លោក ពូទីន និងព្រះអង្គម្ចាស់ ដែលជាអ្នកគ្រប់គ្រងជាក់ស្តែង នៃក្រុមហ៊ុននាំចេញប្រេងឆៅដ៏ធំបំផុតរបស់ពិភពលោក បានរៀបចំកិច្ចពិភាក្សាមួយយ៉ាងប្រញាប់ប្រញាល់គឺនូវប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំវិមានក្រឹមឡាំង បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសជិតខាងឈូងសមុទ្រអារ៉ាប៊ីសាអូឌីត គឺប្រទេសអារ៉ាប់រួម។
លោកប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed bin Salman បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើតម្លៃប្រេងកាលពីថ្ងៃពុធ ក្នុងនាមជាសមាជិកនៃអង្គការ OPEC នេះបើយោងតាមរយៈអ្នកនាំពាក្យរបស់វិមានក្រឹមឡាំងដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។
វាជាការពិតណាស់ដែលមានមនុស្សជាច្រើនចង់ដឹងថា តើកិច្ចប្រជុំរវាងប្រទេសដែលមានការចេញប្រេងច្រើនជាងគេនៅក្នុងពិភពលោកទាំងពីរខាងលើនេះ តើមានអ្វីដែលត្រូវពិភាក្សានោះ?
OPEC វាជាពាក្យកាត់របស់ អង្គការនៃប្រទេសនាំចេញប្រេង គឺសំដៅទៅលើក្រុមនៃបណ្តាប្រទេសនាំចេញប្រេងសំខាន់ៗចំនួន 13 របស់ពិភពលោកដោយនៅក្នុងនោះរួមមាន៖ អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត អារ៉ាប៊ីសាអូឌីត និងវ៉េណេស៊ុយអេឡា (ស្ថាបនិកទាំងប្រាំ) បូករួមទាំងអាល់ហ្សេរី អង់ហ្គោឡា កុងហ្គោ អេក្វាទ័រហ្គីណេ ហ្គាបុង លីប៊ី នីហ្សេរីយ៉ា និងអារ៉ាប់រួមជាដើម។
អង្គការ OPEC ត្រូវបានគេបង្កើតឡើងនៅក្នុងឆ្នាំ 1960 ក្នុងគោលបំណងដើម្បីធានាថា ពិភពលោកត្រូវមានការផ្គត់ផ្គង់ប្រេងថេរអាចកើតឡើងបាននោះ វាត្រូវបតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឧស្សាហកម្មនៃសមាជិកនៃអង្គការមួយនេះ ដែលអនុញ្ញាតឱ្យមានការរក្សាបាននូវតម្លៃស្តង់ដារតាមដែលអាចធ្វើទៅបាន។
យ៉ាងណាមិញខាងអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានគេដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Interfax ដោយក្នុងនោះលោកបាននិយាយថា កិច្ចសហប្រតិបត្តិការគឺនៅតែបន្តនៅក្នុងអង្គការ OPEC ដែលស្ថិតនៅក្រោមការដឹកនាំដោយប្រទេសរុស្ស៊ី។ ហើយចំពោះកិច្ចប្រជុំ OPEC ដែលប្រព្រឹត្តទៅនៅក្នុងឆ្នាំ ២០២៣ នេះគឺយើងធ្វើឡើងបន្ទាប់ពីមានការធ្លាក់ចុះនៃតម្លៃប្រេងតែប៉ុណ្ណោះ។
លោក Peskov បាននិយាយទៀតថា កិច្ចសហប្រតិបត្តិការនៅក្នុងអង្គការ OPEC គឺតម្រូវឲ្យភាគីទាំងអស់យល់ស្របថាប្រទេសរបស់យើងគឺមានទំនួលខុសត្រូវខ្ពស់ចំពោះអន្តរកម្មដើម្បីរក្សាទីផ្សារថាមពលអន្តរជាតិនៅកម្រិតមួយដ៏ត្រឹមត្រូវ គ្រប់ស្ថានភាពទាំងអស់។
គួររំលឹកថា លោក ពូទីន គឺជាមេដឹកនាំម្នាក់ដែលកម្រចាកចេញពីប្រទេសរបស់លោកណាស់ បើយើងគិតចាប់តាំងពីរុស្ស៊ីបានបញ្ជូនទាហានចូលអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ មក។
តែបើទោះជាយ៉ាងនេះក្តី ខាងទីភ្នាក់ងារសារព័ត៌មានក្នុងស្រុករបស់អារ៉ាប៊ីសាអូឌីតបានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ថា “ពួកយើងនិងចែករំលែកផលប្រយោជន៍ជាច្រើន និងឯកសារជាច្រើនដែលយើងកំពុងធ្វើការរួមគ្នា ដើម្បីជាប្រយោជន៍ដល់ប្រទេសរុស្ស៊ី ក៏ដូចជាព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ព្រមទាំងបណ្តាលប្រទេសដែលស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា និងពិភពលោកផងដែរ”។ សារព័ត៌មានខាងលើនេះបានដកស្រង់សម្តីរបស់ព្រះអង្គម្ចាស់ទៀតថា នៅក្នុងកិច្ចប្រជុំរ OPEC លើកនេះ ព្រះអង្គម្ចាស់ក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីជួយលុបបំបាត់នូវភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ាថែមទៀតផង។
បើទោះជាយ៉ាងណាក៏ដោយជុំវិញទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីនៅក្នុងអង្គការ OPEC+ វាក៏មានរឿងដែលមិនសប្បាយចិត្តមួយចំនួនបានលាយឡំនិងការប្រជុំលើកនេះដែរ។ កិច្ចព្រមព្រៀងស្តីពីការកាត់បន្ថយការនាំចេញប្រេងវាបានធ្វើឲ្យបណ្តាលប្រទេសដែលជាសមាជិកស្ទើរតែត្រូវដួលរលំនៅក្នុងខែមីនាឆ្នាំ 2020 ទៅហើយ ប៉ុន្តែពួកគេអាចស្តារមកវិញបាន បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយដែលត្រូវបានOPEC + អនុញ្ញាតិក្នុងការកាត់បន្ថយនៃការនាំចេញប្រេងប្រមាណ10% នៃតម្រូវការពិភពលោករួចមក។