ក្រុមហ៊ុនផលិតយន្តហោះដ៏ធំបំផុតនៅក្នុងពិភពលោក ដែលមានឈ្មោះថា Boeing ហើយក៏ជាក្រុមហ៊ុនមួយដែលមានមហាលជនជាច្រើនបានទទួលស្គាល់ថា វាគឺជាក្រុមហ៊ុនដែលបានគិតគូរទៅលើសុវត្តិភាពជាចម្បង។
យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ guardian កាលពីថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ភាគហ៊ុននៅក្នុង ក្រុមហ៊ុន Boeing បានធ្លាក់ចុះ 9% នៅពេលបើកដំណើរការនៅឯ Wall Street ខណៈដែលក្រុមហ៊ុនផលិតផលិតយន្តមួយនេះ ត្រូវបានរង្គោះរង្គើដោយការដាច់បំណែកនៃតួរយន្តហោះ កាលពីថ្ងៃសុក្រ សប្តាហ៍មុន គឺនៅជើងហោះហើរលេខ ១២៨២ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ដែលធំបំផុតនៅក្នុងសហរដ្ឋអាមេរិកគឺ Alaska Airlines ហើយក៏បានចុះចតជាបន្ទាន់នៅឯព្រលានយន្តហោះ Portland ក្នុងរដ្ឋ Oregon ។
ឌុយទ្វារវាគឺជាបន្ទះដែលបំពាក់សម្រាប់ជំនួសទ្វារនាពេលសង្គ្រោះបន្ទាន់ គឺធ្វើឡើងនៅក្នុងកំណែមួយចំនួនដែលបំពាក់ក្នុងយន្តហោះ 737 Max 9 ។ ហើយចំពោះឧប្បតិវហេតុដែលបានកើតឡើងលើយន្ត Boeing 737 MAX-9 វាក៏បានធ្វើឲ្យនិយតកររបស់អាមេរិកបានបញ្ជាឱ្យបញ្ឈប់ជាបណ្តោះអាសន្នរាល់រថយន្ត Max 9 ទាំងអស់ ហើយថែមទាំងត្រូវឲ្យគ្រប់ក្រុមហ៊ុនអាកាសចរណ៍ត្រូវតែ មានអ្នកជំនាញមកត្រួតពិនិត្យយន្តហោះមុនពេលធ្វើដំណើរថែមទៀតផង។
ហេតុដូច្នេះហើយចំពោះការធ្លាក់ចុះនៃភាគហ៊ុនរបស់ក្រុមហ៊ុន Boeing វាត្រូវបានគេមើលឃើញថា គឺដោយសារតែឧប្បត្តិហេតុនាពេលថ្មីៗនេះ ហើយវាក៏បានធ្វើឲ្យមានមនុស្សជាច្រើនបានស្តីបន្ទោសទៅលើអ្នកផ្គត់ផ្គង់ផងដែរ។ ហើយប្រសិនបើសុវត្ថិភាពនៃយន្តហោះរបស់ក្រុមហ៊ុន Boeing នៅតែស្ថិតក្នុងបញ្ហាទៀតនោះ ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Boeing អាចនិងមានបញ្ហាចំពោះមុខតំណែង។