រថភ្លើងល្បឿនលឿនដំបូងគេបង្អស់នៅក្នុងក្នុងប្រទេសឥណ្ឌូនេស៊ី និងអាស៊ីអាគ្នេយ៍ ដែលធ្វើដំណើរពី Jakarta-Bandung នាពេលឥឡូវនេះបានគ្រប់គ្រងការធ្វើដំណើររបស់អ្នកដំណើរជាង 1 លាននាក់ បើយើងគិតចាប់តាំងពីការប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួនបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី 17 ខែតុលា។ នេះបើយោងតាមក្រុមហ៊ុន China State Railway Group Co. Ltd. កាលពីថ្ងៃចន្ទ ទី ២៥ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថា ការធ្វើដំណើររបស់អ្នកដំណើរតាមផ្លូវរថភ្លើងមួយនេះ បានឈានដល់ចំនួន 1 លាននាក់កាលពីថ្ងៃអាទិត្យ ខណៈដែលនៅចុងឆ្នាំនេះ គឺមានលំហូរអ្នកដំណើរកំពុងតែកើនឡើងយ៉ាងឆាប់រហ័ស ហើយវាក៏បានជំរុញឱ្យក្រុមហ៊ុន PT Kereta Cepat Indonesia-China (KCIC) ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនឥណ្ឌូនេស៊ី និងចិន ហើយក៏ជាអ្នកផ្តួចគំនិតនៃការសាងសង់ និងដំណើរការ HSR នោះ បានបង្កើនសេវាកម្មរថភ្លើងរហូតដល់ 48 លើកក្នុងមួយថ្ងៃ បើធៀបនិងកាលពីមុនការធ្វើដំណើរមានត្រឹមតែ 14 លើកប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងទៀតថា ចាប់តាំងពីពាក់កណ្តាលខែតុលាកន្លងមក ក្រុមការងារដែលមកពីប្រទេសចិន និងឥណ្ឌូនេស៊ីបានរួមគ្នាជំរុញឱ្យមានប្រតិបត្តិការប្រកបដោយគុណភាពខ្ពស់នៃ HSR ដោយបំពេញតាមតម្រូវការរបស់អ្នកដំណើរ រួមទាំងការលើកកម្ពស់ការលក់សំបុត្រតាមអ៊ីនធឺណិត ការកែលម្អសេវាឡើងជិះនៃអ្នកដំណើរ និងការចុះចតដើម្បីបង្កើនប្រសិទ្ធភាព និងការរួមបញ្ចូលប្រព័ន្ធដឹកជញ្ជូនផ្សេងទៀត ជាមួយ HSR ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ក្នុងចំណោមអ្នកធ្វើដំណើរយ៉ាងច្រើនកោះករ។
បើទោះជាការធ្វើដំណើរកំពុងតែស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយយ៉ាងណាក៏ដោយ តែអ្នកដំណើរមិនមានការព្រួយបារម្មណ៍ទៅលើចំណីអាហារនោះទេ ព្រោះថានៅលើរថភ្លើងដ៏ទំនើបមួយនេះ មានទាំងអាហារដ្ឋាននិងភេសជ្ជៈស្ទើរតែគ្រប់ប្រភេពនៅក្នុងរថភ្លើង។
បើយោងតាមការសម្ភាសដោយផ្ទាល់ពីអ្នកធ្វើដំណើរជាមួយនឹងអ្នកកាសែតចិនសិនហួរបានឲ្យដឹងថា ការធ្វើដំណើរជាមួយនឹងល្បឿន 350 គីឡូម៉ែត្រក្នុងមួយម៉ោងនៃ HSR វាអាចជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើររវាងរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូនេស៊ីទៅកាន់ Bandung ក្នុងខេត្ត West Java ជិត ៤ ម៉ោងឯនោះ តែវាក៏ជាជម្រើសមួយដ៏មានសុវត្តិភាពថែមទៀតផង។