សង្គ្រាមនូវតែបន្តកើតឡើងនៅក្នុងតំបន់ហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលបទឈប់បាញ់និងការដោះលែងចំណាប់ខ្មាំងត្រូវបានពន្យារពេលយ៉ាងយូបំផុតគឺមួយថ្ងៃទៀត នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
ផ្សែងខ្មៅជាច្រើន ត្រូវបានគេមើលឃើញនៅលើតំបន់សង្រ្គាមភាគខាងជើងនៃតំបន់ហ្គាហ្សា ដោយទាហ៊ានខាងអ៊ីស្រាអែលបាននិយាយថា ខ្លួនបានធ្វើការវាយប្រហារតាមអាកាសចំនួន 300 លើកក្នុងមួយថ្ងៃ ព្រមទាំងបាញ់រ៉ុក្កែតឆ្លងព្រំដែនដើម្បីវាយលុកក្រុមប្រដាប់អាវុធប៉ាឡេស្ទីន។ យោធាអ៊ីស្រាអែលបានអះអាងទៀតថា យើងនៅតែអាចវាយប្រហារ ព្រោះបើយោងតាមលក្ខខណ្ឌការដោះលែងចំណាប់ខ្មាំង និងប្រព្រឹត្តទៅជាមួយនឹងបទឈប់បាញ់ តែរឿងនេះវាត្រូវបានគេពន្យារពេលរហូតដល់ថ្ងៃសុក្រឯណោះ។
តែចំនែកឯប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីនបានរាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ភាគខាងជើង ក៏ដូចជានៅក្នុងទីក្រុងភាគខាងត្បូង Khan Younis វាពិតជាមិនត្រឹមត្រូវនោះទេ ព្រោះទីកន្លែងនោះ វាជាកន្លែងដែលអ៊ីស្រាអែលបានប្រាប់ឲ្យអ្នកស្រុកនៅភាគខាងជើងទៅជ្រកនៅទីនោះ។
តែបើទោះជាយ៉ាងណាក៏ដោយ ខាងអ៊ីស្រាអែលមិនធ្វើការឆ្លើយតបទៅនឹងការចោទប្រកាន់ខាងនោះទេ។ ហើយទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែល Tzachi Hanegbi គ្រាន់តែនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយប់ថា “ការចរចាស្តីពីការដោះលែងចំណាប់ខ្មាំងរបស់យើងកំពុងដំណើរការទៅមុខ ដែលជាការចាប់ផ្តើមដោយកិច្ចព្រមព្រៀងនៃភាគីទាំងពីរ តែក៏មិនមែនមុនថ្ងៃសុក្រនោះដែរ ហេតុដូច្នេះហើយបើមិនទាន់មានកិច្ចចរចារកើតឡើងនោះទេទាហ៊ានអ៊ីស្រាអែលនៅតែមានសិទ្ធវាយប្រហារក្រុមហាម៉ាស។
យ៉ាងណាមិញបើយោងតាមការប្រកាសរបស់អ៊ីស្រាអែលបាននិយាយយ៉ាងច្បាស់ថា បទឈប់បាញ់អាចមានរយៈពេលលើសពីបួនថ្ងៃដំបូង ដរាបណាពួកសកម្មប្រយុទ្ធហាម៉ាសព្រមដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ 10 នាក់ក្នុងមួយថ្ងៃ។ តែបើយោងតាមប្រភពប៉ាឡេស្ទីនវិញបាននិយាយថា ការដោះលែងចំណាប់ខ្មាំងអាចដល់ 100 នាក់ឯណោះ។ ហើយបន្ទាប់មកភាគីទាំងពីរបាននិយាយថា ពួកគេនឹងវិលទៅរកការប្រយុទ្ធវិញនៅពេលបទឈប់បាញ់ត្រូវបានបញ្ចប់។
ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ឯក Herzi Halevi ប្រធានអគ្គសេនាធិការអ៊ីស្រាអែល បានប្រកាសតាមរយៈវីដេអូមួយកាលថ្ងៃព្រហស្បតិ៍ថា “យើងមិនបញ្ចប់សង្រ្គាមនេះទេ លុះត្រាតែយើងទទួលបានជ័យជំនះ” ។
បើទោះជាយ៉ាងណាក៏ដោយអ្នកនាំពាក្យសេតវិមាន លោក Adrienne Watson បាននិយាយថា ព័ត៌មានលម្អិតចុងក្រោយយើងនឹងប្រកាសដ៏រាបណាបញ្ហាត្រូវបានដោះស្រាយរួចរាល់ជាមុនសិន។ លោក Watson បាននិយាយទៀតថា “អ្វីៗនាពេលនេះកំពុងតែស្ថិតក្នុងការរង់ចាំ លោកគ្រាន់តែសង្ឈឹមថាការអនុវត្តនៅព្រឹកថ្ងៃសុក្រនឹងប្រព្រឹត្តទៅដោយរលូតទៅចុះ” ។
គួរបញ្ជាក់ថានៅក្នុងការចេញផ្សាយរបស់ទូរទស្សន៍សាធារណៈអ៊ីស្រាអែល បានឲ្យដឹងថា គ្មានការដោះលែងណាមួយត្រូវបានគ្រោងទុកមុនថ្ងៃសុក្រនោះទេ ដោយសារតែមានជាច្រើននៅតែមានភាពមិនច្បាស់លាស់ ជាពិសេសជាងនេះទៅទៀតនោះ បើគិតមកទល់នឹងពេលនេះ អ៊ីស្រាអែលនៅតែមិនទាន់ទទួលបានបញ្ជីឈ្មោះនៃចំណាប់ខ្មាំងដែលក្រុមហាម៉ាសគ្រោងនឹងដោះលែងនៅឡើយ។