ព្យុះស៊ីក្លូន ដែលបានបក់បោកកាត់តាមឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសឥណ្ឌាកាលពីដើមសប្តាហ៍នេះ វាបានធ្វើឱ្យទីក្រុង Chennai បានជន់លិចយ៉ាងធ្ងន់ធ្ងរ ដោយខាងអាជ្ញាធរនៃទីក្រុងមួយនេះ បាននិយាយប្រាប់ BBC ថា ពួកយើងពិតជាពិបាកនិងវិលមករកភាពប្រក្រតីវិញខ្លាំងណាស់ នេះបើយោងតាមការចុះផ្សាយរបស់ BCC កាលពីថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២៣។
បន្ទាប់ពីមានទឹកជំនន់នៅក្នុងទីក្រុង Chennai បានកើតឡើង ក្នុងនោះគេសង្កេតឃើញថាមានប្រជាពលរដ្ឋខ្លះបាននិយាយថា ពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញសម្ភារមួយចំនួនដែលចាំបាច់ ខណៈដែលពួកគេកំពុងជួបប្រទះការដាច់ភ្លើងញឹកញាប់នោះទេ។
បើយោងតាមការរៀបរាប់ពីអភិបាលក្រុងខាងលើនេះបានឲ្យដឹងថា ក្នុងកំឡុងពេលដែលមានភ្លៀងធ្លាក់ឥតឈប់ឈរនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ គឺមានមនុស្សប្រមាណ ១៨ នាក់បានស្លាប់នៅក្នុងរដ្ឋ Tamil Nadu ដែលក្នុងនោះ Chennai ជារដ្ឋធានី នៅក្នុងឧប្បត្តិហេតុដែលទាក់ទងនឹងភ្លៀង។
ព្យុះស៊ីក្លូន Michaung បានបោកបក់ កាលពីថ្ងៃអង្គារនៅក្នុងរដ្ឋ Andhra Pradesh តែចំពោះការខូចខាតវិញគឺមានច្រើនលើសលប់ ទាំងដំណាំ និងផ្ទះសម្បែងជាច្រើនត្រូវបានគេរាយការណ៍ ដែលជាហេតុធ្វើឲ្យប្រជាជននៃប្រទេសឥណ្ឌាដែលរងគ្រោះទាំងអស់បានកើតមានជំងឺធ្លាក់ទឹកចិត្តយ៉ាងធ្ងន់ធ្ងរ។
គួររំលឹកថា កាលពីថ្ងៃចន្ទ ភ្លៀងធ្លាក់ប្រហែល 24cm (9.4in) នៅលើ Chennai ដោយខាងនាយកដ្ឋានឧតុនិយមរបស់ប្រទេសឥណ្ឌាបានចាត់ថ្នាក់ទឹកភ្លៀងនោះថា វាគឺជាកម្រឹត “ធ្ងន់ធ្ងរខ្លាំង”។
ភ្លៀងធ្លាក់ខ្លាំងបាននាំមកនូវការចងចាំមួយឡើងវិញដល់ប្រជាជននៃប្រទេសមួយនេះ គឺកាលពីឆ្នាំ 2015 ឥណ្ឌាបានជួបនៅគ្រោះទឹកជំនន់ដ៏អាក្រក់បំផុត ដែលបានសម្លាប់មនុស្សជាង 200 នាក់នៅក្នុងទីក្រុង Chennai ដែលជាទីក្រុងធំបំផុតមួយរបស់ប្រទេសឥណ្ឌា ដែលជាមជ្ឈមណ្ឌលឧស្សាហកម្មផងដែរ។ អ្នកជំនាញនិយាយថា ទីក្រុងជាច្រើនរបស់ឥណ្ឌា មិនទាន់បានត្រៀមខ្លួន ដើម្បីទប់ទល់នឹងព្រឹត្តិការណ៍អាកាសធាតុធ្ងន់ធ្ងរ ដោយសារតែការសាងសង់មិនបានត្រួតពិនិត្យ និងការរៀបចំផែនការទីក្រុងមិនល្អជាដើម។
កាលពីថ្ងៃច័ន្ទ អាកាសយានដ្ឋាន Chennai ដ៏មមាញឹកត្រូវបានបិទទ្វាអស់រយៈពេលមួយថ្ងៃ បន្ទាប់ពីផ្លូវរត់របស់ខ្លួនត្រូវបានជន់លិច។ រថភ្លើងរាប់សិបគ្រឿងត្រូវបានលុបចោលក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។ ខាងកាសែត Mint បានរាយការណ៍ថា ផលប៉ះពាល់សេដ្ឋកិច្ចនៃទឹកជំនន់ត្រូវបានគេរំពឹងថានឹង “កាន់តែធ្ងន់ធ្ងរ និងអាក្រក់ឡើង” ដោយសារតែផលិតកម្មត្រូវបានរំខាននៅក្រុមហ៊ុនជាច្រើនរួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ Apple Foxconn ។
បើយោងតាម លោក J Radhakrishnan ស្នងការនៃសាជីវកម្ម Greater Chennai បានប្រាប់ BBC Tamil ថាអាជ្ញាធរបានបូមទឹកចេញតាមដែលអាចធ្វើបានបន្ទាប់ពីមានភ្លៀងធ្លាក់ជាបន្តបន្ទាប់រយៈពេល 36 ម៉ោង។ លោកបានបន្ថែមថា គិតត្រឹមយប់ថ្ងៃពុធ ទឹកជំនន់បានស្រកនៅក្នុងក្រុងគឺមានចំនួន ៣ ភាគ ៤។ ដោយក្នុងនោះមានមនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសទៅកាន់ជំរុំសង្គ្រោះក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ខណៈដែលមានមនុស្សជាច្រើនត្រូវបានជួយសង្គ្រោះពីផ្ទះដែលលិចទឹករបស់ពួកគេដោយទូកកៅស៊ូ និងកាណូត។
បើយោងតាមអ្នកជំនាញបាននិយាយថា សំណង់ដែលមានសភាពទ្រុឌទ្រោមបានបន្សល់ទុកចន្លោះតិចតួចសម្រាប់ទឹកភ្លៀងហូរចេញ។
លោក David Manohar សកម្មជនដែលសិក្សាពីការលិចលង់ក្នុងទីក្រុងបានប្រាប់ BBC Tamil ថា “ផ្ទះត្រូវបានជន់លិចនៅពេលណាដែលមានភ្លៀងធ្លាក់ខ្លាំង ដោយសារតែអគារនានាត្រូវបានសាងសង់នៅលើបឹង និងស្រះទឹកក្នុងតំបន់ជាយក្រុងមួយចំនួនរបស់ Chennai” ។
លោក Raj Bhagat P អ្នកជំនាញវិភាគភូមិសាស្ត្របានប្រាប់ រ៉យទ័រ ថា ខណៈពេលដែលប្រព័ន្ធលូទឹកព្យុះល្អជាងអាចទប់ស្កាត់ទឹកជំនន់ ទោះបីជាវាមិនអាចជួយបានច្រើនក្នុងអំឡុងពេល “ភ្លៀងខ្លាំង និងខ្លាំងបំផុត” ក៏ដោយ។
លោក Radhakrishnan បាននិយាយថា អាជ្ញាធរនឹងធ្វើការស្ទង់មតិដើម្បីកំណត់តំបន់ដែលប្រព័ន្ធបង្ហូរទឹកព្យុះមិនដំណើរការល្អដូចដែលពួកគេគួរតែមាននោះទេ។
គាត់បាននិយាយថា “ប៉ុន្តែនោះគឺជាដំណើរការដ៏វែងឆ្ងាយមួយ តែឥឡូវនេះយើងកំពុងផ្តោតលើការងារជួយសង្គ្រោះ”ជាមុនសិន ។