ភាគខាងលិច និងភាគឦសាននៃសហរដ្ឋអាមេរិក បានរងនូវការវាយប្រហារដោយព្យុះអាកទិក ដែលបណ្តាលឲ្យតំបន់ទាំងពីរនេះមានសីតុណ្ហភាពត្រជាក់ខុសពីធម្មតា នេះបើយោងតាមការចុះផ្សាយរបស់ euronews កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៤។
បើយោងតាមប្រភពដដែលមួយនេះបានឲ្យដឹងទៀតថា ប្រជាជនប្រមាណ ៩៥ លាននាក់នៅទូទាំងប្រទេសបានប្រឈមមុខនឹងការព្រមានអំពីអាកាសធាតុត្រជាក់ខ្លាំងកាលពីថ្ងៃអាទិត្យ ខណៈដែលព្យុះបានបក់បោកមកជាមួយ ខ្យល់ព្រិលក្នុង សីតុណ្ហភាព -១៧ អង្សាសេ។
បើយោងតាមរយៈក្រសួងឧតុនិយមបានព្រមានថា តំបន់មួយចំនួននៃភាគឦសានអាចនឹងមានការធ្លាក់ព្រិលខ្លាំង ព្រមទាំងមានខ្យល់បក់ខ្លាំងរហូតដល់ 89 គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាក៏អាចកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
បច្ចុប្បន្នខាងមន្ត្រី និងអាជ្ញាធរនៃអាកាសយានដ្ឋាននៅទូទាំងប្រទេស បានរាយការណ៍ថា ព្យុះអាក់ទិកបានរំខានដល់ការធ្វើដំណើរតាមផ្លូវអាកាសជាបណ្តើរៗហើយ ព្រោះថាចាប់តាំងពីថ្ងៃអាទិត្យមក អាកាសធាតុក៏ចាប់ផ្តើមត្រជាក់ខ្លាំងខុសពីធម្មតា ហេតុដូច្នេះទើបពួកយើងបង្ខំចិត្តពន្យារពេល ឬក៏អាចឈានដល់ការលុបចោលថែមទៀតផង។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រភពដដែលខាងលើបានសរសេររៀបរាប់ទៀតថា ជើងហោះហើររាប់ពាន់នៅទូទាំងសហរដ្ឋអាមេរិកត្រូវបានលុបចោល ឬពន្យារពេលដោយសារតែព្យុះរដូវរងា Gerri ប្រភពមួយនេះបានឲ្យដឹងទៀតថា ចំពោះការរំខានដោយសារតែព្យុះរងារវាត្រូវបានរំពឹងទុកថា ការហោះហើរអាចត្រូវបានគេពន្យាពេញរហូតដល់មួយសប្តាហ៍។
យ៉ាងណាមិញកាលពីចុងសប្តាហ៍មុន ជើងហោះហើរជាងពាក់កណ្តាលដែលចូល និងចេញពីអាកាសយានដ្ឋានអន្តរជាតិ Buffalo Niagara ក្នុងរដ្ឋញូវយ៉ក វាក៏ត្រូវបានគេលុបចោលដូចគ្នា។ រហូតមកដល់ព្រឹកថ្ងៃច័ន្ទ ជើងហោះហើរជិត 1,500 ត្រូវបានលុបចោល ហើយជិត 500 ជើងផ្សេងទៀតគឺត្រូវបានពន្យារពេល នេះ បើយោងតាមគេហទំព័រស្ថិតិ FlightAware ។
គួរបញ្ជាក់ថា ចំពោះអាកាសយានដ្ឋាន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺ Denver International, Chicago Midway និង Chicago O’Hare ។ ខាងអាជ្ញាធរក្នុងតំបន់បានរាយការណ៍ផងដែរថា នៅទីក្រុងឈីកាហ្គោបានរងការវាយប្រហារដោយព្រិលធ្លាក់ខ្លាំងកាលពីចុងសប្តាហ៍ជាមួយនឹងកម្រិត 17 សង់ទីម៉ែត្រនៅអាកាសយានដ្ឋាន O’Hare ។
ម្យ៉ាងវិញទៀតខាងក្រុមអ្នកជំនាញក៏បានព្រមានថា ភាគខាងកើតរដ្ឋ Pennsylvania និងផ្នែកខ្លះនៃភាគខាងជើងរដ្ឋ New Jersey និង Delaware នឹងរងផលប៉ះពាល់នៃព្យុះព្រិលខ្លាំងជាងគេ។ ប៉ុន្តែបើយើងនិយាយពីផលប៉ះពាល់ជារួមវិញ វាបានធ្វើឲ្យការធ្វើដំណើរតាមផ្លូវអាកាសនៅទូទាំងសហរដ្ឋអាមេរិកបានបិទជាបណ្តោះអាសន្ន គឺរាល់អាកាសយានដ្ឋានអន្តរជាតិតែម្តង ជាឧទាហរណ៍ ដូចជារដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ បានចាប់ផ្តើមបិទការហោះហើរចាប់ពីថ្ងៃទី 16 ខែមករានេះតទៅតែម្តង។