ការកើនឡើងនៃអ្នកមានទ្រព្យសម្បត្តិជាច្រើននៅក្នុងទ្វីបអាស៊ី កំពុងតែព្យាយាមបង្កើតការិយាល័យនៅទីក្រុងឌូបៃ ដោយជាការផ្តល់ទុនទៅលើការធ្វើឱ្យទំនាក់ទំនងការទូតរវាងប្រទេសចិន និងមជ្ឈិមបូព៌ាឲ្យកាន់តែមានភាពកក់ក្តៅ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៣។
ប្រភពខាងលើបាននិយាយថា ឌូបៃ វាគឺជាមជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សំខាន់នៅក្នុងតំបន់ឈូងសមុទ្រ ដែលកំពុងលេចចេញជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិជាទីពេញចិត្តសម្រាប់សហគ្រិន និងគ្រួសារអ្នកមានជាច្រើននៅអាស៊ី ជាពិសេសគឺប្រទេសចិន។
បើយោងតាមរយៈ លោក Qing Pan ដែលជាប្រធានផ្នែកហិរញ្ញវត្ថុរបស់ Noah Holdings ដែលជាអ្នកមានទ្រព្យសម្បត្តិប្រមាណ $23 ពាន់លានដុល្លារ ហើយក៏ជាអ្នកមានទ្រព្យសម្បត្តិកំពូលមួយរូបនៅក្នុងប្រទេសចិនដែរនោះ គឺលោកបានរំពឹងទុកថា លោកនឹងទទួលបានអាជ្ញាប័ណ្ណអាជីវកម្មនៅក្នុងទីក្រុងឌូបៃនៅចុងឆ្នាំនេះ។
លោកបានបន្តថា ការិយាល័យទីក្រុងឌូបៃនឹងបម្រើដល់សហគ្រិនចិន ដែលកំពុងបង្កើតអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារថ្មីមួយទៀត។ លោក Pan បាននិយាយថា “យុទ្ធសាស្រ្តរបស់ Noah Holdings បានដើរតាមកំណើននៃទ្រព្យសម្បត្តិរបស់អតិថិជន។ ហើយប្រសិនបើក្រុមអ្នកមានទ្រព្យសម្បត្តិបានងាកទៅរស់នៅឌូបៃ នោះហើយជាមូលហេតុដែលយើងនឹងត្រូវតែនៅទីនោះ។ លោកបានបន្ថែមថា ការថែរក្សាទ្រព្យសម្បត្តិដែលបានបង្កើតក្នុងស្រុកវាជាការរួមចំណែកជួយដល់រាជរដ្ឋាភិបាល” តែចំពោះគម្រោងរបស់ក្រុមហ៊ុនទៅថ្ងៃមុខ យើងនឹងបញ្ជូនបុគ្គលិកមួយចំនួនពីប្រទេសចិន ទៅកាន់ឌូបៃ បន្ទាប់ពីយើងបានទទួលនៅអាជ្ញាប័ណ្ណ។
គួរបញ្ជាក់ថា “សហគ្រិនរបស់ចិនជាច្រើនកំពុងតែស្វែងរកទីផ្សារថ្មី ដោយក្នុងនោះមានមនុស្សជាច្រើនមានការរំភើបចំពោះឱកាសដែលផ្តល់ដោយខាងមជ្ឈឹមបូព៌ា”។
នៅខាងមជ្ឈិមបូព៌ាបានរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយវាក៏ជាមូលហេតុដែលធ្វើឲ្យខាងទីក្រុងប៉េកាំងត្រូវតែចាប់ឳកាសមួយនេះ ដែលផ្ទុយពីគោលការណ៍នយោបាយរបស់ទីក្រុងវ៉ាស៊ីនតោន ។
យ៉ាងណាមិញការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ ខាងទីក្រុងឌូបៃបែរជាមានគោលនយោបាយអព្យាក្រិតមួយដ៏គួរឲ្យចាប់អារម្មណ៍ ជាពិសេសរាល់អ្នកវិនិយោគធំៗ ដែលមានបំណងស្វែងរកការពង្រីអាជីវកម្ម ដោយមិនចាំបាច់ចំណាយលើការបង់ពន្ធនោះ នៅក្នុងតំបន់មជ្ឈិមបូព៌ាមួយនេះវាពិតជាកន្លែងដែលសក្តិសមបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ប្រទេសអារ៉ាប់រួម (UAE) នាពេលបច្ចុប្បន្ន បានណែនាំការលើកទឹកចិត្តដល់អ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជា ‘golden visa’ ចាប់តាំងពីឆ្នាំមុនមកម្ល៉េះ ហើយជាលទ្ធផល អ្នកគ្រប់គ្រងទ្រព្យសម្បត្តិលោកខាងលិច រួមទាំងធនាគារឯកជនស្វីស Lombard Odier ក៏កំពុងស្វែងរកការពង្រីកវត្តមានអាជីវកម្មរបស់ពួកគេនៅក្នុងតំបន់មួយនេះថែមទៀតផង។ ជាបឋមការទាញយកលំហូរនៃជនបរទេស និងការកើនឡើងចំនួនប្រជាជននៃបុគ្គលអ្នកមាន វាគឺជារឿងមួយដែលជោគជ័យបំផុត ខណៈដែលគ្រប់បណ្តាលប្រទេសកំពុងតែជួបនូវបញ្ហាសេដ្ឋកិច្ច។ គួររំលឹកថា ដំបូងឡើយនៅក្នុងទ្វីបអាស៊ីដូចជាៈ ហុងកុង និងសិង្ហបុរី វាក៏ធ្លាប់ជាមជ្ឈមណ្ឌលទ្រព្យសម្បត្តិនៅឆ្នេរសមុទ្រដែលពេញនិយមបំផុតសម្រាប់បុគ្គលអ្នកមានដែរ។ តែបច្ចុប្បន្ន រាល់អ្នកដែលមានទ្រព្យសម្បត្តិច្រើនបាននិយាយថា អតិថិជនមួយចំនួននាពេលឥឡូវនេះ កំពុងស្វែងរកការធ្វើពិពិធកម្មទៅក្នុងទីផ្សារផ្សេងមួយទៀត និងដើម្បីទទួលបានឱកាសវិនិយោគថ្មីៗ តួរយ៉ាងដូចជានៅក្នុងឌូបៃ។