ប្រទេសចិនបានបាញ់គ្រាប់រ៉ុក្កែតនៅក្បែរកោះតៃវ៉ាន់ដើម្បីជាការប្រមាន ខណៈដែលការបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មីនៅកោះមួយនេះនឹងប្រព្រឹត្តិទៅនៅសៅរ៍ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤។
កាលពីថ្ងៃអង្គារ រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានជូនដំណឹងដល់ប្រជាពលរដ្ឋរបស់ខ្លួន អំពីការវាយឆ្មក់តាមអាកាសរបស់ទីក្រុងប៉េងកាំង គឺបន្ទាប់ពីគ្រាប់រ៉ុក្កែតរបស់ចិនដែលផ្ទុកនូវផ្កាយរណបវិទ្យាសាស្ត្របានបាញ់បង្ហោះទៅលើភាគខាងត្បូងនៃកោះតៃវ៉ាន់ក្នុងរយៈកម្ពស់ជាង 500 គីឡូម៉ែត្រ ។
គួរបញ្ជាក់ថា ការបាញ់គ្រាប់រ៉ុក្កែតរបស់ចិន កាលពីយប់ថ្ងៃអង្គារ វាត្រូវបានរដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានចាត់ទុក្ខថា ជាគឺជាការវាយឆ្មក់តាមផ្លូវអាកាសមកលើអធិតេយ្យភាពរបស់តៃវ៉ាន់ រដ្ឋាភិបាលក្នុងទីក្រុងតៃប៉ិបាននិយាយទៀតថា ចេតនារបស់ទីក្រុងប៉េកាំងមកលើទឹកដីខ្លួនម្តងហើយម្តងទៀតបែបនេះ វាមានន័យថា ចិនបានព្យាយាមជ្រៀតជ្រែកក្នុងការបោះឆ្នោតខ្លួន។ ចិនបានប្រើគ្រប់មធ្យោបាយទាំងអស់ មិនថាតាមរយៈយោធា នយោបាយ សេដ្ឋកិច្ច ឬវិធីសាស្ត្រីណាក៏ដោយ គឺចិនតែងតែប្រើ “ល្បិចកខ្វក់” ដើម្បីគម្រាងកំហែងមកលើកោះមួយនេះ។
យ៉ាងណាមិញ បើយោងតាមរយៈការិយាល័យកិច្ចការតៃវ៉ាន់របស់ចិនបាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់ Reuters កាលពីថ្ងៃពុធថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួននាពេលនោះ វាគ្រាន់តែជាការរៀបចំជាប្រចាំឆ្នាំតែប៉ុណ្ណោះ ហើយយើងក៏មិនមានបំណងអ្វីផ្សេងដើម្បីទៅពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតរបស់កោះតៃវ៉ាន់នោះឡើយ។
បើយោងតាមរយៈអ្នកនាំពាក្យរបស់ការិយាល័យកិច្ចការតៃវ៉ាន់របស់ចិន បានបញ្ជាក់ទៀតថា ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបបែបនេះចំនួនពីរថ្ងៃជាប់គ្នា ចាប់តាំងនៅដើមខែធ្នូមកម្ល៉េះ គឺពួកគេបានបាញ់ចេញពីទីតាំងមួយដែលស្ថិតនៅក្បែរប្រទេសម៉ុងហ្គោលី។ ហើយចំពោះយន្តហោះចម្បាំងពីរគ្រឿងផ្សេងទៀត គឺមិនបានហោះហើរលើកោះតៃវ៉ាន់ដែលបង្ករជាការប្រកាសអាសន្នណាមួយនោះទេ។
បើទោះបីជាមានការអះអាងយ៉ាងនេះក្តី តែខាងរដ្ឋមន្ត្រីការបរទេសរបស់កោះតៃវ៉ាន់នៅតែនិយាយទៅកាន់អ្នកសារព័ត៌មានបរទេសតាមរយៈទូរស័ព្ទថា រាល់សកម្មភាពរបស់ចិនដែលបានធ្វើកន្លងមក វាបានបង្ហាញឲ្យយើងដឹងថា ចិនគឺមានបំណងជ្រៀតជ្រែកមកលើកិច្ចការរបស់រដ្ឋាភិបាលកោះតៃវ៉ាន់។
តែទន្ទឹមនឹងនោះខាងក្រសួងការពារជាតិរបស់តៃវ៉ាន់បាននិយាយរៀបរាប់ទៀតថា ប្រទេសចិនតែងតែបាញ់បង្ហោះផ្កាយរណបនៅក្បែរដែនអាកាសរបស់ខ្លួនជានិច្ច បើទោះបីមិនមែនពីលើកោះតៃវ៉ាន់កោះតៃវ៉ាន់ក៏ពិតមែន តែទង្វេលនេះវាហាក់ដូចជាមានចេតនាយ៉ាងច្បាស់ថា ពួកគេចង់គម្រាមកំហែងដល់ប្រជាជនរបស់កោះតៃវ៉ាន់។
ខាងក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយបានបង្ហាញទៀតថា រាល់កម្ទេចកម្ទីគ្រាប់រ៉ុក្កែតវាបានធ្លាក់ទៅលើទឹកដីប្រទេសចិនក៏ដោយ តែបើយើងពិនិត្យមើលគ្រាប់រ៉ុក្កែតដែលពួកគេបានបាញ់នោះ វាហាក់ដូចជាដើរលើផ្លូវមួយដែល “មិនប្រក្រតី”។ យ៉ាងណាមិញចំពោះស្ថានភាពរវាងទីក្រុងប៉េកាំង និងក្រុងតៃប៉ិនៅពេលនេះ វាបានធ្វើឲ្យអ្នកវិភាគនយោបាយជាច្រើនបានយល់ថា បើទោះជាចិនប្រកាសថាខ្លួនមិនមានបំណងដណ្តើមយកទឹកដីតៃវ៉ាន់ក៏ពិតមែន តែច្រកឆ្លងកាត់សមុទ្ររវាងចិន និងតៃវ៉ាន់ វាគង់តែកើតចេញជាជម្លោះដោយចៃដន្យនៅថ្ងៃណាមួយជាមិនខាន។