អត្រាមិនប្រក្រតីលើប្រាក់កម្ចី ដែលទាក់ទងនឹងការសាងសង់វាបានបង្កើតជាការព្រួយបារម្មណ៍រឹតតែខ្លាំងសម្រាប់ធនាគារនៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈដែលកូនបំណុលកាន់តែមានភាពយឺតយ៉ាវក្នុងការបំពេញកត្តព្វកិច្ចរបស់ខ្លួននោះ។
បើយោងតាមអ្នកឃ្លាំមើលទីផ្សារ និងអាជ្ញាធរហិរញ្ញវត្ថុរបស់ប្រទេសមួយនេះផ្ទាល់បានឲ្យដឹងថា ហានិភ័យដែលរដ្ឋាភិបាលមិនអាចគ្រប់គ្រងបាននោះ គឺបានកើតចេញពីទីផ្សារអចលនទ្រព្យ ដោយក្រុមពាណិជ្ជករទាំងនោះបានដកប្រាក់កម្ចីដើម្បីសាងសង់ផ្ទះនិងដុនដូរ យកទៅពង្រីកវិសាលភាពរបស់ខ្លួនទៅវិញ ហើយវាក៏ជាមូលហេតុនាំឲ្យមានវិបត្តិដល់សេដ្ឋកិច្ចទាំងមូលក្នុងឆ្នាំនេះនិងឆ្នាំក្រោយ នេះបើយោងតាមការចុះផ្សាយរបស់ koreantimes កាលពីថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២៣។
បើយោងតាមឧស្សាហកម្មហិរញ្ញវត្ថុរបស់ធនាគារក្នុងស្រុកធំៗចំនួនប្រាំដូចជា KB Kookmin, Shinhan, Hana, Woori និង NH NongHyup – ពួកគេទាំងនោះបាននិយាយដូចគ្នាថា រាល់ការបង់ប្រាក់ជូនធនាគារគឺមានភាពយឺតយ៉ាងខ្លាំង ហើយពេលខ្លះការទូទាត់វាបានហួសកាលបរិច្ចេទលើពីមួយសប្តាហ៍ក៏មានដែរ ម្យ៉ាងវិញទៀតចំពោះអត្រានៃអ្នកដែលស្នើរឲ្យមានការពន្យាពេលសម្រាប់បង់ប្រាក់កម្ចីដែលយកទៅសាងសង់ គឺបានកើនឡើងទ្វេដងនៅក្នុងឆ្នាំនេះ។
បើយើងនិយាយអំពីសមតុល្យសរុបនៃមូលនិធិដែលធនាគារបានផ្តល់ប្រាក់កម្ចីដល់វិស័យសាងសង់វិញ គឺវាបានកើនឡើងប្រមាណ 14 ភាគរយកាលពីឆ្នាំមុន គឺពី 20.3 ពាន់ពាន់លានវ៉ុននៅចុងឆ្នាំមុន រហូតដល់ 23.2 ពាន់ពាន់លានវ៉ុននៅចុងខែវិច្ឆិការឆ្នាំ២០២៣។ បើទោះបីជាអត្រាប្រាក់កម្ចីមានការកើនឡើងយ៉ាងណាក៏ដោយ តែការកើនឡើងនោះ វាសុទ្ធសឹងតែជាកម្ចីមួយដែលស្ថិតក្នុងហានិភ័យ ខណៈដែលកូនបំណុលមិនអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងបំពេញកត្តព្វកិច្ចនោះ ពួកគេក៏សុខចិត្តឲ្យធនាគារផាកវិន័យលើការយឺតយ៉ាវ ពីលើអត្រាមួយកម្រឹតទៀតផងដែរ។
បើយើងគិតត្រឹមដំណាច់ខែវិច្ឆិកា ចំនួនទឹកប្រាក់ដែលហួសកាលកំណត់ សម្រាប់កម្ចីដែលយកទៅសាងសង់ពីធនាគារកំពូលទាំងប្រាំបានកើនឡើងរហូតដល់ 105.1 ពាន់លានវ៉ុន (81 លានដុល្លារ) ដែលទួរលេខជិតទ្វេដងនៃ 52.4 ពាន់លានវ៉ុនពីចុងឆ្នាំមុន។ ហើយចំណែកឯអត្រាពន្យាពេល គឺបានកើនឡើងជិតទ្វេដងដូចគ្នាដែរ ពី 0.26 ភាគរយនៅចុងឆ្នាំមុនដល់ 0.45 ភាគរយនៅចុងខែវិច្ឆិកាឆ្នាំនេះ។
អ្វីដែលជាកំណត់សម្គាល់ខ្ពស់របស់អ្នកសារព័ត៌មាន សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នបានចង្អុលបង្ហាញថា ហានិភ័យនៃប្រាក់កម្ចីសម្រាប់ការសាងសង់គឺកាន់តែខ្ពស់ជាងឧស្សាហកម្មដទៃទៀត ដោយសារតែឥឡូវនេះក្រុមហ៊ុនសំណង់ជាច្រើនកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុកាន់តែយ៉ាប់យ៉ឺន ទី១គឺការតំឡើងអត្រាការប្រាក់ពីខាងធនាគារ ទី២ តម្រូវការនៃអ្នកទិញអចលនទ្រព្យបានធ្លាក់ចុះ ទី៣ តម្លៃនៃវត្ថុធាតុដើម និងថ្លៃពលកម្មកាន់តែខ្ពស់ ។
ទំនោរនៃកើនឡើងក្នុងការពន្យាពេលដើម្បីសងប្រាក់កម្ចី វាកំពុងក្លាយជាការព្រួយបារម្ភកាន់តែខ្លាំងឡើងសម្រាប់ធនាគារ និងរដ្ឋាភិបាល។ នៅពេលដែលអត្រាយឺតយ៉ាវចំពោះប្រាក់កម្ចីហិរញ្ញប្បទានគម្រោងអចលនទ្រព្យនៅទូទាំងវិស័យហិរញ្ញវត្ថុនៅក្នុងប្រទេសកូរ៉េទាំងមូលបានស្មើនឹង 2.42 ភាគរយ បើធៀបនឹង 0.24 ភាគរយក្នុងរយៈពេលត្រឹមតែ 3 ខែចុងក្រោយនេះ ហើយវាក៏បានកើតឡើងស្របពេលដែលអត្រាបំណុលបានកើនឡើងយ៉ាងខ្លាំង ដែលប្រកៀកប្រកិតនឹងអត្រាប្រាក់សន្សំដែលមានចន្លោះពី ( 4.61 ភាគរយទៅ 5.56 ភាគរយ) ហើយចំនែកឯទំហំនៃឥណទានគឺមានចន្លោះពី (3.89 ភាគរយទៅ 4.44 ភាគរយ)។
ទាំងនេះវាគឺជាការឆ្លើយតបទៅនឹង រដ្ឋាភិបាលដែលបានផ្តួចផ្តើលើការផ្តល់ហិរញ្ញប្បទានគម្រោងអចលនទ្រព្យ ខណៈពេលដែលវិធីសាស្រ្តជាចម្បង គឺដើម្បីពង្រីកដល់កាលកំណត់នៃប្រាក់កម្ចី ដោយរំពឹងថានឹងមានការងើបឡើងវិញនៅក្នុងទីផ្សារអចលនទ្រព្យនៅឆ្នាំក្រោយនោះ តែរយៈពេលអូសបន្លាយនៃអត្រាការប្រាក់ខ្ពស់ និងការធ្លាក់ចុះនៃតម្រូវការអចលនទ្រព្យកាន់តែធ្ងន់ធ្ងរឡើង។ ហេតុដូច្នេះហើយថ្នាក់ដឹកនាំគួរតែកែសម្រួលរចនាសម្ព័ន្ធសារជាថ្មី នេះបើយោងតាមរយៈ (លោក Kim Joo-hyun ប្រធាន FSC បាននិយាយក្នុងកិច្ចប្រជុំជាមួយធនាគារកាលពីដើមខែនេះ)។