ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងតែស្ថិតនៅក្រោមការចោទប្រកាន់ពីបទប៉ុនប៉ងគេចវេសពីការទទួលខុសត្រូវចំពោះផែនការប្រទេសរបស់លោក ក្នុងការដាក់ពង្រាងទាហ៊ានជួរមុខបន្ថែមទៀត នេះបើយោងតាមការចុះផ្សាយរបស់ newsweek កាលពីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០២៤។
ក្នុងអំឡុងពេលធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី 19 ខែធ្នូ លោក Zelensky បានសម្តែងការស្ទាក់ស្ទើរ បើទោះបីជារូបលោកធ្លាប់បានប្រកាសថា យោធាអ៊ុយក្រែនកំពុងស្នើសុំពង្រាងទ័ពថ្មីចំនួន 500,000 នាក់ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងសង្រ្គាមដែលកំពុងបន្តប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ដោយក្នុងនោះលោក Zelensky បាននិយាយថា “ខ្ញុំនឹងត្រូវការអំណះអំណាងពីអ្នកគាំទ្របន្ថែមទៀត ពាក្យមួយឃ្លានេះវាបានធ្វើឲ្យមនុស្សជាច្រើនបានចោទជាសំណួរថា តើលោក Zelensky មានសមត្ថភាពការពារជាតិរបស់ខ្លួនដែរឬទេ?
តិចជាងមួយសប្តាហ៍ក្រោយមក នៅយប់ថ្ងៃបុណ្យណូអែល អត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីការចល័តទ័ព ដែលរួមបញ្ចូលបទប្បញ្ញត្តិកាត់បន្ថយអាយុនៃការចុះចូលបម្រើទ័ព គឺពី 27ឆ្នាំ ទៅ 25ឆ្នាំវិញ វាក៏ត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់សភាអ៊ុយក្រែន។
គួរបញ្ជាក់ថា ចំពោះច្បាប់មួយនេះត្រូវបានគេរាយការណ៍ថា វាត្រូវបានគេដាក់ស្នើឲ្យប្រើប្រាស់ដោយ លោក Denys Shmyhal និងរដ្ឋមមន្ត្រីការពារជាតិ Rustem Umerov ខណៈដែលបញ្ជីឈ្មោះទាំងនោះគឺមិនមានឈ្មោះរបស់ Zelensky នោះទេ។
បើយោងតាមរយៈមេធាវី និងសកម្មជន Hennadiy Druzenko បាននិយាយនៅក្នុងរបាយការណ៍មួយដែលត្រូវបានផ្សព្វផ្សាយដោយបណ្តាញផ្សព្វផ្សាយដែលផ្តល់មូលនិធិដោយសហរដ្ឋអាមេរិក Radio Free Europe/Radio Liberty កាលពីថ្ងៃពុធបានឲ្យដឹងថា លោក Zelensky កំពុងលេងល្បែង “Hot Potato” ដើម្បីជៀសវាងការទទួលខុសត្រូវរបស់ខ្លួន។
លោក Druzenko បាននិយាយថា “ប្រធានាធិបតីរបស់អុយក្រែនមិនមានអាកប្បកិរិយាដូចជា បុរសដែលពេញលក្ខណៈនោះទេ។ លោក “[Zelensky] គួរតែចេញមក ហើយចាប់ផ្តើមទទួលខុសត្រូវដោយខ្លួនឯង ហើយពន្យល់ពីមូលហេតុនៅអ្វីដែលលោកកំពុងតែធ្វើ។”
ជុំវិញការចោទប្រកាន់ខាងលើ ក្រុមការងាររបស់ Newsweek បានទាក់ទងសុំការអត្ថាធិប្បាយទៅកាន់ក្រសួងការបរទេសអ៊ុយក្រែនតាមរយៈអ៊ីមែលកាលពីថ្ងៃពុធរួចរាល់ហើយផងដែរ។
គួរឲ្យបញ្ជាក់សារជាថ្មីថា ក្នុងអំឡុងពេលសុន្ទរកថាតាមទូរទស្សន៍នៅថ្ងៃទី 26 ខែធ្នូ លោក Zelensky បាននិយាយថា គាត់ “កំពុងរង់ចាំអត្ថបទចុងក្រោយនៃច្បាប់” ។ ចំពោះទង្វើលមួយនោះ វាហាក់ដូចជាលោកមានចេតនាចង់បង្ហាញថា លោកដូចជាបានឃ្លាតឆ្ងាយពីពាក្យមួយឃ្លាថា “យើងមានសិទ្ធិតែមួយគត់គឺធ្វើជាយោធា ” ហើយបែរជាទុករឿងមួយនេះឲ្យសមាជិកសភាជាអ្នកសម្រេចចិត្តលើច្បាប់មួយនេះតែម្នាក់ឯងទៅវិញ។
មានការចង្អុលបង្ហាញមួយចំនួនបានបញ្ជាក់ទៀតថា ប្រជាប្រិយភាពរបស់ Zelensky កំពុងតែធ្លាក់ចុះ ខណៈដែលសង្រ្គាមមួយនេះជិតឈានដល់រយៈពេលពីរឆ្នាំ។
បើយោងទៅតាមការស្ទង់មតិនៅក្នុងប្រទេសអ៊ុយក្រែនកាលពីខែមុន ដែលធ្វើឡើងដោយវិទ្យាស្ថានសង្គមវិទ្យាអន្តរជាតិ Kyiv បានរកឃើញថា 62 ភាគរយនៃប្រជាជនអ៊ុយក្រែនបាននិយាយថា ពួកគេគ្មានទំនុកចិត្តទៅលើលោក Zelensky ទៀតនោះទេ។ ហើយមានមនុស្សមានតែជាង 2០ ភាគរយប៉ុណ្ណោះដែលនិយាយថា ពួកគេជឿទុកចិត្តលើរដ្ឋាភិបាលអ៊ុយក្រែន ខណៈ ជាង1០ ភាគរយផ្សេងទៀតបាននិយាយថា ពួកគេទុកចិត្តលើសភាអ៊ុយក្រែន។