តុលាការធម្មនុញ្ញរបស់ប្រទេសថៃបានកំណត់ថ្ងៃទី 31 ខែមករា ឆ្នាំ២០២៤ មកធ្វើសេចក្តីសម្រេចលើញត្តិប្រឆាំង របស់អតីតមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ គឺ លោក Pita Limjaroenrat ព្រមទាំងគណបក្សមួយនេះ គឺបន្ទាប់ពីមានការចោទប្រកាន់ថា ក្នុងកំឡុងពេលដែលលោកដឹកនាំបក្សប្រឆាំងលោក Pita បានប៉ុនប៉ងស្វែងរកការបញ្ចប់លទ្ធិប្រជាធិបតេយ្យតាមរយៈរដ្ឋធម្មនុញ្ញរបស់ប្រទេសថៃ ដែលមានព្រះមហាក្សត្រជាព្រះប្រមុខរដ្ឋ ដោយកាលនោះ លោក Pita បានធ្វើវាតាមរយៈយុទ្ធនាការបោះឆ្នោតរបស់បក្ស គឺដើម្បីធ្វើវិសោធនកម្មច្បាប់ស្តីពីច្បាប់ប្រមាថព្រះមហាក្សត្រ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ២០២៣។
គួរបញ្ជាក់ថាញត្តិមួយនេះត្រូវបានប្តឹងដោយលោក Teerayut Suwankesorn អតីតមេធាវីរបស់អតីតព្រះសង្ឃ Suwit Thongprasert ដែលគេស្គាល់ច្បាស់ថា Buddha Issara។ លោកបានចោទប្រកាន់លោក Pita ថា យុទ្ធនានៃការបោះឆ្នោតដោយលើកយកការកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ច្បាប់ប្រមាថព្រះមហាក្សត្រ គឺរំលោភលើមាត្រា ៤៩ នៃរដ្ឋធម្មនុញ្ញ។
កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះផងដែរ លោក Pita ដែលមានមុខតំណែងនាពេលបច្ចុប្បន្នជាប្រធានទីប្រឹក្សានៃ MFP បានបង្ហាញខ្លួននៅចំពោះមុខតុលាការដើម្បីពិនិត្យការឆ្លងកាត់។
យ៉ាងណាមិញខាងតុលាការបានកំណត់ការសម្រេចទៅលើសំណុំរឿងនេះ នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២ រសៀល។
បើទោះបីជាលោក Pita បានរងនូវការចោទប្រកាន់យ៉ាងណាក៏ដោយ តែលោកនៅតែនិយាយទៅកាន់តុលាការថា គោលនយោបាយរបស់គណបក្សរបស់លោកពីមុន គឺមានចេតនាធ្វើវិសោធនកម្មមាត្រា 112 ក៏ពិតមែនតែលោកធ្វើដោយស្របច្បាប់ និងស្របតាមរដ្ឋធម្មនុញ្ញ។
លោកបាននិយាយបន្តទៀតថា គណបក្សMFP មិនមានគោលបំណងស្វែងរកការផ្តួលរំលំរដ្ឋបាលរបស់ប្រទេសនោះទេ ហើយលោកនឹងពន្យល់អំពីគោលនយោបាយនេះយ៉ាងលម្អិតនៅក្នុងតុលាការ ដោយក្នុងនោះលោកបន្ថែមថា ចំណាត់ការនេះគឺមានបំណងដើម្បីរំងាប់វិបត្តិនយោបាយជាចម្បង។ លោក Pita បាននិយាយទៀតថា លោកបានស្នើរឲ្យគណបក្សឈប់ស្វែងរកការកែប្រែមាត្រា១១២នេះតទៅទៀតដែរ ព្រោះលោកមិនចង់ឲ្យអ្នកនយោបាយផ្សេងទៀត យល់ច្រលំមកលើរូបលោកតទៀតនោះទេ »។