ខាងសេតវិមានបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាពេលថ្មីៗនេះ ប្រទេសរុស្ស៊ីបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយខ្លី (SRBMs) ដែលមានប្រភពមកពីប្រទេសកូរ៉េខាងជើងមកធ្វើការវាយប្រហារលើប្រទេសអ៊ុយក្រែនជាច្រើនលើក នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២៤។
អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានប្រាប់អ្នកសារព័ត៌មានរ៉យទ័រថា សហរដ្ឋអាមេរិកនឹងលើកឡើងពីការអភិវឌ្ឍន៍មួយចំនួនជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការផ្ទេរសព្វាវុធពីកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ី និងដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសទាំងពីរនេះបន្ថែមទៀត។
បើទោះបីជាមានការអះអាងពីខាងសេតវិមានយ៉ាងណាក្តី តែទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាងបានបដិសេធការចោទប្រកាន់មួយនេះ ទាំងដែលពួកគេទាំងពីរធ្លាប់បានប្តេជ្ញាកាលពីឆ្នាំមុនថា ប្រទេសទាំងពីរនឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ។
បើយោងតាមការរាយការណ៍ពីក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេសកាលពីខែវិច្ឆិកា បានឲ្យដឹងថា
កូរ៉េខាងជើងបានផ្គត់ផ្គង់កាំជ្រួច SRBMs ដល់រុស្ស៊ីជាហូរហែរ ហើយវាក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងអាវុធផងដែរ។ ដោយក្នុងនោះខាងក្រសួងការពារជាតិអង់គ្លេសបានបង្ហាញថា កិច្ចព្រមព្រៀងសព្វាវុធរបស់ពួកគេរួមមាន មីស៊ីលប្រឆាំងរថក្រោះ និងអាកាស ព្រមទាំងកាំភ្លើងធំ គ្រាប់កាំភ្លើងត្បាល់ និងកាំភ្លើងវែងថែមទៀតផង។
លោក Kirby បាននិយាយបន្ថែមថា កាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៣ កងកម្លាំងរុស្ស៊ីបានបាញ់បង្ហោះ កាំជ្រួចផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបង្ហាញឲ្យយើងដឹងថា អ្វីទាំងអស់នេះ វាគឺជាផ្នែកនៃរលកធំក្នុងការវាយប្រហារតាមផ្លូវអាកាសដ៏ធ្ងន់ធ្ងរ។
បើយោងតាមរយៈការរៀបរាប់ពីខាងទីក្រុង Kyiv កាលពីថ្ងៃអង្គារបាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះ យន្តហោះគ្មានមនុស្សបើក និងមីស៊ីលវាយប្រហារ ជាង ៣០០ គ្រឿង បានយ៉ាងល្អឥតខ្ចោះ ព្រោះវាសុទ្ធសឹងតែអាចទៅដល់គោលនៅតាមទីក្រុងនានាទូទាំងប្រទេសអ៊ុយក្រែនចាប់តាំងពីថ្ងៃសុក្រ។ ហេតុដូច្នេះហើយ ទាំងការហ្វឹកហាត់និង ការប្រើប្រាស់អាវុធទាំងអស់នោះ វាមិនមែនជាការរៀនក្នុងរយៈពេលខ្លីនោះទេ។
លោក John Kirby បាននិយាយរៀបរាប់ទៀតថា បើយោងតាមការសិក្សាពីអ្នកជំនាញរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា កាំជ្រួច KN-23 និង KN-25 ដែលផលិតដោយកូរ៉េខាងជើង វាមានសមត្ថភាពបាញ់នៅរយៈចម្ងាយប្រហែល 900 គីឡូម៉ែត្រ (550 ម៉ាយ) ហើយវាក៏ជាអាវុធដែលស្ថិតនៅក្នុងកិច្ចព្រមព្រៀងអាវុធនៃប្រទេសទាំងពីរនោះដែរ។
យ៉ាងណាមិញ សម្រាប់ការហ្វឹកហាត់របស់ទាហ៊ានរុស្ស៊ី ជាមួយនិងកូរ៉េខាងជើង គឺពួកគេបានផ្តោតទៅលើការបាញ់ នឹងរបៀបប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើងជាចម្បង គឺដើម្បីតម្រង់គោលដៅទៅលើប្រទេសអ៊ុយក្រែន។
លោកបាននិយាយបន្តទៀតថា បើទោះជាប្រទេសអ៊ីរ៉ង់មិនបានបញ្ជូនមីស៊ីលផ្លោងរយៈចម្ងាយខ្លីដល់រុស្ស៊ីក៏ពិតមែន ប៉ុន្តែក្រុងវ៉ាស៊ីនតោនជឿជាក់យ៉ាងមុតមាំថា រុស្ស៊ីប្រាកដជាមានបំណងទិញប្រព័ន្ធមីស៊ីលពីអ៊ីរ៉ង់ជាមិនខាន។ ព្រោះបើយើងក្រឡេកទៅមើលប្រវត្តិនៃការប្រើប្រាស់យន្តហោះគ្មានមនុស្សបើក និងសព្វាវុធទំនើបៗជាច្រើនកន្លងមកនេះ គឺទីក្រុងមូស្គូបានពឹងផ្អែកទៅលើអ៊ីរ៉ង់ស្ទើទាំងស្រុង។