ចិន និងកូរ៉េខាងជើង បានបើកកិច្ចប្រជុំកម្រិតខ្ពស់ ចំពេលមានការបាញ់មីស៊ីល

តាមរយៈទីក្រុងប៉េកាំង រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានជួបពិភាក្សាកម្រិតខ្ពស់ជាមួយអនុរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនៅទីក្រុងប៉េកាំងកាលពីថ្ងៃច័ន្ទ ទី១៨ ខែធ្នូ​ ឆ្នាំ២០២៣ គឺស្របពេលដែលទីក្រុងព្យុងយ៉ាងចាប់ផ្តើមដំណើរបាញ់មីស៊ីល span ដែលមានសមត្ថភាពហោះទៅដល់គ្រប់ទីកន្លែងក្នុងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

តាមដានយើងតាមរយៈ Telegram CPN Daily

ជំនួបរវាងលោក Wang Yi និងអនុរដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Pak Myong Ho ត្រូវបានទីភ្នាក់ងារសារព័ត៌មានរ៉យទ័ររាយការថា៖ លោក Wang បាននិយាយថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនង និងការសម្របសម្រួលទ្វេភាគី ជាមួយនឹងកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅគ្រប់វិស័យ ប៉ុន្តែលោកក៏មិនបានរៀបរាប់ឲ្យល្អិតល្អន់គោលដៅរបស់លោកនោះដែរ។

គួរបញ្ជាក់ថា កូរ៉េខាងជើងគឺ​ជា​សម្ព័ន្ធមិត្ត​ផ្លូវការ​តែ​មួយ​គត់​របស់​ចិន គឺបន្ទាប់ពីមានការចុះហត្ថលេខាលើសន្ធិសញ្ញាមួយកាលពីឆ្នាំ 1961 មកម្ល៉េះ។ គឺនៅក្នុងកិច្ចព្រមព្រៀងមួយដោយស្តីអំពី ជំនួយផ្នែកយោធា ដើម្បីជួយគ្នាទៅវិញទៅមកក្នុងករណីមានការវាយប្រហារឬការប៉ុនប៉ងវាយប្រហារដោយប្រទេសទីបី។ ជាមួយគ្នានោះផងដែរ ការមកដល់របស់លោក Pak Myong Hok នៅទីក្រុងប៉េកាំងកាលពីសប្តាហ៍មុន គឺក្នុងដំណើរទស្សនកិច្ចផ្លូវការដ៏កម្រមួយនៅមុនខួបលើកទី 75 នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ។

យ៉ាងណាមិញចំពោះការបាញ់មីស៊ីលកាលពីថ្ងៃច័ន្ទរបស់កូរ៉េខាងជើង គឺបានកើតឡើងបន្ទាប់ពីការបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយនៅលើយប់ថ្ងៃអាទិត្យ។ ដោយក្នុងនោះខាងក្រុង​ព្យុងយ៉ាង​បានពិពណ៌នាថា វាគឺជាការ​ថ្កោលទោស​ទៅលើសហរដ្ឋ​អាមេរិក​ចំពោះ​ការ​រៀបចំនូវ​អ្វី​ដែល​ខ្លួន​ហៅថា​ “​សង្រ្គាម​នុយក្លេអ៊ែរ”។

គួររំលឹកថា ការបាញ់បង្ហោះនេះ គឺកើតឡើងបន្ទាប់ពីការមកដល់នៃនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅកូរ៉េខាងត្បូងកាលពីថ្ងៃអាទិត្យ។

សូមបញ្ជាក់ថា រាល់សកម្មភាពមីស៊ីលផ្លោងរបស់កូរ៉េខាងជើង គឺត្រូវបានហាមឃាត់ដោយដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិយ៉ាងណាក៏ដោយ តែខាងទីក្រុងព្យុងយ៉ាងបានអះអាងថា ពួកគេគ្រាន់តែប្រើសិទ្ធក្នុងការការពារសិទ្ធិអធិបតេយ្យភាពរបស់ខ្លួនតែប៉ុណ្ណោះ។

ប្រទេសកូរ៉េខាងជើងបានអះអាងទៀតថា ពួកគេនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីជាមួយចិន ដើម្បី “ការពារផលប្រយោជន៍រួម” និង “រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ នេះបើយោងតាមការរាយការណ៍​របស់ទីភ្នាក់ងារសារព័ត៌មាន​ចិន។

Reporter:
scroll to top