៍មុន ឥឡូវនេះពួកគេក៏កំពុងតែស្វែងរកបណ្តាញផ្លូវរូងក្រោមដីបន្ថែមទៀត ព្រោះកងកម្លាំង IDF បានអះអាងថា ផ្លូវរូងក្រោមដីនោះវាត្រូវបានសាងសង់ដោយក្រុមហាម៉ាសនៅក្រោមមន្ទីរពេទ្យ។ កងកម្លាំងអ៊ីស្រាអែល (IDF) បានអះអាងទៀតថា ក្រុមសកម្មប្រយុទ្ធហាម៉ាស់បានប្រើប្រាស់ មន្ទីពេទ្យនិងអ្នកជំងឺមកធ្វើជាខែល ដើម្បីការខ្លួនតែប៉ុណ្ណោះ។

Reporter:
scroll to top