ក្រុមហ៊ុនធំៗនៅក្នុងពិភពលោកជាច្រើន ដូចជា Apple IBM និង Disney បានប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រថា ពួកគេនឹងផ្អាកការផ្សាយពាណិជ្ជកម្មនៅលើប្រព័ន្ធ X ដែលពីមុនយើងស្គាល់ថាជា Twitter គឺនៅពីរថ្ងៃបន្ទាប់ពីលោក Elon Musk បានសរសេរបង្ហោះថា រូបលោកគឺជាមនុស្សម្នាក់ដែលគាំទ្រនូវទ្រឹស្តី Pizzagate ដោយលោកបាននិយាថា សហគមន៍ជ្វីហ្វបានជំរុញ “ឲ្យមានការស្អប់ខ្ពើម ពួកជនជាតិស្បែកស” វាគឺជា “រឿងពិត” នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
ការចោទប្រកាន់ដោយគ្មានអំណះអំណាងរបស់លោក Elon Musk គឺបានធ្វើឲ្យខាងសេតវិមានមានប្រតិកម្មយ៉ាងខ្លាំង ព្រមទាំងបានធ្វើការថ្កោលទោសទៅលើមហាលសេដ្ឋីរូបនោះនៅព្រឹកថ្ងៃពុធថែមទៀតផង។ នៅក្នុងថ្ងៃនោះដដែល បើយោងតាមអ្នកនាំពាក្យរបស់សេតវិមានបាននិយាយប្រាប់ CNN ថា រាល់បុគ្គលិកនៅដែលបម្រើការនៅក្នុងសេតវិមានទាំងអស់ បានជ្រើសរើសយក Threads ដែលជាប្រព័ន្ធមួយស្ថិតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន Meta មកប្រើប្រាស់ជំនួស X ថែមទៀតផង ។
បើយោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន IBM វិញបាននិយាយថា “ក្រុមហ៊ុនរបស់ពួកគេនឹង មិនមានការអត់ឱនចំពោះការនិយាយស្អប់ និងការរើសអើងពីនាយកប្រតិបត្តិ របស់ X ជាដាច់ខាត។ ហើយពួកយើងក៏ផ្អាកការផ្សាយពាណិជ្ជកម្មទាំងអស់នៅលើប្រព័ន្ធសង្គម X ភ្លាមៗតែម្តង។
ចំនែកឯក្រុមហ៊ុនផលិតទូរស័ព្ទ iPhone ដែលជាក្រុមហ៊ុនយក្សនៅក្នុងពិភពលោក ហើយក៏ជាអ្នកដែលផ្សាយពាណិជ្ជកម្មធំបំផុតរបស់បណ្តាញសង្គម X ដោយមានការចំណាយប្រាក់ប្រមាណ $100 លានដុល្លាក្នុងមួយឆ្នាំ នេះបើយើងគិតត្រឹមខែវិច្ឆិកា ឆ្នាំ 2022។ ប៉ុន្តែនៅពេលដែល លោក Musk បានសរសេរបង្ហោះបែបរើសអើងសាសនាបែបនេះ ក្រុមហ៊ុន Apple ក៏សម្រេចចិត្តមិនសហការជាមួយនឹងក្រុមហ៊ុន X បន្តទៀតដែរ។
គួរបញ្ជាក់ថាការចាកចេញរបស់អ្នកផ្សាយពាណិជ្ជកម្ម វាកំពុងបង្ហាញថា ក្រុមហ៊ុន X បានជួបវិបត្តិកាន់តែស៊ីជម្រៅ ចាប់តាំងពីវាត្រូវបានកាន់កាប់ដោយលោក Musk។ បើយោងតាម Bloomberg បានឲ្យដឹងទៀតថា បន្ទាប់ពីមហាលសេដ្ឋីរូបនេះបានទិញយកនូវប្រព័ន្ធ X (ដែលដំបូងឡើយជាTwitter) តួរលេខអ្នកប្រើប្រាស់គឺកាន់តែធ្លាក់ចុះជាលំដាប់ ហើយបុគ្គលិកវិញក៏ត្រូវបានកាត់បន្ថយជិត ៥០% ថែមទៀតផង។
បើទោះជាយ៉ាងណាក៏ដោយខាងក្រុម X បាន អំពាវនាវដល់ដៃគូផ្សាយពាណិជ្ជកម្មរបស់ខ្លួន ឱ្យជួយការពារអ្វីដែលហៅថា “សេរីភាពនៃការនិយាយ” ។ ម្យ៉ាងវិញទៀតក្រុមហ៊ុនមួយនេះ កាលពីថ្ងៃច័ន្ទបានដាក់ពាក្យបណ្តឹងចោទប្រកាន់ Media Matters ពីបទបង្ហាញមាតិកាជ្រុលនិយមនៅលើគេហទំព័រ។ ក្រុមហ៊ុន X ក៏បាននិយាយផងដែរថា ខ្លួនបានធ្វើឱ្យគណនីគាំទ្រណាស៊ីដែលកំណត់ដោយ Media Matters មិនមានសិទ្ធិក្នុងការរកប្រាក់ ជាមួយនឹងក្រុមហ៊ុនរបស់ពួកគេផងដែរ។
បច្ចុប្បន្នមានអ្នកផ្សាយពាណិជ្ជកម្មមួយចំនួនក៏នៅតែបន្តសហការជាមួយ X បើទោះបីជាពួកគេមានការព្រួយបារម្ភអំពីការរិៈរបស់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធមួយនេះក៏ដោយ។ ហើយចំនែកឯសម្ព័ន្ធកីឡាបាល់ទាត់ជាតិ ដែលជាដៃគូផ្សាយពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់វេទិកា X នេះវិញ បានប្រាប់ CNN កាលពីថ្ងៃអង្គារ ថា ខ្លួនមានការព្រួយបារម្ភម្តងហើយម្តងទៀតអំពីពាក្យសម្ដីស្អប់ខ្ពើមចំពោះថ្នាក់ដឹកនាំ X ខ្លាំងណាស់ បើទោះបីជាយើងមិនអាចដកការចំណាយរបស់ខ្លួនចេញពីវេទិកាមួយនេះក៏ដោយ។