ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់ខ្លួននឹងបង្កើនការកែសម្រួលគោលនយោបាយដើម្បីគាំទ្រដល់ការងើបឡើងមកវិញនៃសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2024 ដោយលោកបានថ្លែងទៅកាន់ជនរួមជាតិ បន្ទាប់ពីកិច្ចប្រជុំរបស់មេដឹកនាំកំពូលរបស់ប្រទេសត្រូវបានបញ្ចប់ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។
ក្រុមវិនិយោគិនធំៗមួយចំនួនធំ កំពុងតែឃ្លាំមើលយ៉ាងដិតដល់នូវតម្រុយខ្លះៗដែលស្តីអំពីគោលនយោបាយ និងកំណែទម្រង់ថ្មីៗដែលគេនឹងអនុវត្តន៍នៅឆ្នាំក្រោយ។ បច្ចុប្បន្នខាងទីក្រុងប៉េកាំងបានព្យាយាមស្ទើគ្រប់មធ្យោបាយ គឺធ្វើយ៉ាងណាដើម្បីស្តារសេដ្ឋកិច្ចរបស់ខ្លួនដែលបានជួបប្រទះចាប់តាំងពីមានជំងឺរាតត្បាតនៃជំងឺកូវីដ១៩ ចំពេលដែលចិនក៏កំពុងតែមានវិបត្តិខាងអចលនទ្រព្យកាន់តែស៊ីជម្រៅ ព្រមទាំងបញ្ហាបំណុលរបស់រដ្ឋាភិបាលក្នុងតំបន់បានកើនឡើងជាលំដាប់នោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនបាននិយាយទៀតថា ប្រទេសចិននឹងផ្តោតលើការជំរុញឲ្យមានតម្រូវការដែលប្រកបដោយប្រសិទ្ធភាពនៅឆ្នាំក្រោយ ពោលវាគឺជាកិច្ចខិតខំប្រឹងប្រែងរួមគ្នាដ៏ធំមួយ ដោយរដ្ឋាភិបាលចិនបានតម្រូវកើតឡើងនូវតម្រូវការក្នុងស្រុកជាមុនសិន។ យ៉ាងណាមិញការលើកឡើងពីសន្និសីទការងារសេដ្ឋកិច្ចកណ្តាលប្រចាំឆ្នាំ ដែលធ្វើឡើងចាប់ពីថ្ងៃទី 11-12 ខែធ្នូ ក្នុងអំឡុងពេលនោះគ្រប់ថ្នាក់ដឹកនាំកំពូលៗទាំងអស់ បានធ្វើការកំណត់ទិសដៅសេដ្ឋកិច្ចសម្រាប់ឆ្នាំ 2024 រួចរាល់ហើយផងដែរ ។
នៅក្នុងកិច្ចប្រជុំខាងលើនេះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋខាងលើបានដកស្រង់សម្តី របស់ប្រធានាធិបតី លោក Xi Jinping នៅក្នុងកិច្ចប្រជុំថា “យើងនឹងធ្វើឲ្យប្រទេសចិនទទួលបាននូវកំណើរសេដ្ឋកិច្ចយ៉ាងមានប្រសិទ្ធភាព ហើយប្រជាជនរបស់យើងនឹងអាចទទួលបាននៅការងារដែលមានភាពនឹងនរដូចគ្នា”។
នៅក្នុងការិយាល័យនយោបាយ ដែលជាស្ថាប័នធ្វើការសម្រេចចិត្តកំពូលនៃបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចបាននិយាយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលនឹងដាក់ឲ្យអនុវត្តន៍នូវគោលនយោបាយសារពើពន្ធត្រឹមកម្រិតមធ្យម ព្រមទាំងមានភាពបត់បែន តែច្បាស់លាស់។ ចំពោះការសម្រេចចិត្តមួយនេះផងដែរ មេដឹកនាំដ៏មានឥទ្ធិពលរូបនេះជឿជាក់យ៉ាងមុតមាំថា វានឹងជួយជំរុញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចយ៉ាងឆាប់រហ័សបំផុត។
ប្រភពខាងលើដដែលបាននិយាយបន្តទៀតថា រាល់ការដាក់ចេញនូវវិធានការខាងលើ ប្រទេសចិនក៏ទទួលបាននូវភាពងាយស្រួលមួយផ្សេងទៀត ដោយជាការរក្សាបាននូវចរន្តសាច់ប្រាក់ឲ្យមានក្នុងប្រទេសគ្រប់គ្រាន់ ដែលអាចធានាថាទំហំហិរញ្ញប្បទានសង្គម និងការផ្គត់ផ្គង់សាច់ប្រាក់គឺសមស្របទៅនឹងគោលដៅដែលរដ្ឋាភិបាលបានរំពឹងទុក។
គួរបញ្ជាក់ថា ប្រទេសចិននឹងក្លាយទៅអ្នកដឹកនាំស្ថាប័នហិរញ្ញវត្ថុនៅក្នុងពិភពលោក ដើម្បីបង្កើនការគាំទ្រសម្រាប់ការច្នៃប្រឌិតបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃពណ៌បៃតង ការរួមបញ្ចូលអាជីវកម្មខ្នាតតូច និងមធ្យម ដោយបូកបញ្ចូលទាំងសេដ្ឋកិច្ចឌីជីថលថែមទៀតផង។
កាលពីខែតុលាកន្លងទៅនេះ ប្រទេសចិនធ្លាប់បានបង្ហាញពីផែនការក្នុងការដាក់លក់នូវប័ណ្ណបំណុលមួយដែលមានតម្លៃប្រមាណ 1 ពាន់ពាន់លានយន់ (139 ពាន់លានដុល្លារ) នៅចុងឆ្នាំនេះ ព្រើវាក៏ជាគោលដៅមួយដើម្បីបង្កើនផលិតផលក្នុងស្រុកសរុបកាលពីក្នុងឆ្នាំ 2023 ដើម្បីការកើតឡើងពី 3% ឲ្យក្លាយជា 3.8% ជាដើម។
បើទោះជាយ៉ាងណាក៏ដោយ នៅក្នុងគោលដៅសម្រាប់កំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ 2024 ប្រភពដដែលបានឲ្យដឹងថា មេដឹកនាំកំពូលរបស់ចិនបានសន្យាថា ខ្លួនកម្ទេចចោលរាល់បញ្ហាដែលបានកើតឡើងលើវិស័យអចលនទ្រព្យជាចម្បង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយទៀតថា ប្រទេសចិននឹងពន្លឿនការបង្កើតគំរូថ្មីនៃការអភិវឌ្ឍន៍អចលនទ្រព្យ ដោយពន្លឿនការសាងសង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ និងសម្របសម្រួលការដោះស្រាយហានិភ័យបំណុលក្នុងស្រុក និងការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាព។