ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកលោក Joe Biden បានអង្វរដល់គណបក្សសាធារណរដ្ឋកាលពីថ្ងៃពុធ ជុំវិញការផ្តល់ជំនួយយោធាថ្មីសម្រាប់អ៊ុយក្រែន ដោយលោកបានព្រមានថា ជ័យជម្នះសម្រាប់រុស្ស៊ីលើអ៊ុយក្រែន វាគឺជាកំលាំងថ្មីមួយទៀតដែលធ្វើឲ្យទីក្រុងមូស្គូ អាចវាយប្រហារលើបណ្តាលប្រទេសដែលជាសម្ព័ន្ធមិត្តរបស់អង្គការណាតូជាក់ជាមិនខាន ហើយនៅពេលនោះប្រាកដណាស់ទាហ៊ានរបស់អាមេរិកនឹងចូលរួមក្នុងសង្គ្រាមដោយផ្ទាល់ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា លោក Biden បាននិយាយបែបនេះ នៅពេលដែលសហរដ្ឋអាមេរិកគ្រោងនឹងប្រកាសជំនួយបន្ថែមទៀតដែលមានតម្លៃប្រមាណ ១៧៥ លានដុល្លារសម្រាប់អ៊ុយក្រែន។ លោក Joe Biden គឺជាប្រធានាធិបតីម្នាក់ដែលតែងតែព្យាយាមផ្លាស់ប្តូរ ក្នុងគោលបំណងមួយដែលធ្វើយ៉ាងណាទើបធ្វើឲ្យគោលនយោបាយនៃការធ្វើចំណាកស្រុកតាមបណ្តោយព្រំដែនជាមួយនឹងប្រទេសម៉ិកស៊ិកកាន់តែមានភាពល្អប្រសើរឡើង ពោលគឺធ្វើយ៉ាងណាដើម្បីទាក់ទាញការគាំទ្រពីគណបក្សសាធារណរដ្ឋ។
លោក Biden បាននិយាយថា “ប្រសិនបើពូទីនយកឈ្នះលើអ៊ុយក្រែនពិតមែន នោះគាត់នឹងមិនឈប់នៅទីនេះដូចគ្នា។ដោយលោកបានសង្កត់ធ្ងន់ថា លោក ពូទីន ប្រាកដណាស់នឹងវាយប្រហារសម្ព័ន្ធមិត្តណាតូ ហើយបន្ទាប់កងទ័ពអាមេរិកប្រយុទ្ធនឹងប៉ះទង្គិចគ្នាដោយផ្ទាល់ជាមួយនឹងកងទ័ពរុស្ស៊ីតែម្តង។
លោក Joe Biden បាននិយាយទៀតថា “យើងមិនអាចឱ្យពូទីនឈ្នះសង្គ្រាមមួយនេះជាដាច់ខាត។
យ៉ាងណាមិញ ចំនែកឯទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីបានដកស្រង់សម្តីឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិក លោក Anatoly Antonov ដោយនិយាយថា ការអត្ថាធិប្បាយរបស់លោក Biden លើជម្លោះដែលអាចកើតមានរវាងសហរដ្ឋអាមេរិក និងរុស្ស៊ី គឺជា “វោហាសាស្ត្របង្កហេតុដែលមិនអាចទទួលយកបានសម្រាប់ប្រទេសរបស់ខ្លួនដែលជាប្រទេសសម្បូរទៅដោយថាមពលនុយក្លេអ៊ែរ នឹងប្រកបដោយការទទួលខុសត្រូវក៏ដោយ” តែពាក្យសម្តីបែបនេះ វាមិនប្រាកដទេថា តើរុស្ស៊ីអាចអត់ធ្មត់បានរហូតដល់ពេលណានោះ។
បើទោះជាយ៉ាងណាក៏ដោយ ចំពោះការព្រួយបារម្មណ៍របស់ប្រធានាធិបតីចាំផ្ទះលោក Joe Biden វាបានធ្វើឲ្យសមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធម្សិលមិញនេះបានរារាំង ច្បាប់ដែលជាការគាំទ្រដោយប្រជាធិបតេយ្យ ដែលកំពុងតែមានគម្រោងផ្តល់ជំនួយសន្តិសុខថ្មីរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល ព្រមទាំងរឿងផ្សេងៗជាច្រើនទៀត ដោយខាងគណបក្សសាធារណៈរដ្ឋបាននិយាយថា ពួកគេចង់សង្កត់ធ្ងន់ទៅលើចំណុចសំខាន់តែមួយគត់ គឺជាគោលនយោបាយតាមបណ្តោយព្រំដែនឲ្យកាន់តែតឹងរ៉ឹង។
តើខាងសេតវិមាន នៅសេសសល់ពេលវេលាប៉ុន្មានថ្ងៃទៀត ដើម្បីជួយដល់ប្រទេសអ៊ុយក្រែន ខណៈដែលទាហ៊ានជួរមុខនៃប្រទេសមួយនេះកំពុងតែស៊ូទ្រាំប្រយុទ្ធទាំងក្នុងរដូវរងារនោះ។
បើយោងតាមរយៈទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan នៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទជាមួយ Reuters អំពីការកសាងមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់អ៊ុយក្រែន បាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រកាន់ខ្ជាប់នូវជំហរដ៏យូរអង្វែងរបស់ខ្លួន ដោយមិនធ្វើការដាក់សម្ពាធលើប្រទេសអ៊ុយក្រែនឱ្យមានការចរចាជាមួយនឹងប្រទេសរុស្ស៊ីនោះទេ។
លោក Sullivan បាននិយាយថា “ចំពោះស្ថានភាពនាពេលនេះ គឺវាត្រូវតែអាស្រ័យលើការសម្រេចចិត្តរបស់ពួកគេ។
លោកបាននិយាយប្រាប់រ៉យទ័រទៀតថា “យើងមានជម្រើសតែមួយគត់គឺ ទុកវាឲ្យបន្តរហូតដល់បង្កើតជាករណីដែលវានឹងក្លាយជាកំហុសប្រវត្តិសាស្ត្រសម្រាប់សហរដ្ឋអាមេរិកក្នុងការដើរចេញពីអ៊ុយក្រែននៅពេលនេះ” ។
បើយោងតាមរយៈសភា និងព្រឹទ្ធសភាគណបក្សសាធារណរដ្ឋវិញបានឲ្យដឹងថា ពួកគេទាំងអស់គ្នានៅពេលនេះកំពុងគាំទ្រការសាងសង់ជញ្ជាំងព្រំដែនជាថ្មី ដែលជាគោលដៅហត្ថលេខារបស់អតីតប្រធានាធិបតី Donald Trump ខណៈពេលដែលសមាជិករបស់គណបក្សសារធណរដ្ឋតែងតែចាត់ទុកថា ជនចំណាកស្រុកមួយចំនួនធំមិនមានសិទ្ធិក្នុងការសុំសិទ្ធិជ្រកកោននៅក្នុងប្រទេសរបស់ខ្លួននោះទេ ជាពិសេសគឺជនជាតិម៉ិកស៊ិក។
បើទោះជាយ៉ាងនេះក្តី លោក Biden បាននិយាយថា គាត់គឺជាថ្នាក់ដឹកនាំម្នាក់ដែលមានឆន្ទៈក្នុងការសម្របសម្រួលរាល់គោលនយោបាយសំខាន់ៗ ជាពិសេសគឺលើបញ្ហាព្រំដែន ប៉ុន្តែលោកក៏សូមប្រាប់ទៅវិញថា គណបក្សសាធារណរដ្ឋនឹងមិនទទួលបានអ្វីគ្រប់យ៉ាងដូចដែលពួកគេចង់បាននោះទេ ប្រសិនបើគ្មានការចរចារលើការផ្តល់ជំនួយទៅប្រទេសអ៊ុយក្រែន។
លោក Biden បាននិយាយថា “ពួកគណបក្សសាធារណរដ្ឋជ្រុលនិយមកំពុងតែចង់លេងសើចជាមួយសន្តិសុខជាតិរបស់យើង ដោយយកមូលនិធិរបស់អ៊ុយក្រែនមកធ្វើជាចំណាប់ខ្មាំង ដើម្បីតែចង់ឈ្នះលើគោលនយោបាយតាមបណ្តោយព្រំដែន សកម្មភាពរបស់ពួកគេបង្ហាញយ៉ាងច្បាស់ថា វាគឺការប្រកាន់យកនូវបក្សពួកជ្រុលនិយម” ។
ប៉ុន្តែសម្រាប់ លោក Biden ក៏មិនបានបោះបង់មហិចតាក្នុងការជួយដល់ប្រទេសរងគ្រោះដូចជាអ៊ុយក្រែននោះដែរ ដោយលោកបានពិភាក្សាអំពីអ៊ុយក្រែននៅក្នុងកិច្ចប្រជុំកំពូលនិម្មិតជាមួយមេដឹកនាំ G7 នៅព្រឹកថ្ងៃពុធនេះ ថា សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការគាំទ្រដល់ប្រទេសអ៊ុយក្រែននៅក្នុងសង្រ្គាមរយៈពេល 22 ខែរបស់ខ្លួន ដើម្បីទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ីបន្តទៀត។