ការិយាល័យឧតុនិយមរបស់ប្រទេសអ៊ីស្លង់បាននិយាយថា ភ្នំភ្លើងមួយបានផ្ទុះឡើងកាលពីល្ងាចថ្ងៃច័ន្ទ គឺនៅភាគនិរតីនៃប្រទេស។ គួរបញ្ជាក់ថា គ្រោះមហន្តរាយន៍មួយនេះវាបានកើតឡើង បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាបានកើតឡើងអស់ជាច្រើនសប្តាហ៍ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ២០២៣។
ដោយមានភាពភ័យខ្លាចនឹងការបង្ករឡើងដោយគ្រោះថ្នាក់ ដែលចេះតែកើតឡើងជាបន្តបន្ទាប់នៅលើឧបទ្វីប Reykjanes អាជ្ញាធរកាលពីខែមុនបានជម្លៀសប្រជាជនជិត 4,000 នាក់ នៃទីក្រុងនេសាទ Grindavik ដែលយើងស្គាល់ថា ជាកន្លែងស្ប៉ាកំដៅផែនដី Blue Lagoon។
យ៉ាងណាមិញ”ការព្រមានអំពីលទ្ធភាពនៃការផ្ទុះវាអាចនឹងកើតឡើងគ្រប់ពេល ដោយចាប់ផ្តើមពីភាគខាងជើងនៃ Grindavik ។ ក្រុមអាជ្ញាធរបានធ្វើកំណត់សម្គាល់ថា ការផ្ទុះនឹងចាប់ផ្តើមនៅប៉ុន្មានគីឡូម៉ែត្រពីកន្លែងដែលមានស្នាមប្រេះ ដោយដីនៅទីនោះបានលាតសន្ធឹងឆ្ពោះទៅភូមិរបស់ប្រជាជន ដែលមានចម្ងាយប្រហែល 40 គីឡូម៉ែត្រ (25 ម៉ាយ) ភាគនិរតីនៃរដ្ឋធានី Reykjavik របស់ប្រទេសអ៊ីស្លង់។
បើទោះជាស្ថានភាពអាចនឹងមានគ្រោះថ្នាក់យ៉ាងណាក៏ដោយ តែចំពោះអាកាសយានដ្ឋានអន្តរជាតិ Keflavik ដែលនៅជិតរបស់ Reykjavik នៅតែបើកដំណើរការដដែល ដោយរដ្ឋបាលគ្រប់គ្រងតំបន់គ្រាន់តែរពន្យារពេលជាច្រើនលើក ទៅលើបញ្ជីឈ្មោះនៃអ្នកដែលត្រៀមហោះហើរមកដល់ និងការចេញដំណើរតែប៉ុណ្ណោះ។
បើយោងតាមរយៈរូបភាព និងការផ្សាយបន្តផ្ទាល់នៃការផ្ទុះដែលបង្ហាញដោយ Reuters និងអ្នកសារព័ត៌មានផ្សេងទៀតបានឲ្យដឹងថា ថ្មបានរលាយបន្ទាប់មកវាក៏បានផ្ទុះឡើង ទើបវាបានបង្ករឲ្យមានជាស្នាមប្រេះស្រាំនៅក្នុងដី ដោយដំបូងឡើយវាបានបញ្ចេញនូវពណ៌លឿងភ្លឺ និងពណ៌ទឹកក្រូច ហើយពន្លឺនោះក៏ផ្ទុះឡើងនៅពេលយប់ គឺខណៈដែលមេឃកំពុងងងឹតខ្លាំង។
បើយោងតាមអ្នកជំនាញបានបង្ហើបថា”សកម្មភាពរញ្ជួយដី គឺបង្ករឡើងដោយ magma ដែលស្ថិតនៅក្រោមដី វាកំពុងតែផ្លាស់ទីទៅភាគនិរតី ។ អ្នកជំនាញបាននិយាយទៀតថា ការផ្ទុះវាអាចនឹងបន្តក្នុងទិសដៅមួយ គឺទៅកាន់ទីក្រុង Grindavik” ។
យ៉ាងណាមិញ ចំពោះស្នាមប្រេះនៅលើផ្ទៃផែនដី គឺមានប្រវែងប្រហែល 3.5 គីឡូម៉ែត្រ ហើយវាក៏ចាប់ផ្តើមរីកសាយយ៉ាងឆាប់រហ័ស ដែលយើងនឹកស្មានមិនដល់។
អ្នកជំនាញដដែល ដែលមូលដ្ឋាននៅក្នុងការិយាល័យ Met បាននិយាយបន្តថា កម្អែលភ្នំភ្លើងប្រហែល 100 ទៅ 200 ម៉ែត្រគូប (3,530 ទៅ 7,060 ហ្វីតគូប) វាបានផុសឡើងក្នុងមួយវិនាទី ដែលជាចំនួនច្រើនធ្វេដងជាងការផ្ទុះពីមុនទៅទៀត។
អ្នកជំនាញបានបង្ហាញទៀតថា នៅក្នុងចន្លោះនៃបន្ទះប្លាកែតអឺរ៉ាស៊ី និងអាមេរិកខាងជើង វាសុទ្ធសឹងតែជាទីកន្លែងមួយដែលស្ថិតក្នុងចំណោមប្លាកែតធំជាងគេនៅលើភពផែនដី ដោយក្នុងនោះគឺមានអ៊ីស្លង់ដែលជាកន្លែងរញ្ជួយដី និងមានបន្ទុះភ្នំភ្លើងច្រើនជាងគេ ។
ផ្ទុយទៅវិញរាល់សកម្មភាពភ្នំភ្លើងនៅក្នុងតំបន់មួយនេះ វាបានបន្តកើតឡើងនៅរយៈពេលប្រាំមួយខែហើយនៅក្នុងឆ្នាំនេះ តែវាក៏ជាមូលហេតុតែមួយគត់ដែលជំរុញឱ្យជនជាតិអ៊ីស្លង់ និងអ្នកទេសចររាប់ពាន់នាក់មកទស្សនាកន្លែងកើតហេតុនោះដែរ។